ធ្វើម៉េចទើបល្បីដូច Mikasa?

ការធ្វើជំនួញឬប្រកបរបរអ្វីមួយអាចជោគជ័យទៅបានគឺ អាស្រ័យលើឆន្ទៈការតស៊ូនិងឧបនិស្ស័យពីកំណើតដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់មិនអាចខ្វះបាន ទើបសម្រេចដល់គោលដៅក្នុងជីវិត។  អ្នកស្រី ចាន់ ស្រីណុចកាលពីកុមារភាពជាក្មេងស្រីម្នាក់មានមហិច្ឆតាក្នុងការងារ មិនពឹងពាក់លើអ្នកដទៃហើយជាក្មេងស្រីម្នាក់មានការទទួល ខុសត្រូវខ្ពស់ចំពោះខ្លួនឯងនិងការងារ។

មកដល់ពេលនេះ ចាន់ ស្រីណុចមិនមែនជាក្មេងស្រីសាមញ្ញាដូចមុនទៀតទេ គឺបានក្លាយជា ម្ចាស់ហាងដ៏ល្បីឈ្មោះម្នាក់នៅរាជធានីភ្នំពេញនិងកំពុងពង្រីក សក្តានុពលនិងជោគជ័យយ៉ាងខ្លំាងក្នុងអាជីវកម្មកែសម្ផស្ស និងអ៊ុតសក់ ឈ្មោះថា  មីកាសា ។ តើថៅកែហាងខាងលើនេះធ្វើដូចម្តេច ដើម្បីឲ្យជំនួញមានកេរ្តិ៏ឈ្មោះល្បីល្បាញដល់សព្វថ្ងៃ និងស្ថិតស្ថេរទៅបាន?Image

ក្មេង ស្រីម្នាក់ ដែលមាននិស្ស័យចង់ចេះចង់បាន ចេះរកប្រាក់តាំងពីអាយុ ៥ ឆ្នាំ ឥឡូវនេះបានក្លាយខ្លួនជាម្ចាស់ហាងកែសម្ផស្សមួយកន្លែងដែលត្រូវ បានគេស្គាល់ និងនិយាយសរសើរពីមាត់ទៅមាត់មួយក្នុងចំណោមមនុស្សស្ទើរគ្រប់ ស្រទាប់ ជាពិសេស អ្នកសិល្បៈ។ អ្នកនាងស្រីណុច ឬគេហៅថា ” បងមីកាសា” រៀបរាប់ប្រាប់ Sabay ថា អ្នកនាងមានស្រុកកំណើតនៅខេត្តសៀមរាប ឪពុកធ្វើជាទាហាន និងម្ដាយជាអ្នកប្រកបរបរអាជីវកម្មធំដុំម្នាក់។

“ត្បិតឪពុកម្ដាយខ្ញុំជាអ្នកដែលមានជីវភាពគ្រាន់បើ តែខ្ញុំមាននិស្ស័យមិនសូវចូលចិត្តចាយលុយគាត់ទេ…ចូលចិត្តណាស់ បេះនេះ បេះនោះយកទៅលក់ ឬយកនំទៅលក់ក្នុងថ្នាក់…បានប្រាក់គ្រាន់ចាយ”។ អ្នកនាង ស្រី ណុច បញ្ជាក់ពីចំណង់ចំណូលចិត្តខ្លួនដែលមាននិស្ស័យជាអ្នកចេះរកប្រាក់ តាំងពីតូច។

ក្រុមគ្រួសាររបស់អ្នកនាង តែងប្រាថ្នាឲ្យកូនស្រីម្នាក់នេះរៀនសូត្របានជ្រៅជ្រះ និងអាចរកការងារល្អមួយទៅថ្ងៃអនាគត ដោយបានផ្លាស់លំនៅមកកាន់រាជធានីភ្នំពេញតាំងពីអ្នកនាងស្រីណុច មានអាយុ៥ឆ្នាំ និងថែមទាំងបានផ្គត់ផ្គង់ការសិក្សានាងរហូតដល់បញ្ចប់ថ្នាក់មហា វិទ្យាល័យជំនាញភាសាអង់គ្លេស ។

ម្ចាស់ហាងរូបនេះ បានបន្តប្រាប់ពីនិស្ស័យរបស់ខ្លួនថា “ខ្ញុំមិនដែលទុកពេលទំនេរម្ដងណាទេ ខ្ញុំរកការងារបានធ្វើតាំងពីឆ្នាំទីមួយ ព្រោះខ្ញុំគិតថាបើមិនចាំបាច់គឺមិនចង់ចាយលុយម៉ាក់ប៉ា ទេ”។
ទន្ទឹមនឹងភាពឆ្លាតវាងវៃ មាននិស្ស័យជាអ្នករកស៊ី នាងក៏ចូលចិត្តភាពស្អាតបាត ចូលចិត្តតែងខ្លួនដែរ។ “ចូលចិត្តស្អាតណាស់ ហើយចូលចិត្តតែងខ្លួនឲ្យគេ…ទំនេរៗ ខ្ញុំតែងខ្លួនឲ្យមិត្តភ័ក្ដិស្អាតទាំងអស់”។ នាងបញ្ជាក់។

ដោយមាននិស្ស័យជាអ្នកចូលចិត្តតែងខ្លួន ចូលចិត្តស្អាតទើបធ្វើឲ្យ ស្រីណុចសម្រេចចិត្តចាប់អាជីពមួយនេះ។Image

ទោះបីជាក្រុមគ្រួសារមិនសូវពេញចិត្តនឹងការសម្រេចចិត្តនេះ តែនាងប្រាកដថានាងនឹងសប្បាយចិត្តនឹងធ្វើវា ព្រោះជាចំណង់ចំណូលចិត្តរបស់នាង។
ចាន់ ស្រីណុច លើកឡើងថា នាងតែងតែ[ឆ្លៀតពេលទៅរៀនវិជ្ជាបន្ថែមផ្នែកកែសម្ផស្សនៅតាមផ្សារ និងហាង]ដែលស្គាល់។ ភាពឈ្លាសវៃរបស់នាង ទម្លាប់ចង់ដឹង ភាពរហ័សរហួន ការយកចិត្តទុកដាក់ កាន់តែធ្វើឲ្យនាងស្រលាញ់ជំនាញនេះ និងប្រាថ្នាចង់បើកអាជីវកម្មមួយនេះទៅថ្ងៃអនាគតឲ្យទាល់តែបាន។

ក្រោយពេលបញ្ចប់បរិញ្ញាបត្រ នាងបានរៀបអាពាហ៍ពិពាហ៍ ហើយនាងក៏បានចាប់ផ្ដើមបើកអាជីវកម្មហាងអ៊ុត សក់ តូចមួយនៅក្នុងផ្សារចាស់បន្ទាប់ពីរៀនជំនាញនេះរយៈពេល៦ខែមក។
“កាលហ្នឹងរៀនផង សុំស៊ីឈ្នួលគេយកបទពិសោធន៍ផង…”

ការដែលនាងបើកហាងនេះ គឺពឹងផ្អែកលើប្រាក់ដែលជាកម្លាំងញើសឈាមនាងប្រឹងប្រែង ដោយមិនបានពឹងលើប្រាក់ពីក្រុមគ្រួសារទេ។ “អស់ដើមទុនតិចទេ ព្រោះខ្ញុំបើកគ្រាន់តែជាលក្ខណៈគ្រួសារ និងមិនចង់ទុកពេលទំនេរប៉ុណ្ណោះ ហើយក៏មិនទាន់គិតថាចង់រកប្រាក់ឲ្យបានច្រើនពីមុខរបរនេះដែរ”។

ចំពោះឧបសគ្គក្នុងរបរនៅពេលចាប់ផ្ដើមការងារនេះ ចាន់ ស្រីណុច និយាយថា ដោយហេតុតែស្រលាញ់ ខំតាំងចិត្តនិងតស៊ូ គឺយើងអាចធ្វើបាន។ ក្រៅពីរៀនជាមួយគ្រូនៅប្រទេសកម្ពុជា ម្ចាស់ហាងរូបនេះ បានទៅសិក្សាយកជំនាញ ដកបទពិសោធន៍ ពីអ្នកជំនាញនៅបណ្ដាប្រទេសជាច្រើនដូចជា ថៃ វៀតណាម ជប៉ុន និងបណ្ដាប្រទេសជាច្រើនទៀត។Image

នាងរៀបរាប់បន្ថែមពីការលំបាកថា ការទៅរៀននៅស្រុកគេ ដោយមិនចេះភាសា ពិតជាជួបការលំបាកច្រើន។ “ខ្ញុំទៅដំបូង ពិបាកនិយាយគ្នាណាស់ ចេះតែធ្វើ តែដល់ពេលគេឃើញយើងឆ្លាត មានជំនាញ គេទទួលស្គាល់និងសរសើរយើងដែរ”។

វិជ្ជាជីវៈកែសម្ផស្ស តុបតែង របស់អ្នកនាង ចាន់ ស្រីណុច កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតនាងហ៊ានបើកអាជីវកម្មនេះនៅផ្ទះរបស់នាងផ្ទាល់ដែលមានលក្ខណៈ ធំជាងនៅក្នុងផ្សារចាស់។

“ខ្ញុំនឹកឃើញថា មានតែរបរនេះទេដែលខ្ញុំស្រលាញ់ អាចធ្វើឲ្យខ្ញុំមានពេលទំនេរនៅផ្ទះ មើលកូន រៀបចំផ្ទះ ហើយបានស្អាតទៀត…”។ នាងបញ្ជាក់។

ការខំប្រឹងប្រែងសង្វាតរៀនបន្ថែម ឆ្លៀតពេលទៅសិក្សាបទពិសោធន៍នៅក្រៅប្រទេសជាច្រើនសា បានធ្វើឲ្យនាងកាន់តែមានភាពជឿជាក់ក្នុងការផ្ដល់សេវាកម្មដល់ អតិថិជនរបស់ខ្លួន រហូត ម្ចាស់ហាងរូបនេះ បានបើកហាងជាលក្ខណៈធំដូចសព្វថ្ងៃនេះ។

តើអ្នកមានវិធីសាស្ត្របែបណាខ្លះក្នុងការគ្រប់គ្រងអាជីវកម្មនេះឲ្យដំណើរការណ៍ទៅបានប្រសើរបែបនេះ?

“សំខាន់អ្វីដែលអាចធ្វើឲ្យខ្ញុំមានថ្ងៃនេះ គឺអតិថិជន។ ខ្ញុំមានមុខមាត់ បានល្បីឈ្មោះបែបនេះគឺដោយសារមាត់អតិថិជន”។ នេះជាការរៀបរាប់របស់អ្នកស្រី ចាន់ ស្រីណុច ម្ចាស់ហាង មីកាសា និយាយទាំងទឹកមុខជឿជាក់។ នាងបានពន្យល់ថា កាលណាដែលសេវាកម្មល្អ នោះអ្នកដែលទទួលសេវាកម្មនឹងយកទៅនិយាយផ្សាយតគ្នាលឿនជាទីបំផុត។

ម្ចាស់ហាងវ័យល្បាក់សែ តែសម្រស់មិនចាញ់អ្នកអាយុ២០រូបនេះ ប្រាប់ទៀតថានាងតែងតែចាត់ទុកអតិថិជនសំខាន់ និងសំខាន់ដូចគ្នាដោយការផ្ដល់សេវាកម្មយកចិត្តទុកដាក់ជានិច្ច គឺម៉ត់ចត់មិនខ្ជីខ្ជា។

ក្នុងនាមជាអ្នកគ្រប់គ្រងហាងដែលមានបុគ្គលិករហូតទៅដល់ជាង១០០ នាក់ គឺមិនមែនជាការងាយស្រួលឡើយ។ សម្រាប់ការងារគ្រប់គ្រងធនធានមនុស្ស នាងនិយាយថា “គេទាំងអស់យល់ពីខ្ញុំ ខ្ញុំមិនសូវមានពេលទៅអប់រំរហូតទេ…តែវិធីសាស្ត្ររបស់ខ្ញុំគឺ ខ្ញុំនិយាយលួងពួកគាត់ ខ្ញុំគិតថាបានផលជាទីបំផុត…”។ ស្រីណុចបានបន្តថា បុគ្គលិកច្រើននាក់ណាស់ ហើយភាគច្រើននៃអ្នកទាំងនោះ មិនសូវបានរៀនសូត្រជ្រៅជ្រះទេ ដែលជាកត្តាធ្វើឲ្យនាងពិបាកក្នុងការនិយាយអប់រំ និងគ្រប់គ្រងដែរ។

លើសពីនេះផងដែរ អ្នកនាងបានថ្លែងថា នាងមានការជឿជាក់ថា ធ្វើជាអ្នកគ្រប់គ្រងគេបានល្អលុះត្រាតែយើងមានសមត្ថភាព “យើងអាចប្រើគេបានទាល់តែយើងចេះធ្វើការងារហ្នឹងដែរ”។ ខ្ញុំពន្យល់ក្មេងៗទាំងនោះពីការផ្ដល់សេវាកម្មនេះ ព្រោះពួកគាត់ត្រូវជួបភ្ញៀវរាល់ថ្ងៃ…ហើយជោគជ័យឬបរាជ័យគឺខ្ញុំជា អ្នកទទួលខុសត្រូវទាំងស្រុង”។

សេវាកម្មដែលមីកាសា តែងតែផ្ដល់ឲ្យអតិថិជន គឺធ្វើលឿន ហើយស្អាតរួមជាមួយការតុបតែងម៉ូដសក់ ផាត់មុខ ប្លែក ស្រស់ស្អាតប្រកបដោយការឆ្នៃប្រឌិតទៅតាមទម្រង់មុខ និងការពេញចិត្តរបស់អតិថិជនគ្រប់ៗរូប ។ ដោយសារតែភាពប៉ិនប្រសពក្នុងវិជ្ជាជីវៈនេះ បានធ្វើឲ្យអតិថិជនជាច្រើនបានតម្រង់សម្រុកទៅកាន់ហាងមួយនេះ តាំងពីព្រឹកដល់ម៉ោង ៩ ឬ១០ យប់ មិនមានទំនេរទេ។ ចំពោះបញ្ហានេះ ម្ចាស់ហាងមីកាសា ក៏ត្រូវប្រឈមដែរ ដោយសារមានពេលខ្លះ ភ្ញៀវមករកសេវាកម្មក្នុងពេលតែមួយច្រើនគ្នាពេក នាំឲ្យមិនទាន់។Image

“ខ្ញុំ កូនចៅខ្ញុំដូចគ្នា គឺមិនដែលស្រវាឲ្យបានភ្ញៀវច្រើនដោយធ្វើការខ្ជីខ្ជាចំពោះភ្ញៀវ ណាមួយឡើយ…អ្នកណាមកមុន ធ្វើឲ្យមុន ហើយបើធ្វើមិនទាន់ត្រូវប្រាប់គេ។ ត្រង់ចំណុចនេះ ក៏ធ្វើឲ្យអតិថិជនមួយចំនួនមិនសប្បាយចិត្តដែរ ព្រោះយើងមិនអាចផ្ដល់សេវាកម្មដល់ពួកគាត់បានគ្រប់គ្នា ធ្វើម៉េចបើយើងមានតែដៃពីរ យើងមិនអាចទ្រមេឃទាំងអស់បានទេ…”។

ទោះបីជាតម្លៃខ្ពស់គួរសម ក៏ពិតមែនតែមីកាសា នៅតែអាចឈរលំដាប់ថ្នាក់កំពូលក្នុងចំណោមហាងដែលមានឈ្មោះល្បីៗ។ លើសពីនេះ អ្វីដែលគួរភ្ញាក់ផ្អើលនោះគឺ ភាគច្រើននៃអតិថិជនរបស់មីកាសា សុទ្ធតែជាអ្សិល្បករ សិល្បការិនីល្បីៗ។ នេះអាចសបញ្ជាក់ឲ្យឃើញពីសេវាកម្មអាចទុកចិត្តបាន ដែល មីកាសា អាចផ្ដល់ឲ្យអ្នកទាំងនោះ។

មកទល់ពេលនេះ អ្នកនាង ចាន់ ស្រីណុច បានទទួលសញ្ញាប័ត្រទាក់ទងវិជ្ជាជីវៈមួយនេះរហូតទៅដល់ជាង១០ដប់ទៅ ហើយ ដែលមានសញ្ញាប័ត្រពីប្រទេសថៃ វៀតណាម អាមេរិក ជប៉ុន និងជាច្រើនទៀតដែលទាំងអស់នេះបានរួមចំណែកធ្វើឲ្យអ្នកនាងកាន់តែ ទទួលបានជោគជ័យពីមួយថ្ងៃ ទៅមួយថ្ងៃ។

ចំពោះតម្លៃ គឺនាងគិតថាមិនមែនជាបញ្ហារារាំងអតិថិជនទេ ផ្ទុយទៅវិញនាងយល់ថាឲ្យតែសេវាកម្មល្អ ម៉ត់ចត់ ចេះច្បាស់ មានជំនាញពិតប្រាកដមែនគឺមិនខ្វះអតិថិជនចូលមកទេ។ “សំខាន់ណាស់ធ្វើឲ្យគេស្អាត មិនងាយទេ ព្រោះចំណង់ចំណូលចិត្តផ្សេងៗគ្នា ពិបាកតម្រូវ”។
អស់រយៈពេលជាង១០ឆ្នាំ មកហើយដែលមីកាសាត្រូវបានគេទទួលស្គាល់ច្រើន និងកម្រមានអតិថិជនតវ៉ា ប្ដឹងផ្ដល់មិនពេញចិត្តចំពោះសេវាកម្មរបស់ខ្លួនណាស់។ អ្នកនាង បានអះអាងថា “កន្លែងគេខ្ញុំមិនដឹងទេ តែនៅទីនេះ អាចដើរសួរគេបាន គឺមិនសូវដែលមានភ្ញៀវណាតវ៉ា ទេ ក្នុង១០០នាក់មាន១នាក់ប៉ុណ្ណោះ…ដូចខ្ញុំនិយាយអីចឹងសំខាន់ គឺយើងមានជំនាញច្បាស់លាស់ យើងធ្វើឲ្យគេស្អាត…”។

ដើម្បីគ្រប់គ្រងអតិថិជនឲ្យបានគង់វង្សបែបនេះបាន អ្នកនាងបង្ហាញថា ក្រៅពីរក្សាគុណភាពសេវាកម្មរបស់ខ្លួនហើយនោះ ត្រូវតែសិក្សាពីចិត្តអតិថិជន ហើយលួងលោមក្នុងករណីដែលពួកគាត់មានការអាក់អន់ចិត្ត ដូចជាក្នុងករណីដែលមានភ្ញៀវច្រើន ត្រូវចេះនិយាយឲ្យគាត់រង់ចាំដោយពេញចិត្ត។

“ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកដល់ថ្ងៃនេះ …ខ្ញុំបានធ្វើអ្វីដែលខ្ញុំស្រលាញ់ ខ្ញុំបានផ្ដល់ការងារ ឲ្យមនុស្សជាច្រើននាក់ទៀត”។ អ្នកស្រីម្ចាស់ហាងរៀបរាប់។

ក្រៅពីផ្ដល់សេវាកម្មដល់អតិថិជន ផ្នែកកែសម្ផស្សនេះ ហាងមីកាសា ក៏បានបើកសាលាបណ្ដុះបណ្ដាលជំនាញកែសម្ផស្សនេះដល់យុវវ័យជំនាន់ ក្រោយដែរ។ នាងមានជំនឿថា ការងារ ឬជំនាញជាអ្នកកែសម្ផស្សនេះ គឺជាការងារល្អប្រសើរជាពិសេសសម្រាប់ នារីដែលមិនមានលទ្ធភាពសិក្សា ឬមិនមាននិស្ស័យខាងការសិក្សា។ “ស្រីៗល្អ ដែលគាត់មានជំនាញកែសម្ផស្សនេះ…គាត់ចេះតែងកាយ ចេះរៀបចំខ្លួន ហើយបុរសៗក៏ចូលចិត្តនារីដែលមានជំនាញច្បាស់លាស់បែបនេះដែរ”។

អ្នកនាង ចាន់ ស្រីណុច បានឲ្យដឹងថា មកដល់សព្វថ្ងៃ មានយុវវ័យជាច្រើនមានជំនាញ អាជីព ឬប្រកបមុខរបរជាជាងអ៊ុត សក់ និងកែសម្ផស្សជាច្រើនពាន់នាក់ក្រោយពេលដែលអ្នកទាំងនោះបានមក សិក្សានៅសាលាបង្រៀនមីកាសានេះ។ នេះជាមោទនភាពមួយសម្រាប់ខ្លួនអ្នកនាង ដែលបានផ្ដល់ឱកាសឲ្យអ្នកឯទៀតមានការងារធ្វើ។

ជាការចែករំលែកដល់យុវវ័យជំនាន់ក្រោយ អ្នកស្រីម្ចាស់ហាងឆ្លាតវៃរូបនេះ យល់ថាគួរតែចេះចាប់យកជំនាញអ្វីដែលជានិស្ស័យ និងជាចំណង់ចំណូលចិត្តរបស់ខ្លួន ដោយអ្នកស្រីប្រាប់ហេតុផលថាទាំងខ្លួនអ្នកស្រីផ្ទាល់ ក៏ដូចជាអ្នកជោគជ័យដទៃទៀត អាចមានកម្លាំងចិត្តតស៊ូ ធ្វើការដោយមិននឿយហត់ និងយកចិត្តទុកដាក់រហូតបានទទួលជោគជ័យមិននឹកស្មានដល់ ដោយចាប់ផ្ដើមពីការងារដែលជាចំណង់ចំណូលចិត្តនេះ។

ចំណែកអ្នកដែលមានបំណងប្រកបអាជីវកម្មអ្វីមួយត្រូវដឹងមុនថា តើយើងមានជំនាញមួយនោះច្បាស់គ្រប់គ្រាន់ឬនៅ?។ “បើរៀនបានតិច ចេះមិនច្បាស់កុំធ្វើអីល្អជាង ខ្មាសគេ ហើយបើដឹងហើយថាទៅមិនរួច បិទហាងទៅប្រសើរជាង ជៀសវាងការខាតបង់កាន់តែច្រើន និងប៉ះពាល់ដល់អ្នកដទៃ”។ នេះជាការលើកឡើងបន្ថែមរបស់ ចាន់ ស្រីណុច។Image

ដើម្បីទទួលបានជោគជ័យ បុគ្គលទាំងអស់ត្រូវតែប្រឹងប្រែងចាប់យកជំនាញមួយឲ្យប្រាកដ ហើយធ្វើអ្វីដែលជាជំនាញពិតប្រាកដរបស់ខ្លួន កុំបើករបរច្រើនក្នុងពេលតែមួយ ឬបើករបរបាំងមុខ។ “កិច្ចការអ្វីក៏ជោគជ័យបានដែរ បើសិនជាអ្នកមានជំនាញច្បាស់លាស់ ធ្វើតែអំពើល្អជានិច្ច និងធ្វើដោយមានជំនឿចិត្ត”។

យ៉ាងណាមិញ ទោះបីជាមិនមានលទ្ធភាពបើកសាខាក៏ពិតមែន ក៏យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ពីភាពជោគជ័យដែល អ្នកនាង ចាន់ ស្រីណុច ឬ “បងស្រីមីកាសា” កំពុងតែទទួលបានពីជំនាញមួយនេះ ជាពិសេសគឺការបន្តចែករំលែកជំនាញនេះដល់មនុស្សរាប់ពាន់នាក់ទៀត សំដៅឲ្យពួកគេមានឱកាសស្វែងរកភាពជោគជ័យដូចអ្នកនាង ចាន់ ស្រីណុចដែរ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s