វិធីសាស្ត្រគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព

កន្លងមក  បានលើកយកអត្ថបទដកស្រង់ជាច្រើនជុំវិញវិធីសាស្ត្រជោគជ័យក្នុងការ គ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព។ ដើម្បីកាន់តែជាក់ច្បាស់ ក្នុងទំព័រនេះ ខ្ញុំបានជួបជាមួយម្ចាស់អាជីវកម្មជោគជ័យទាំងវ័យក្មេងម្នាក់ គឺលោក គួច សុខលី នាយកគ្រប់គ្រងក្រុមហ៊ុន CBM Corporation ដែលលោកនឹងចែករំលែកគន្លឹះមួយចំនួនទាក់ទងនឹងការបែងចែកពេលវេលាដ៏ មមាញឹកក្នុងការងារអាជីវកម្មឲ្យមានប្រសិទ្ធភាព។Image

តើការងារអាជីវកម្មរបស់មានការមមាញឹកកម្រិតណាដែរ?

គួច សុខលី៖ បាទ! ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់ មានកិច្ចការជាច្រើនណាស់ដែលត្រូវបំពេញ និងត្រួតពិនិត្យ ដូចជាត្រូវពិនិត្យការងារបុគ្គលិក ប្រជុំបញ្ហាទូទៅ សេវាកម្ម និងត្រូវចុះទៅតាមសាខាជាច្រើនទៀត យើងcheck រហូតដល់ចង្ក្រាន…ហ្នឹងក៏ខ្ញុំមិនភ្លេចដែរ។ លើសពីកិច្ចការខាងក្នុង ខ្ញុំក៏មានកិច្ចការរវល់ជាច្រើននៅខាងក្រៅ ជួបជាមួយ ភ្ញៀវ ខ្ញុំចូលរួមសមាគមផ្សេងៗ ខ្ញុំធ្វើកិច្ចការមួយចំនួននៅ JCI Cambodia ជាដើម។

កិច្ចការច្រើនបែបនេះ តើលោកគិតថាចាំបាច់ត្រូវតែមានជំនួយការ ឬប្រឹក្សាឬយ៉ាងដែរ?

គួច សុខលី៖ មិនមែនត្រូវតែមានអ្នកចាំប្រឹក្សា ឬត្រូវតែមានជំនួយការទេ តែជាក់ស្ដែង ដូចនៅក្នុងក្រុមហ៊ុនខ្ញុំ គឺយើងមានតែអ្នកគ្រប់គ្រងតាមផ្នែក ដែលពួកគាត់ទាំងនោះជាអ្នកសម្រួលការងាររៀងៗខ្លួន ហើយទោះបីជាយ៉ាងណា ក៏ខ្ញុំ ជាអ្នកគ្រប់គ្រងចំណាយពេលត្រួត និងសម្រួលការងារពួកគាត់ដែរ។ ត្រង់នេះខ្ញុំចង់និយាយថា” យើងមិនគួរយកអុសធំ មកកាត់ជាកង់តូចៗទៅដាំទឹកនោះទេ” គឺយើងផ្ដល់ឱកាសការងារដល់អ្នកផ្សេង។

អីចឹងសូមលោកជួយបង្ហាញពីបទពិសោធន៍ក្នុងការបែងចែកពេលវេលាឲ្យមាន ប្រសិទ្ធភាពក្នុងការងារអាជីវកម្មដ៏មមាញឹកនេះបន្តិចច៎ា !

គួច សុខលី៖ ការពិតការ ដើម្បីគ្រប់គ្រងពេលវេលាឲ្យបានល្អ គឺយើងចាំបាច់ត្រូវតែសិក្សា និងដឹងទាំងអស់ពីការងារដែលយើងត្រូវបំពេញ ហើយកាលណាយើងដឹង យើងអាចរៀបចំជាកាលវិភាគជាប្រចាំថ្ងៃសម្រាប់ខ្លួនយើង គឺត្រូវតែមានដាច់ខាត ថាថ្ងៃនេះ យើងមានការងារអ្វីខ្លះ ត្រូវធ្វើនៅកន្លែងណាខ្លះ ជួបនរណាខ្លះ ហើយយើងទម្លាប់ឲ្យបានដើរតាមកាលវិភាគនោះ ដើម្បីប្រើប្រាស់ពេលវេលាដែលយើងមាន មានប្រសិទ្ធភាពបំផុត និងមិនខ្ជះខ្ជាយ។ ម្យ៉ាងវិញទៀត ការងារមួយចំនួនក៏យើងអាចធ្វើតាមទូរស័ព្ទបានដែរ ដើម្បីចំណេញពេលវេលា។ បាទ គឺសំខាន់មនុស្សយើងម្នាក់ៗ ត្រូវតែមានកាលវិភាគប្រចាំខ្លួន ត្រូវតែគិតជាស្រេច…តាមធម្មតាបុគ្គលិកគាត់ធ្វើការតែ៨ ម៉ោង ឯយើងអ្នកគ្រប់គ្រងធ្វើការរហូតដល់ ១៥ម៉ោងក៏មាន…។

ចុះករណីខ្លះដែលមានកិច្ចការមួយចំនួនបានកើតឡើងដោយមិនបានដឹងមុន ឬជាកិច្ចការដែលមិនមាននៅក្នុងកាលវិភាគដែលបានកំណត់នោះតើធ្វើ បែបម៉េចទៅលោក?

គួច សុខលី៖ ហ៊ឺ! ជារឿយៗ រឿងនេះតែងកើតមាន តែក៏មិនច្រើនដែរ។ ប្រសិនបើជួបបញ្ហាបែបនេះ អ្នកដឹកនាំត្រូវមើលទៅលើកិច្ចការនោះ តើមានចាំបាច់កម្រិតណា ឬអាចទុកធ្វើពេលក្រោយ។

តើលោកផ្លាស់ប្ដូរកាលវិភាគតាមវិធីណា បើសិនជាការងារមកដល់ថ្មី សំខាន់ និងចាំបាច់ត្រូវតែធ្វើភ្លាមនោះ?

គួច សុខលី៖ សម្រាប់កាលវិភាគការងារខាងក្រៅ គឺយើងមិនគួរផ្លាស់ប្ដូរទេ យើងអាចផ្លាស់ប្ដូរការងារខាងក្នុងបាន ដោយអាស្រ័យលើភាពចាំបាច់ និងបន្ទាន់ដូចដែលខ្ញុំបានលើកឡើង។ ខ្ញុំចង់បញ្ជាក់ដែរថា ការផ្លាស់ប្ដូរកាលវិភាគកំណត់នេះ យើងមិនគួរឲ្យកើតមានជាញឹកញាប់ទេ ជាពិសេស គឺកិច្ចការខាងក្រៅ ព្រោះ អ្នកដទៃនឹង អាចវាយតម្លៃថាយើង ជាមនុស្សមិនគោរពពេលវេលា ហើយបើយើងមិនអាចគោរពពេលវេលា គឺយើងក៏មិនគោរពខ្លួនឯង យើងក៏មិនអាចក្លាយជាអ្នកដឹកនាំល្អម្នាក់ដែរ។

មានមនុស្សជាច្រើន ជឿថា ការកំណត់បែងចែកពេលវេលាធ្វើកិច្ចការផ្សេងៗ សំខាន់បំផុតត្រូវពឹងផ្អែកទៅលើ ការផុតកំណត់នៃការងារនោះ តើត្រង់ចំណុចនេះលោកយល់យ៉ាងណាដែរ?

គួច សុខលី៖ បាទ! យើងត្រូវដឹងពីសារៈសំខាន់ ពេលកំណត់ ផលប៉ះពាល់នៃកិច្ចការនោះ តែក៏មានកិច្ចការមួយចំនួនដែលយើងមិនអាចផ្លាស់ប្ដូរបានដោយសារតែ សារៈសំខាន់មួយមុខទេ ដូចខ្ញុំផ្ទាល់មិនអាចផ្លាស់ប្ដូរកិច្ចការខាងក្រៅដែលយើងបានកំណត់ រួចហើយនោះឡើយ។

រាល់ពេលផ្លាស់ប្ដូរកាលវិភាគ ឬពេលវេលាណាត់ជួបជាដើម មានអ្នកខ្លះច្រើនតែយកហេតុផលថាសុខភាពមិនអំណោយផល មិនអាចទៅបានតើលោកយល់បែបណាចំពោះហេតុផលមួយនេះ?

គួច សុខលី៖ ចំណុចនេះលុះត្រាតែអ្នកនោះដេកពេទ្យ។ សម្រាប់ខ្ញុំ ខ្ញុំអាចអះអាងថា មិនដែលមានម្ដងណាដែលខ្ញុំដេកផ្ទះមិនមកកន្លែងធ្វើការទេ លើកលែងតែខ្ញុំឈឺដេកនៅពេទ្យ នេះគឺឆន្ទៈដែលខ្ញុំមានសម្រាប់ការងារ។ នេះគ្រាន់តែជាលេស មួយ ហើយប្រសិនបើអ្នកដឹកនាំម្នាក់ ជានិច្ចកាលតែងប្រើលេសនេះ គាត់នឹងប្រើលេសទៅប្រើម្ដងហើយម្ដងទៀត តែលទ្ធផល គាត់នឹងបាត់បង់ឱកាស បាត់បង់ភាពជោគជ័យទៅវិញទេ។

កន្លងមកលោកធ្លាប់ជួបប្រទះបញ្ហាពិបាកបែងចែកពេលវេលានេះទេ? លោកដោះស្រាយបែបណា?

គួច សុខលី៖ ធ្លាប់ អ្នកណាក៏ធ្លាប់! មានពេលខ្លះមានកិច្ចការច្រើនពេក សុទ្ធតែសំខាន់ ហើយយើងធ្វើមិនទាន់ ពេលនោះយើងច្របូកច្របល់មិនដឹងថាត្រូវធ្វើមួយណាមុន។ តែទោះបីជាយ៉ាងណា យើងនៅតែមានដំណោះស្រាយ គឺខ្ញុំអាចបែងចែកទៅកូនចៅធ្វើ ដោយយើងចាំតាមដានជាក្រោយ។ ករណីបែបនេះ ក៏យើងមិនអាចឲ្យកើតមានច្រើនដងដែរ បើមិនអីចឹង យើងក៏មានបញ្ហាដែរ មានន័យថាការងារនឹងកាន់តែគរច្រើនឡើងៗ ហើយការគ្រប់គ្រងពេលវេលានឹងកាន់តែលំបាកសម្រាប់យើង។

ពាក់ព័ន្ធនឹងការបែងចែកពេលវេលាដ៏មមាញឹកនេះ តើខាងក្រុមគ្រួសាររបស់លោកធ្លាប់រអ៊ូរទាំ ដែរឬយ៉ាងណា? តើលោកដោះស្រាយបែបណា?

គួច សុខលី៖ តែងតែមាន! តែខ្ញុំជឿថា ដល់ដំណាក់កាលនេះ គ្រប់គ្នាបានយល់ពីភាពចាំបាច់នៃការងារទាំងនោះ ដូចខ្ញុំសព្វថ្ងៃ ខ្ញុំទទួលស្គាល់ថាបានចំណាយពេល ៧០%លើការ ដូចនេះ សល់៣០% ខ្ញុំមានសម្រាប់ក្រុមគ្រួសារ។

លោកអាចប្រាប់បានទេថា ការបែងចែកពេលវេលានេះ ជាកិច្ចការលំបាក និងប្រឈមខ្លាំងជាងគេ ឬយ៉ាងណា បើប្រៀបធៀបទៅការងារផ្សេងទៀត?

គួច សុខលី៖ បើនិយាយពីសារៈសំខាន់ គឺការបែងចែកពេលនេះ សំខាន់អាចធ្វើឲ្យយើងបំពេញកិច្ចការដទៃបានដោយជោគជ័យ ទាន់ពេល បានលទ្ធផល តែខ្ញុំមិនគិតថានេះជាការប្រឈម លំបាកខ្លាំងនោះទេ គឺដូចជាអ្វីដែលខ្ញុំបានលើកឡើងខាងដើម ថាសំខាន់បើយើងជាអ្នកដឹកនាំ ហើយដឹងច្បាស់គ្រប់កិច្ចការដែលត្រូវបំពេញ បែងចែកពេលវេលា ឲ្យបានត្រឹមត្រូវទៅតាមស្ថានភាពការងារ យើងនឹងរកឃើញពីភាពងាយស្រួលក្នុងកិច្ចការនោះ ដោយគ្រាន់តែដើរតាមអ្វីដែលបានកំណត់របស់យើង។

សូមលោកបញ្ជាក់ពីគុណសម្បត្តិនិងគុណវិបត្តិ នៃការគ្រប់គ្រងពេលវេលាដ៏មានប្រសិទ្ធភាព?

គួច សុខលី៖ បើយើងអាចកំណត់ពេលវេលាបានច្បាស់លាស់ ត្រឹមត្រូវ យើងនឹងអាចសម្រេចកិច្ចការបានច្រើនដោយជោគជ័យ ចំណេញពេលវេលា ទទួលឱកាសកាន់តែច្រើន និងជោគជ័យក្នុងអាជីវកម្មរបស់យើង ផ្ទុយទៅវិញប្រសិនបើយើងមិនចេះគ្រប់គ្រងពេលវេលា នោះយើងនឹងខាតបង់ឱកាស មានន័យថាយើងបានខ្ជះខ្ជាយពេលវេលាធ្វើការ អ្នកដទៃអាចវាយតម្លៃថាយើងមិនមែនជាអ្នកដឹកនាំល្អម្នាក់។ “ពេលវេលាជាមាសប្រាក់ បើយើងមិនគោរពពេលវេលា គឺយើងមិនគោរពខ្លួនឯង”។

ជាចុងក្រោយ តើលោកមានអ្វីចែករំលែកទៅដល់ពាណិជ្ជករដទៃ ក៏ដូចជាយុវវ័យជំនាន់ក្រោយទាក់ទងការគ្រប់គ្រងពេលវេលាឲ្យមាន ប្រសិទ្ធភាពនេះ?Image

គួច សុខលី៖ បាទ!ការបែងចែកពេលវេលា គឺទាមទារខ្លួនយើងម្នាក់ៗ ដឹងទាំងអស់ថាយើងមានអ្វីខ្លះត្រូវបំពេញ តើត្រូវធ្វើមួយណាមុន មួយណាក្រោយ ដោយសរសេរកំណត់កាលវិភាគសម្រាប់ខ្លួនជាប្រចាំ។ កាលវិភាគនេះមានសារសំខាន់ ដែលអាចប្រាប់ ក្រើនរំលឹក យើងគ្រប់ពេលវេលា។ ម្យ៉ាងទៀត ត្រូវឆ្លៀតពេលចូលរៀនវគ្គសិក្សាពីវិធីសាស្ត្រការគ្រប់គ្រង ពេលវេលាបន្ថែម។ កត្តាទាំងនេះ អាចជួយយើងចេះគ្រប់គ្រងពេលវេលាបានល្អមានប្រសិទ្ធភាព ឈានទៅរកភាពជោគជ័យគ្រប់ភារកិច្ច។

ក្រៅពីមានតួនាទីជានាយកគ្រប់គ្រង ក្រុមហ៊ុន CBM Corporation ដែលក្នុងនោះរួមមាន Pizza World BBWorld T&C ជាច្រើនសាខានៅក្នុងរាជធានីភ្នំពេញនោះ លោក គួច សុខលី ក៏ជាអនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាផងដែរ។ លើសពីនេះទៀត ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ពាណិជ្ជករវ័យក្មេងរូបនេះ នឹងពង្រីកសាខា ព្រមទាំងបង្កើតអាជីវកម្មថ្មីបន្ថែមក្នុងគោលបំណងបំពេញតម្រូវការ អតិថិជន និងពង្រឹងអាជីវកម្មរបស់ខ្លួនឈានទៅរកភាពជោគជ័យថែមមួយកម្រិត ទៀត៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s