គន្លឺះគ្រប់គ្រងមនុស្សពេលកំពុងខឹង

Image

ជា ការពិត ភាពឆេវឆាវ និងការខឹងក្រេវក្រោធអាចកើតឡើងជាមួយនិងមនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែងដូចជានៅកន្លែងធ្វើការជាមួយនិងចៅហ្វាយនាយ នៅផ្ទះជាមួយនិងម្តាយក្មេក ឬស្វាមីភរិយា និងនៅតាមដងផ្លូវសាធារណៈជាមួយនិងអ្នកបើកបរផ្សេងៗជាដើម ។ ពួកគេស្រែកខ្លាំងៗ មិននិយាយរក ចង់បង្កបញ្ហា បញ្ចេញកាយវិការត្រគោះបោះបោក ឬគំរាមវាយលោកអ្នកជាដើម ។ ទាំងនេះគឺសុទ្ធតែជាកាយវិការដែលបណ្តាលមកពីភាពឆេវឆាវទាំង កំរោល ហើយវាក៏ជាហេតុដែលបណ្តាលឱ្យមនុស្សម្នាក់ៗបាត់បង់នូវសតិ សម្បជញ្ញៈ ខ្វះការពិចារណា និងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លូនឯងបាន ។

តើគួរធ្វើយ៉ាងណាទើបអាចគ្រប់គ្រង់មនុស្សដែលកំពុងតែខឹង ឆេវឆាវទាំងនេះបាន ? ចម្លើយនឹងអាចបកស្រាយបានជាមួយនិងវិធីសាស្ត្រខាងក្រោមនេះ ។

ធ្វើចិត្តឱ្យត្រជាក់ ប្រសិនបើភាគីម្ខាងជាមនុស្សឆេវឆាវទៅហើយ លោកអ្នកត្រូវតែរៀនចេះធ្វើចិត្តខ្លួនឯងឱ្យត្រជាក់ពីព្រោះ ប្រសិនបើអ្នកទាំងពីរសុទ្ធតែឆេវឆាវដូចគ្នា នោះវានឹងបង្កររឿងរឹតតែធំឡើងៗមិនចេះចប់ ។ ជាលទ្ធផលអ្វីក៏លោកអ្នកទទួលមិនបាន ហើយផ្ទុយទៅវិញ លោកអ្នកទទួលបានតែភាពហ្មងសៅក្តៅក្រហាយនៅក្នុងចិត្តឥតប្រយោជន៍ ។ នៅពេលដែលភ្លើងកំពុងតែឆេះ លោកអ្នកត្រូវតែយកទឹកមកពន្លត់មិនមែនយកសាំងទៅចាក់ពីលើនោះទេ ។

ស្វែងរកឫសគល់នៃភាពក្រោធខឹង ជាក់ស្តែង ប្រសិនបើចង់ដោះស្រាយបញ្ហា លោកអ្នកត្រូវតែរកមូលហេតុដែលបង្កបញ្ហានោះជាមុនសិន ។ បន្ទាប់មកលោកអ្នកសាកល្បងយកចិត្តរបស់អ្នកដទៃមកដាក់ក្នុងចិត្ត របស់ខ្លួនឯង ហើយនេះមានន័យថា លោកអ្នកសាកសួរខ្លួនឯងទៅមើលថាតើលោកអ្នកនឹងមានអារម្មណ៍ និងប្រតិកម្មយ៉ាងណាប្រសិនបើរឿងនោះកើតឡើងលើខ្លួនលោកអ្នកវិញ ។ ការធ្វើបែបនេះអាចឱ្យលោកអ្នកមានអារម្មណ៍ត្រជាក់ដើម្បីនឹងរក វិធីមកដោះស្រាយនូវបញ្ហាទាំងនោះ ។

ស្តាប់ ការស្តាប់គឺជាមធ្យោយបាយមួយដែលមានប្រសិទ្ធភាពក្នុងការបង្ក្រាប មនុស្សដែលកំពុងតែខឹងឆេវឆាវ ។ លោកអ្នកគួរគប្បីស្តាប់នូវអ្វីដែលពួកគេនិយាយទោះបីវាពិត ឬមិនពិតយ៉ាងណាក៏ដោយដើម្បីឱ្យពួកគេបញ្ចេញនូវអារម្មណ៍ដែលឆេវ ឆាវនោះចេញមកក្រៅឱ្យអស់ ហើយលោកអ្នកត្រូវបង្ហាញថា លោកអ្នកពិតជាយកចិត្តទុកដាក់ស្តាប់នូវអ្វីដែលពួកគេកំពុង និយាយនោះពិតប្រាកដមែន ។ ជាលទ្ធផល កំហឹងរបស់ពួកគេនឹងកាត់បន្ថយពីព្រោះជាធម្មតាមនុស្សយើងតែងតែ មានអារម្មណ៍រីករាយនៅពេលដែលអ្នកដទៃយកចិត្តទុកដាក់ស្តាប់នូវ អ្វីដែលខ្លួននិយាយ ។

ទុកឱ្យពេលវេលាជាអ្នកព្យាបាល ភាពក្រេវក្រោធមួយពេលអាចបណ្តាលឱ្យមនុស្សគិតមិនបានវែងឆ្ងាយ ហើយប្រព្រឹត្តនូវរឿងអ្វីមួយដែលមិនគួរធ្វើ ។ ដូចនេះ វិធីដែលល្អបំផុតលោកអ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្សដែលកំពុងខឹង ដើម្បីជៀសវាងកុំឱ្យគេជះកំហឹងដាក់ខ្លួនរបស់លោកអ្នក ។ ការធ្វើបែបនេះមិនមែនមានន័យថា លោកអ្នកជាមនុស្សដែលគេចពីបញ្ហានោះទេ ប៉ុន្តែលោកអ្នកត្រូវចាំថា ពេលខ្លះបញ្ហាមួយចំនួនត្រូវការពេលវេលាទើបអាចដោះស្រាយបាន ។ ហេតុនេះ ទុកឱ្យពេលវេលាជាអ្នកជួយរំងាប់នូវអារម្មណ៍ឆេវឆាវនោះ ។ នៅពេលដែលភាពឆេវឆាវចេញផុត រឿងអ្វីក៏អាចដោះស្រាយបានដែរ ។

ប្តូរប្រធានបទ ជាធម្មតាមនុស្សដែលកំពុងតែខឹងតែងតែនិយាយអ្វីដែលៗដោយ សារតែពួកគេគិតថា លោកអ្នកមិនយល់នូវអ្វីដែលពួកគេកំពុងនិយាយ ។ ហេតុដូចនេះ លោកអ្នកគួរតែរកវិធីដើម្បីបញ្ឈប់នូវភាពច្រំដែលទាំងនេះដោយ ប្រាប់ពួកគេថា “លោកអ្នកយល់នូវអ្វីដែលពួកគេកំពុងនិយាយហើយ” ។ បន្ទាប់មកលោកអ្នកត្រូវចាប់ផ្តើមនិយាយពីប្រធានបទមួយផ្សេងទៀត ដោយសន្សឹមៗពីព្រោះប្រសិនបើលោកអ្នកចាប់ផ្តើមប្តូរនូវប្រធានមួយ ផ្សេងទៀតដោយប្រយោល ឬភ្លាមៗនោះ វានឹងអាចធ្វើឱ្យពួកគេខឹងសារជាថ្មីម្តងទៀតដោយគិតថា លោកអ្នកគ្រាន់តែឆ្លើយថា យល់ឱ្យតែរួចពីមាត់ប៉ុណ្ណោះ ។

បោះបង់ចោល ប្រាកដណាស់ ពេលខ្លះទោះបីជាលោកអ្នកព្យាយាមខំប្រឹងបកស្រាយ និងលើកហេតុផលមកបញ្ជាក់យ៉ាងណា ក៏ពួកគេនៅតែខឹងនឹងលោកអ្នកដដែល ។ ដូច្នេះមធ្យោយបាយដ៏ល្អនោះគឺបោះបង់ចោលអ្វីក៏មិនបាច់ធ្វើពី ព្រោះពេលខ្លះវាមិនប្រាកដថា លោកអ្នកជាមូលហេតុដែលបណ្តាលឱ្យពួកគេខឹងទាំងស្រុងនោះទេ ឬបើយកល្អ លោកអ្នកគួរតែទុកឱ្យពេលវេលាជាអ្នករំងាប់អារម្មណ៍ខឹងរបស់ពួក គេដូចដែលបានពិពណ៌នាខាងលើ ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s