ទស្សនៈមន្ត្រីខ្មែរចំពោះជោគជ័យរបស់ Barack Obama

ស្របពេលដែលលោក Barack Obama ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខ្មែរ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំង រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាបានសម្ដែង ការអបអរសាទរ ហើយថា លោក Barack Obama នឹងនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ក្នុងនយោបាយរបស់សហរដ្ឋអាមេរិក នយោបាយពិភពលោក និងនយោបាយរបស់កម្ពុជា។Image

លោក Barack Obama និងក្រុមគ្រួសារ ស្វាគមន៍អ្នកគាំទ្រ នៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក នាថ្ងៃទី៥ វិច្ឆិកា ២០០៨។

ប្រធានគណបក្សសិទ្ធិមនុស្សគឺលោក កឹម សុខា ដែលលោកធ្លាប់ប្រើវោហាសាស្ត្រឲ្យមានផ្លាស់ប្តូរនៅកម្ពុជា ដូចដែលលោក Barack Obama (បារ៉ាក់ អូបាម៉ា) ទាមទារឲ្យមានការផ្លាស់ប្តូរនៅសហរដ្ឋអាមេរិកនោះ លោកបានថ្លែងចំពោះជោគជ័យរបស់លោក Barack Obama យ៉ាងដូច្នេះថា ៖ «នេះ ជាការបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋអាមេរិកគេមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយគេមានសំណាង អ្វីដែលគេចង់ផ្លាស់ប្ដូរ គេបានប្ដូរ។ ឃើញលោក អូបាម៉ា សារនយោបាយរបស់គាត់គឺប្ដូរ ឥឡូវនេះគេប្ដូរបាន គឺគេធ្វើបានទាំងអស់ ដោយសារប្រជាពលរដ្ឋគេមានការយល់ដឹង ហើយដោយសាររបបគ្រប់គ្រងរបស់គេជារបបមួយដែលប្រជាធិបតេយ្យពិតប្រាកដ ឲ្យអំណាចទៅប្រជារាស្រ្ដ។ ហើយការដូរបាននេះគឺដោយសារការបោះឆ្នោតគេដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តែអភ័ព្វប្រជាពលរដ្ឋខ្មែរចង់ប្ដូរដែរតែដូរមិនបាន។ ខ្ញុំសូមសរសើរដល់ប្រជាពលរដ្ឋអាមេរិកដែលបានជោគជ័យក្នុង ការផ្លាស់ប្ដូរតាមប្រាថ្នារបស់គេ»។

ជាមួយគ្នានេះ លោក កឹម សុខា ដែលគណបក្សសិទ្ធិមនុស្សរបស់លោកមានបីសំឡេងនៅក្នុងសភាជាតិខ្មែរ នោះក៏បានថ្លែងឲ្យរដ្ឋាការថ្មីរបស់លោក Barack Obama ជួយ កែទម្រង់នីតិរដ្ឋនៅកម្ពុជាផងដែរ។

លោក កឹម សុខា បានមានប្រសាសន៍ថា ៖ «កាលណាសហរដ្ឋអាមេរិកគ្រាន់តែមកដាក់ទូត ឬក៏មកសហប្រតិបត្តិការចំណងមិត្តភាពដោយគ្មាននីតិរដ្ឋទេ ទុកអំណាចនៅលើបុគ្គលដដែល ប្រជាពលរដ្ឋអត់អំណាច គឺសហរដ្ឋអាមេរិកនឹងបាក់មុខចំពោះប្រជាពលរដ្ឋខ្មែរ ឬក៏អស់ជំនឿរបស់ប្រជាពលរដ្ឋខ្មែរលើនយោបាយអាមេរិក ប៉ុន្តែខ្ញុំជឿថា លោក អូបាម៉ា នឹងផ្លាស់ប្ដូរនយោបាយនេះ»។

ចំណែកឯលោកតំណាងរាស្ត្រ សុន ឆ័យ ជាសមាជិកនៃគណបក្សសមរង្ស៊ីក៏បានថ្លែងដែរថា ការដែលលោក Barack Obama បានជាប់ឆ្នោតជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិកនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោក។

លោក សុន ឆ័យ បានបញ្ជាក់ថា ៖ «ពីព្រោះយើងឃើញថា អ្វីដែលលោក អូបាម៉ា ទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះធ្វើឲ្យមានការសប្បាយរីករាយពេញ ពិភពលោក ព្រោះគេមានជំនឿថា លោក អូបាម៉ា នឹងនាំមកនូវស្ថានភាពប្រសើរមួយក្នុងពិភពលោក ហើយនិងជួយទៅដល់ការបញ្ចប់នូវភាពរើសអើងចំពោះមនុស្សជាតិ»។

ក៏ប៉ុន្តែលោកតំណាងរាស្ត្រ សុន ឆ័យ ដែលជាមន្ត្រីបក្សប្រឆាំងក្នុងសភាធំជាងគេនោះថ្លែងថា នយោបាយរបស់កម្ពុជានឹងមានការផ្លាស់ប្តូរច្រើនជាងនេះ ប្រសិនបើលោកព្រឹទ្ធសមាជិកសភាអាមរិក គឺលោក John McCann ដែលជាគូប្រជែងរបស់លោក Barack Obama បានជាប់ឆ្នោតវិញនោះ។

លោក សុន ឆ័យ បានឲ្យដឹងថា ៖ «សម្រាប់ប្រទេសកម្ពុជា ប្រហែលជាលោក McCann ឈ្នះឆ្នោត អាចនឹងមានការគិតគូរទៅដល់លទ្ធិប្រជាធិបតេយ្យច្រើនជាងលោក អូបាម៉ា»។

សម្រាប់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាវិញ លោកក៏បានថ្លែងអបអរសាទរចំពោះលោក Barack Obama ដែលត្រូវពលរដ្ឋអាមេរិកបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីនោះ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍អំពីនយោបាយសហរដ្ឋអាមេរិកយ៉ាងដូច្នេះថា ៖ «តាំង ពីមុនបោះឆ្នោតយើងបាននិយាយថា ការបោះឆ្នោតនេះជាការបោះឆ្នោតផ្លាស់ប្ដូរ ដោយសារថានៅក្នុងគណបក្សប្រជាធិបតេយ្យមានបេក្ខជនប្រធានាធិបតីជា មនុស្សមិនមែនស ប៉ុន្តែក្នុងគណបក្សសាធារណរដ្ឋមានអនុប្រធានាធិបតីជានារី។ យើងសង្ឃឹមថា ដោយសារទីមួយរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអាមេរិក យើងបានសហការល្អណាស់ អ៊ីចឹងយើងសង្ឃឹមថានឹងបន្តការងារទៀត។ ទី២ យើងសង្ឃឹមថា ពេលដែលលោក អូបាម៉ា ជាប្រធានាធិបតីហើយ នឹងកែប្រែរូបភាពរបស់អាមេរិកឲ្យមានវិជ្ជមានជាងមុននៅក្នុងទំនាក់ ទំនងអន្តរជាតិ»។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ដែលជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតភាគច្រើនក្នុងរដ្ឋសភា និងដឹកនាំរដ្ឋាភិបាលខ្មែរអាណត្តិទី៤នេះផង ក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបន្តកិច្ចសហការល្អជាមួយប្រទេស កម្ពុជាទាំងវិស័យនយោបាយនិងសេដ្ឋកិច្ច។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «យើងគិតថា កម្ពុជាជាប្រទេសមួយដែលបានរក្សាស្តង់ដារពលកម្មល្អបំផុត អ៊ីចឹងទោះជាគណបក្សប្រជាធិបតេយ្យដែលតែងតែមានគោលនយោបាយគាំពារ បានន័យថាគាត់មិនសូវចង់ទិញអីវ៉ាន់ពីក្រៅទេ គាត់ចង់បង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុក ប៉ុន្តែប្រទេសកម្ពុជាជាប្រទេសដែលតាមស្តង់ដារអង្គការពលកម្ម អន្តរជាតិ ជាប្រទេសមានស្តង់ដារខ្ពស់បំផុតនោះ គឺនឹងបន្តទទួលទិញទំនិញពីកម្ពុជា»។

ចំណែកឯមន្ត្រីអង្គការសង្គមស៊ីវិលគឺលោក សុក សំអឿន ដែលជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាក៏បាន ថ្លែងសង្ឃឹមទុកជាមុនថា លោក Barack Obama នឹងជួយកែលម្អដំណើរការលទ្ធិប្រជាធិបតេយ្យដ៏នៅក្មេងខ្ចីនៅ កម្ពុជា។

លោក សុក សំអឿន បានមានប្រសាសន៍ថា ៖ «ទីមួយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺអត់ទាន់រឹងមាំ អត់ទាន់មានស្ថិរភាព ហើយទី២ មិនទាន់ពេញលេញ ដែលហៅថាលទ្ធិប្រជាធិបតេយ្យសេរីនៅឡើយទេ។ ដូច្នេះខ្ញុំជឿថា សហរដ្ឋអាមេរិកនឹងជួយធ្វើឲ្យលទ្ធិប្រជាធិបតេយ្យសេរីនៅកម្ពុជា ហ្នឹងមានពិតប្រាកដ»។

ភ្លាមៗនៅក្រោយការជាប់ឆ្នោត លោក Barack Obama បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រហើយដែលការថ្លែងនោះត្រូវបានផ្សាយ ផ្ទាល់តាមរយៈទូរទស្សន៍ CNN ដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ “ចំពោះជនអាមេរិកាំងទាំងឡាយណាដែលខ្ញុំមិនទាន់ធ្វើឲ្យជឿ ខ្ញុំបានដឹងច្បាស់និងឮនូវសេចក្ដីត្រូវការរបស់អ្នក ដូច្នេះនៅពេលដែលខ្ញុំក្លាយជាប្រធានាធិបតីរបស់អ្នក ខ្ញុំត្រូវការកិច្ចគាំទ្រពីអ្នក។ ហើយចំពោះជនទាំងឡាយណាដែលបានមើលឃើញនូវយប់នេះពីទីកន្លែងនានានៅ លើសកលលោក ពីសភា ពីទីវិមាននានា ហើយចំពោះអ្នកទាំងឡាយដែលប្រមូលផ្ដុំគ្នាស្ដាប់វិទ្យុនៅតាមទី កន្លែងដែលគេមិនបាននឹកនាទៅដល់ រឿងរ៉ាវទាំងអស់របស់យើង គឺមានច្រកតែមួយគត់ដែលគ្មានអ្វីប្រៀបប្រដូចបានទេ ប៉ុន្តែជោគវាសនារបស់យើង គឺយើងត្រូវដោះស្រាយរួមគ្នា។ នេះមានន័យថា ការដឹកនាំថ្មីរបស់សហរដ្ឋអាមេរិកបានស្ថិតនៅក្នុងដៃរបស់យើងហើយ”។

ការជាប់ឆ្នោតថ្មីហើយការឈានចូលទៅកាន់តំណែងជាប្រធានាធិបតីនៅឯ សេតវិមាន ឬ White House នាពេលដ៏ឆាប់ខាងមុខនេះ លោក Barack Obama ត្រូវបានពលរដ្ឋអាមេរិកចាត់ទុកថា លោកគឺជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅដ៏ល្បីល្បាញមួយរូបដែលធ្វើឲ្យ មានការផ្លាស់ប្តូរក្នុងប្រវត្តិសាស្ត្រនយោបាយសហរដ្ឋអាមេរិកក្នុង យុគសម័យថ្មីនេះ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s