ស្ដាប់អ្នកមានបទពិសោធន៍និយាយអំពីការងារ

មានមិត្តនិស្សិតជាច្រើនយល់ថាទីផ្សារការងារនៅកម្ពុជាមិន ទាន់ទូលំទូលាយ សម្រាប់ខ្លួន ហើយតាមភាពជាក់ស្ដែងក៏មាននិស្សិតជាច្រើនមិនទាន់មានការងារធ្វើ បន្ទាប់ពីបានបញ្ចប់បរិញ្ញាបត្រ ។ តើកត្តានេះអាចបណ្ដាលមកពីទីផ្សារដូចការលើកឡើង ឬក៏មកពីនិស្សិតនៅមានចំណុចខ្សោយក្នុងការស្វែងរកការងារ?

ពាក់ព័ន្ធនឹងវិធីសាស្ត្រក្នុងការស្វែងរកការងារធ្វើប្រកបដោយ ជោគជ័យនោះ សូមតាមដានបទសម្ភាសន៍ របស់sabay ជាមួយកញ្ញា ព្រឹម សំណប់ បច្ចុប្បន្នជាប្រធានផ្នែកធនធានមនុស្សនៅស្ថានីយទូរទស្សន៍ CTN។

Sabay សួស្ដីកញ្ញាកញ្ញាមើលឃើញយ៉ាងណាអំពីជំហររបស់និស្សិតចំពោះការស្វះស្វែងរកការងារបច្ចុប្បន្ន?
ព្រឹម សំណប់៖ ខ្ញុំក៏មិនអាចមើលដឹងឲ្យអស់ទូលំទូលាយចំពោះនិស្សិតទាំងអស់ទេ តែយោងតាមអ្វីដែលខ្ញុំធ្លាប់ឃើញ ទទួលបានបទពិសោធន៍នោះគឺនិស្សិតនៅមានការរារែកចិត្ត គិតថាខ្លួនទាបមិនសមនឹងការងារនោះឬមិនអាចធ្វើការងារហ្នឹងបាន។ អ្នកខ្លះគិតថាខ្លួនអត់មានដើមទុនសម្រាប់បើកអាជីវកម្មផ្ទាល់ ខ្លួន និងមានអ្នកខ្លះយល់ថាខ្លួនខ្វះខ្សែរយៈ បើទោះបីជាខ្លួនមានសមត្ថភាព ឬមានសញ្ញាប័ត្រក៏មិនអាចរកការងារបានធ្វើដែរ។

Sabay និយាយអំពីទីផ្សារការងារវិញម្ដង កញ្ញាអាចពន្យល់បន្តិចបានទេ ថាតើទីផ្សារការងារនៅកម្ពុជាមានលក្ខណៈបែបណាដែរ?
ព្រឹម សំណប់៖ ទីផ្សារការងារគឺបើកចំហ!”។ និស្សិតគិតថាទីផ្សារមិនទាន់ទូលាយ តែការពិតអ្នករើសបុគ្គលិកក៏ជួបបញ្ហាដូចគ្នា គឺបញ្ហាដែលគាត់ត្រូវការបុគ្គលិក តែមិនអាចរកអ្នកមានសមត្ថភាពស័ក្ដិសមនឹងការងារហ្នឹងបាន។ លើកជាឧទាហរណ៍ កាលពី២០០៨ ស្ថាប័នដែលខ្ញុំធ្លាប់បម្រើការបានរៀបចំ ពិព័រណ៍ការងារមួយហើយពេលនោះ យើងទទួលបានCV ចំនួនជាង ១០០០CV ប៉ុន្តែជាក់ស្ដែង CV ដែលអាចប្រើការបាន ត្រូវតាមអ្វីដែលយើងត្រូវការគឺមានតែ២សន្លឹកប៉ុណ្ណោះ។ មួយវិញទៀត យើងមើលតែតាមកាសែត ឬតាមគេហទំព័រការងារមួយចំនួន ឃើញមានការងារប៉ុន្មានដែលដាក់ប្រកាសជារៀងរាល់ថ្ងៃ ហើយមានមុខជំនាញខ្លះរើសម្ដងហើយ Closed និងដាក់រើសម្ដង ឬពីរដងទៀតក៏មានព្រោះអត់មានបេក្ខជនដែលគេចង់បានទៅដាក់ ខណៈដែលនិស្សិតគរជើងអត់មានការងារធ្វើ។ អីចឹងមិនមែនទីផ្សារចង្អៀតទេ យើងត្រូវសិក្សាមើលថាតើអ្វីជាបញ្ហារបស់និស្សិតយើង?Image

Sabay ច៎ា អីចឹង តើអ្វីខ្លះជាចំណុចខ្សោយរបស់និស្សិតនោះចា៎?
ព្រឹម សំណប់៖ និយាយពីសមត្ថភាពរបស់និស្សិត។ ជាទូទៅក្រុមហ៊ុនគេបែងចែកសមត្ថភាពបុគ្គលិកជាពីរ គឺអាចវាស់វែងបាននិងមិនអាចវាស់វែងបាន។ សមត្ថភាពដែលមិនអាចវាស់វែងបានគឺជាអ្វីដែលក្រុមហ៊ុនចង់បានបំផុត ដូចជាភាពជាអ្នកដឹងនាំ សមត្ថភាពស្វែងរកដំណោះស្រាយការងារ សម្របសម្រួល ដោះស្រាយជាមួយអតិថិជន មានគោលដៅឬចក្ខុវិស័យក្នុងការងារច្បាស់លាស់ជាដើម។ តើនិស្សិតមានចំណុចទាំងនេះទេ? ក្រៅពីសមត្ថភាពដែលអាចវាស់វែងបាន តើនិស្សិតគាត់អាចបង្ហាញអ្វីខ្លះទៅកាន់អ្នកជ្រើសរើសបុគ្គលិកតាម រយៈការរៀបចំពាក្យសុំធ្វើការ បទបង្ហាញពីខ្លួនឯងក្នុងពេលសម្ភាសន៍ជាដើម។

Sabay តាមការបញ្ជាក់របស់កញ្ញានិស្សិតនៅមានចំណុចខ្សោយច្រើនគួរសម។ ប៉ុន្តែកញ្ញាអាចលើកឡើងចំណុចខ្សោយទាំងនេះទៀតបានទេ ដើម្បីឲ្យនិស្សិតបានដឹងកាន់តែច្បាស់ចា៎?
ព្រឹម សំណប់៖ ចំណុចខ្សោយ គឺគាត់មិនទាន់មានទំនុកចិត្ត ការគិតនៃបុគ្គលដែលភាសាអង់គ្លេសថា Attitude នេះគឺមានសារៈសំខាន់អាចឆ្លុះបញ្ចាំងពីបុគ្គលម្នាក់ៗ ។ មួយវិញទៀត ការរៀបចំCV នៅមានចំណុចខ្វះខាត និងអត់ទាន់ចេះបង្ហាញច្បាស់លាស់។ យើងស្រមៃមើលថាតើ អ្នកអាន CV របស់យើង គាត់ចង់ដឹងពីអ្វី? អ្វីដែលយើងបានបង្ហាញហ្នឹងច្បាស់ទេ? មានគ្រប់គ្រាន់ទេ? ដូចគ្នាដែរ ពេលចូលដល់បទសម្ភាសន៍ សំខាន់បំផុតការបង្ហាញព័ត៌មានរបស់ខ្លួន ហើយបើសូម្បីតែការបង្ហាញខ្លួនយើងមិនអាចធ្វើបាន តើគេអាចផ្ដល់ការងារឲ្យយើងឬអត់។តែត្រង់ចំណុចនេះ ដោយសារនៅប្រទេសយើង អត់ទាន់មានទម្លាប់នៃការធ្វើបទបង្ហាញផ្សេងៗ និស្សិតភាគច្រើនមិនទាន់មានទំនុកចិត្ត។ ចា៎ ទាំងអស់នេះហើយដែលនិស្សិតត្រូវដឹង និងកែប្រែដើម្បីភាពជោគជ័យក្នុងការស្វែងរកការងារ។

Sabay៖ ពាក់ព័ន្ធនឹងការត្រៀមខ្លួនសម្រាប់បទសម្ភាសន៍វិញ តើកញ្ញាមានអ្វីអាចចែករំលែកចំពោះយុវជនដែលកំពុងស្វែងរកការងារ ធ្វើ?
ព្រឹម សំណប់៖ យើងត្រូវចាំថា យើងមានពេលវេលាមិនច្រើន ប្រមាណ២០នាទីប៉ុណ្ណោះ ដូចនេះត្រូវតែប្រើពេលវេលានេះឲ្យបានម៉ត់ចត់ ទាំងការរៀបចំអាកប្បកិរិយា ការស្លៀកពាក់ ការនិយាយស្ដីជាដើម។ កត្តាគួរជៀសវាងមួយចំនួន គឺនិស្សិតមិនត្រូវភ័យពេក មានទំនុកចិត្ត កុំត្រង់ពេក អាចនិយាយលើកពីខ្លួនឯង ត្រូវតែឆ្លើយ និងឆ្លើយឲ្យចំអ្វីដែលគេចង់បាន ដូចជាព្យាយាមប្រាប់ពីខ្លួនអ្នកឲ្យបានច្រើន ហើយចាំថា បើអ្នកដែលអង្គុយនៅមុខអ្នកគឺជាអ្នកកំណត់ថាអ្នកជាប់ឬធ្លាក់ ដូចនេះត្រូវផ្ដល់នូវការគោរពនិងឲ្យតម្លៃគាត់។ ជៀសវាងការបង្វែរ ឬមិនឆ្លើយសំណួរដែលគេសួរ។ ម្យ៉ាងទៀតមុនពេលចូលសម្ភាសន៍ ហោចណាស់អ្នកបានដឹងImage

រូបពី sauceoff.wordpress.com

Sabay ដោយសារកញ្ញាធ្លាប់មានបទពិសោធន៍ធ្វើការពាក់ព័ន្ធនឹងវិស័យការងារ ឆ្លងកាត់ការសម្ភាសន៍ជាច្រើនបែបនេះ Sabay ចង់ឲ្យកញ្ញាលើកយកសំណួរគោលមួយចំនួនដែលតែងតែលើកមកចោទ សួរបេក្ខជន?
ព្រឹម សំណប់៖ ការពិតនីតិវិធីនៃការធ្វើបទសម្ភាសន៍ មានច្រើនណាស់និងខុសគ្នាតាមស្ថាប័ននិងកាលៈទេសៈជាក់ស្ដែងនៅពេល គេឃើញអ្នកពីដំបូង។ ពេលខ្លះគេអាចនឹងចង់ដឹងច្រើនពីអ្នក ដូចជានៅពេលឃើញការរៀបចំខ្លួនរបស់អ្នកជាដើម។ គេអាចឲ្យអ្នកបង្ហាញពីព័ត៌មានខ្លួនអ្នក ត្រង់កន្លែងហ្នឹងមិនបាច់រៀបរាប់ហូរហែពេកទេ គឺនិយាយឲ្យខ្លីនិងគ្រប់គ្រាន់(ឈ្មោះអ្នក ជំនាញ សាលា និងស្ថានភាពបច្ចុប្បន្ន)។ គេអាចសួរពីចំណុចខ្លាំងចំណុចខ្សោយរបស់អ្នក ដែលត្រង់ចំណុចនេះនិស្សិតច្រើនមានចំណុចខ្វះខាតពេលលើកពីចំណុច ខ្សោយរបស់ខ្លួន (និស្សិតគួរតែរកចំណុចខ្សោយណាមួយដែលក្រុមហ៊ុនគិតថាជាចំណុច ខ្លាំង ដូចជា “ខ្ញុំជាមនុស្សឈ្លក់នឹងការងារពេក បើធ្វើមិនហើយខ្ញុំមិនទៅផ្ទះជាដើម)។ សំណួរមួយទៀតគឺ ហេតុអ្វីអ្នកចាប់អារម្មណ៍ការងារនៅទីនេះ? និស្សិតត្រូវឆ្លើយបែបណាកុំឲ្យជាន់ជើងខ្លួនឯង និងចេះបត់បែន។ និស្សិតខ្លះអាចឆ្លើយតាមចិត្តថា ព្រោះនេះជាក្រុមហ៊ុនក្នុងក្ដីស្រមៃ ខណៈគាត់មិនទាំងដឹងថា តើផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុននោះមានអ្វីខ្លះផង?។ អីចឹងមិនថាគេសួរអី គឺអ្នកត្រូវតែរកចម្លើយឲ្យបាន និងឆ្លើយដោយប្រុងប្រយ័ត្ន។ មាននិស្សិតខ្លះ គិតថាពេលខ្លួនអត់ទាន់មានបទពិសោធន៍ ពិបាកនឹងជាប់ព្រោះអត់មានអ្វីបង្ហាញនិងនិយាយ តែការពិត ទោះបីជានិស្សិតមិនធ្លាប់បម្រើការ ក៏និស្សិតបានចូលរួមក្នុងសហគមន៍ ក្នុងគ្រួសារ និងមានការងារជាច្រើនដែលអាចលើកយកមកបង្ហាញ ថាអ្នកមានសមត្ថភាព។

Sabay តើចំណុចសំខាន់អ្វីខ្លះ ដែលធ្វើឲ្យនិស្សិត ឬបេក្ខជនម្នាក់ត្រូវបានគេជ្រើសរើស?
ព្រឹម សំណប់៖ ចំណុចសំខាន់មាន ទី ១ ឥរិយាបថ(Attitude) ដែលអាចឆ្លុះបញ្ចាំងបានទាំងអស់ ទី២ សំលៀកបំពាក់សមរម្យ ទី៣ ការឆ្លើយចំគោលដៅ មិនចាកប្រធាន។

Sabay មាននិស្សិតមួយចំនួនមានអារម្មណ៍ប្លែក ឬបារម្ភការប្រតិបត្តិខុសឆ្គងនៅថ្ងៃចូលធ្វើការដំបូង។ តើនៅថ្ងៃចូលធ្វើការដំបូង និស្សិតត្រូវរៀបចំខ្លួនបែបណាខ្លះទៅចា៎?
ព្រឹម សំណប់៖ ចា៎! ត្រូវទៅដល់មុនម៉ោងជាមួយសំលៀកបំពាក់សមរម្យបែបអ្នកធ្វើការ សមនឹងមុខដំណែងរបស់ខ្លួន ដែលតម្រូវឲ្យគាត់ត្រៀមរៀបចំទុកជាស្រេចពីយប់។ ម្យ៉ាងធម្មតា នៅថ្ងៃដំបូងអាចនឹងមិនសូវមានការងារធ្វើច្រើនទេ ដូចនេះដើម្បីកុំឲ្យមើលទៅទំនេរ អ្នកអាចរៀនស្គាល់ពីរបៀបរបប មើលឯកសារផ្សេងៗទាក់ទងនឹងក្រុមហ៊ុន ស្គាល់ទីតាំងគ្រប់ផ្នែក ស្គាល់លេខទំនាក់ទំនងគ្រប់ផ្នែកដើម្បីងាយស្រួលក្នុងការទំនាក់ទំនង ។ យើងជាអ្នកចំណូលថ្មីអាចនឹងមានអារម្មណ៍ប្លែក នឹងទិដ្ឋភាពនិងទម្លាប់ផ្សេងៗនៅទីនោះ តែទោះបីជាយ៉ាងណា តាមយោបល់ខ្ញុំ យើងត្រូវរក្សាឲ្យបានភាពរួសរាយរាក់ទាក់ មានសុជីវធម៌ ជួយយកអសារ ស្ដាប់ច្រើន ធ្វើច្រើន និងនិយាយតិច ហើយបើឆ្ងល់សួរ។

Sabay ចុះដើម្បីឲ្យអាជីពការងារមួយទទួលបានជោគជ័យ តើបុគ្គលម្នាក់ៗត្រូវប្រកាន់ខ្ជាប់ចំណុច ឬគោលការណ៍អ្វីខ្លះទៅចា៎?
ព្រឹម សំណប់៖ បើយើងមានការងារ យើងប្រាកជាចង់ឲ្យការបំពេញការងារនេះ ទទួលបានជោគជ័យឬមានការទទួលស្គាល់ជាដើមនោះជាអ្វីដែលគ្រប់គ្នា ចង់បានណាស់។ តាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ គឺអាជីពការងារមួយអាចទទួលជោគជ័យ តោងតែបុគ្គលនោះ ចេះស្គាល់ពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់ មានភាពទទួលស្គាល់លើការងារ ដោយស្ដាប់ការណែនាំពីថ្នាក់លើឲ្យបានច្បាស់ កុំធ្វើនូវអ្វីដែលមិនប្រាកដនាំឲ្យមានកំហុស។ ភាពឆ្លាតវៃក្នុងការងារ គឺយើងត្រូវបែងចែកកំណត់ការងារទៅតាមពេលវេលា និងភាពចាំបាច់នៃការងារនោះឲ្យបានត្រឹមត្រូវ ហើយប្រឹងប្រែងធ្វើការកុំគិតពីការនឿយហត់ ឬអត្ថប្រយោជន៍បន្ថែម។ ប្រសិនបើអ្នកអាចបំពេញការងាររបស់អ្នកបានល្អ អាចជួយកិច្ចការផ្សេងទៀតបាន នោះអ្នកប្រាកដជាអាចរៀនសូត្រពីការងារទាំងនោះ ហើយមិនយូរមិនឆាប់ក្រុមហ៊ុននឹងផ្ដល់ទំនុកចិត្ត ឬទទួលស្គាល់សមត្ថភាពរបស់អ្នក។ ជារួមដូចខ្ញុំបានបញ្ជាក់ក្នុងសំណួរមុនដែរ គឺ “ឆ្ងល់សួរ ស្ដាប់ឲ្យបានច្រើន ធ្វើឲ្យបានច្រើន និងនិយាយតិច” ជាការប្រសើរ។

Sabay ងាកមកចំណុចប្រឈមវិញ តើកញ្ញាអាចកំណត់បានទេថា តើជាទូទៅមានចំណុចអ្វីខ្លះដែលបុគ្គលិកអនុវត្តខុសហើយអាចប្រឈម នឹងការបញ្ឈប់ពីការងារ?
ព្រឹម សំណប់៖ ទីមួយ “ធ្វើឲ្យមានកំហុសដដែល” ដែលជាទូទៅក្រុមហ៊ុនពិបាកនឹងទទួលយកកំហុសដដែលៗ លើសពីបីដងរបស់បុគ្គលិកណាម្នាក់នោះទេ។ បើខុសលើកទី១ អាចថាថ្មី ទីពីរអាចថាភ្លេច…អីចឹងគេសុខចិត្តមានកំហុសថ្មីប្រសើរជាងការ ធ្វើឲ្យមានកំហុសដដែល ដែលមានន័យថា បុគ្គលនោះមិនយកចិត្តទុកដាក់ និងថាការណែនាំរបស់ថ្នាក់លើមិនសំខាន់។ ទីពីរ គឺការធ្វើការផ្លោះ ដែលមិនគោរពតាមឋានានុក្រម រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។ មានបុគ្គលិកខ្លះចង់មានមុខមាត់ ឬឃើញមេបន្ទាប់ខ្លួនក្មេងជាង គិតថាមិនមានសមត្ថភាពស្មើខ្លួន ហើយច្រើនអនុវត្តការងាររំលងបែបនេះ។ ការធ្វើការបែបនេះ អាចមានន័យច្រើន ថ្នាក់លើធំរបស់អ្នកយល់ថាការគ្រប់គ្រងនៃថ្នាក់បន្ទាប់មិនមាន ប្រសិទ្ធភាព ឬគិតថាអ្នកមិនចេះធ្វើការ។

Sabay មួយវិញទៀត ទាក់ទងនឹងការផ្លាស់ប្ដូរ ទីកន្លែងការងារច្រើនជារឿងល្អឬយ៉ាងណាដែរ?
ព្រឹម សំណប់៖ ខ្ញុំគិតថាល្អ ប៉ុន្តែជាទូទៅ រយៈពេលសមស្របសម្រាប់ការប្ដូរកន្លែងការងារគឺ២ឆ្នាំ។ ២ឆ្នាំជារយៈពេលមិនយូរពេក ឬលឿនពេកតែគ្រប់គ្រាន់សម្រាប់ការសូត្រ និងទទួលបានបទពិសោធន៍នៃមុខនាទីនោះ។ ម្យ៉ាងទៀត បុគ្គលិកម្នាក់មិនគួរធ្វើការក្នុងមុខដំណែងដដែល លើសពី៥ ឆ្នាំទេ ដែលនេះគេអាចវាយតម្លៃថា អ្នកជាមនុស្សមិនសូវស្វែងរកអ្វីថ្មី អភិវឌ្ឍខ្លួន ឬថាអ្នកមិនមានសមត្ថភាពធ្វើការងារផ្សេងបាន។

Sabay គ្រប់គ្នាតែងប្រាថ្នាចង់ធ្វើការនៅកន្លែងណា ឬស្ថាប័នណាដែលធំៗ ល្បីឈ្មោះ ដើម្បីសម្រេចក្ដីប្រាថ្នានេះ តើកញ្ញាគិតថាពួកគេគួរចាប់ផ្ដើមបែបណា?
ព្រឹម សំណប់៖ ចំណុចនឹងអាស្រ័យទៅលើឱកាស និងភាពសំខាន់នៃការងារនោះ។ ធម្មតាក្រុមហ៊ុនដែលល្អជាជម្រើសមុនគេក្នុងក្រសែភ្នែករបស់អ្នក ដូចនេះ បើសិនជាជាមានឱកាស ហើយសិក្សាថាតើសមត្ថភាពអ្នកសមស្របជាមួយការងារនោះហើយ ត្រូវសាកល្បងចាប់យកឱកាស។ ផ្ទុយទៅវិញ ប្រសិនបើការងារទាមទារខ្ពស់ ប្រកួតប្រជែងខ្លាំង ខណៈដែលអ្នកដឹងច្បាស់ថាមិនអាចទៅរួច អ្នកគួរតែចាប់ផ្ដើមសន្សំពិន្ទុនៅតាមស្ថាប័នតូចៗជាមុនសិន ហើយនៅពេលណាអ្នកមានសមត្ថភាពរឹងមាំ អ្នកនឹងងាយទទួលបានឱកាសនេះជាងគេ។


Sabay
ជាចុងក្រោយ តើកញ្ញាមានអ្វីចែករំលែកទៅកាន់យុវវ័យ មិត្តនិស្សិតដែលកំពុងតែព្រួយបារម្ភក្នុងការស្វែងរកការងារនេះ ខ្លះចា៎?
ព្រឹម សំណប់៖ អ្វីដែលខ្ញុំអាចនិយាយបាន ក្នុងនាមជារៀមច្បង និងយោងតាមអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងវិស័យការងាររយៈពេល៦ ឆ្នាំនេះ គឺខ្ញុំចង់ប្រាប់យុវវ័យថា ត្រូវសាងខ្លួនឯងជាបុគ្គលម្នាក់ប្រកាន់សុទិដ្ឋិនិយម។ ត្រូវកំណត់ឲ្យបានច្បាស់ថាខ្លួនមានអ្វី? ចង់បានអ្វី? រៀនសូត្រអភិវឌ្ឍកសាងសមត្ថភាពខ្លួន ចេះមើលឱកាស ហ៊ានបង្ហាញគេពីអ្វីដែលអ្នកមាន ហើយជាពិសេសត្រូវចំទទួលខុសត្រូវចំពោះខ្លួនឯង(កុំបន្ទោសអ្នកនេះ អ្នកនោះ មកពីរដ្ឋាភិបាល មកពីគេមិនផ្ដល់ឱកាសឲ្យអ្នកគ្មានបទពិសោធន៍…)។ ជួយខ្លួនឯងសិន ប្រឹងប្រែងធ្វើការកុំខ្លាចនឿយហត់ និងចាំជាប់ក្នុងចិត្តថា “ការព្យាយាម នាំមកភាពជោគជ័យ” ជាប្រាកដ។ សូមអរគុណ!

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s