ចប់អនុបណ្ឌិត បែរមកលក់នំបញ្ចុក!

មិត្តអ្នកអានប្រហែលជាធ្លាប់ប្រទះ ច្រើនហើយថា អ្នកលក់នំបញ្ចុកភាគច្រើន ជានារី និងជាអ្នកដែលមិនសូវមានឱកាសទទួលបានសិក្សាច្រើនរហូតដល់ថ្នាក់ ឧត្ដមសិក្សាទេមែនទេ? តែដោយឡែក ក្រឡេកមកមើល លោក វីរៈ វិញ ដែលមានអាយុមិនច្រើនប៉ុន្មាន និងបានបញ្ចប់ការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិត បូកជាមួយបទពិសោធន៍ការងាររហូតដល់ ៨ ឆ្នាំនៅអង្គការ បែរជាងាកមកចាប់អារម្មណ៍ការងារអាជីវកម្មតូចតាច ទៅវិញ។

វីរៈ ដែលជាអ្នកស្រុកនៅភ្នំពេញ បានរៀបរាប់ប្រាប់Sabay ថា កាលពីក្មេង លោកក៏មិនមានគំនិតថា ចង់ក្លាយជារកស៊ីលក់ដូរដែរ ដោយគិតតែខិតខំសិក្សាយកចំណេះ និងអាចទទួលបានការងារល្អប្រសើរមួយ។Image

ការសិក្សា និងការងារ

ដោយសារ វីរៈ ស្ថិតនៅក្នុងគ្រួសារដែលមានកម្រិតជីវភាពល្អបង្គួរ ធ្វើឲ្យការសិក្សារបស់ វីរៈ តែងតែទទួលបានលទ្ធផលល្អ មិនមានសម្ពាធអ្វីទាំងអស់។
-វីរៈ បានបញ្ចប់ការសិក្សាការថ្នាក់បរិញ្ញាបត្រ ជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ នៅឆ្នាំ ២០០០។
-ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសស្វីស សិក្សាជំនាញ អភិវឌ្ឍន៍សង្គម។

ក្រោយបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ វិរៈ បានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ រួចបានចូលបម្រើការងារនៅក្នុងអង្គការមួយ។ ” ខ្ញុំ បានធ្វើការនៅអង្គការនោះ បានរយៈពេល៨ ឆ្នាំ។

ការចាប់ផ្ដើមគំនិតធ្វើអាជីវកម្មខ្លួនឯងImage

ទោះបី ជាការងារនៅអង្គការនោះ ជាការងារល្អមួយ និងបានផ្ដល់ប្រាក់បៀវត្សខ្ពស់គួរសម និងអាចផ្គត់ផ្គង់ការចិញ្ចឹមជីវិតបានក៏ពិតមែន តែ វីរៈ បានផ្ដើមឲ្យដឹងថា នៅមិនទាន់ដល់អ្វីដែលលោកចង់បានទេ។
វីរៈ និយាយ “ខ្ញុំបានចិញ្ចឹមចិត្ត ចង់បង្កើតការងារមួយឲ្យខ្លួនឯង ជំនួសការធ្វើការឲ្យគេ ១ ថ្ងៃ ៨ ម៉ោង នៅក្នុងការិយាល័យ។

តែទោះជាយ៉ាងណាវីរៈ ក៏មិនបានគិតថាការងារនោះ មិនល្អនោះទេ តែផ្ទុយទៅវិញ វីរៈ ប្រាប់ថា លោកទទួលបានបទពិសោធន៍ល្អៗ ជាច្រើនពីការងាររយៈពេល ៨ ឆ្នាំនោះ។

“ខ្ញុំជាមនុស្សដែលស្រលាញ់ធម្មជាតិណាស់” វីរៈ លើកឡើងបែបនេះ គឺ ចង់ប្រាប់មិត្តអ្នកអានថាចំណុចចាប់ផ្ដើមដំបូងនៃអាជីវកម្មលក់ នំបញ្ចុកខ្មែរ ដែលដាក់ឈ្មោះថា “Noodle Tree” នោះ ដោយសារតែលោកចង់បង្កើតអ្វីមួយ ដែលមានលក្ខណៈធម្មជាតិសុទ្ធសាធ និងពិតប្រាកដ។

នេះគឺជារឿងដែលគួរកោតសរសើរមួយដែល បុរសវ័យក្មេងម្នាក់នេះ មានគំនិតអភិរក្សធម្មជាតិ និងស្រលាញ់អ្វីដែលជារបស់ខ្មែរពិតប្រាកដទៀត។ “ខ្ញុំមិនចង់ធ្វើអ្វីដែលនៅទីណាផ្សេង ក៏មានសន្ធឹកនោះឡើយ”។ លោកបានបញ្ជាក់ទៀតថា “ខ្ញុំចង់ឲ្យនៅពេលដែលគ្រប់គ្នានៅពេលដែលគិតដល់នំបញ្ចុកខ្មែរ គឺគិតមកដល់ Noodle Tree របស់ខ្ញុំ។
ម្ចាស់ហាងលក់នំបញ្ចុក ខ្មែរម្នាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា នៅហាងរបស់លោកមិនមានអ្វីក្រៅពី នំបញ្ចុកទេ គឺមានតែនំបញ្ចុកសម្លខ្មែរ និងទឹកការី ហើយជំហានបន្តទៀត លោកមានបំណងបម្រើភេសជ្ជៈដែលជារបស់ធម្មជាតិផងដែរ។

ក្រៅពីចំណង់ចំណូលចិត្ត អ្វីដែលធ្វើឲ្យលោកហ៊ានប្រថុយនឹងហានិភ័យបោះបង់ចោលការងារ មកចាប់យកអាជីពថ្មីនេះ គឺដោយលោកជឿជាក់ថា មានមនុស្សជាច្រើនពិបាករកកន្លែងដែលសមរម្យ ក្រៅពីតូបតាមចិញ្ចើមផ្លូវ។ “អ្នកដែលគាត់មានការងារ មានប្រាក់ចំណូល គាត់ម៉េចនឹងអាចទៅញ៉ាំតាមផ្លូវឬតាមអ្នករែកតាមផ្លូវបាន…ហាង ត្រឹមត្រូវក៏មានមិនច្រើនដែរនៅភ្នំពេញ”។

មួយវិញទៀត “ខ្ញុំបើកកន្លែងនេះ ធ្វើឲ្យខ្ញុំសប្បាយចិត្ត…ខ្ញុំបានធ្វើអ្វីដែលខ្ញុំចូលចិត្ត ជាពិសេសគឺខ្ញុំបានជួយប្អូនជីដូនមួយខ្ញុំឲ្យមានការងារធ្វើ ក្រោយនាងបានរៀនចប់ Bac II ..គាត់និងម្ដាយជួយខ្ញុំក្នុងកិច្ចការនេះ”។

ដំណើរការណ៍អាជីវកម្ម

នៅក្នុងបរិស្ថានបែបធម្មជាតិស្រស់បំព្រង នៅម្ដុំទួលគោក ផ្ទះលេខ ៣២ ផ្លូវ ៦០៦ ពិតជាកន្លែងដែលរកបាននំបញ្ចុកខ្មែរសុទ្ធសាធ គួបផ្សំការរចនា និង សម្ភារៈប្រើប្រាស់សុទ្ធតែធ្វើពីឈើ ផ្ដៅ និង ដីឥដ្ឋ ។ ពិតមានរស់ជាតិឆ្ងាញ់និងមានអនាម័យ ជាមួយបន្លែធម្មជាតិស្រស់ៗ គ្មានជាតិគីមីទាំងអស់។ នេះជាអ្វីដែល លោក វីរៈ និងប្អូនស្រីជីដូនមួយ និយាយពីកន្លែងលក់នំបញ្ចុករបស់ខ្លួន។Image

តែយ៉ាងណា រយៈកាលទើបតែចាប់ផ្ដើមប្រហែលជាជាង ១ ខែ កន្លងទៅនេះ មិនទាន់បានធ្វើឲ្យ វីរៈ ទទួលចំណូលតាមការគិតរំពឹងទុកនោះនៅឡើយទេ។ “បើខ្ញុំលក់បាន ៨០ ចានក្នុងមួយ ថ្ងៃ ទើបដល់ចំណុចរួចដើម តែជាក់ស្ដែង លក់បានតែ ៥០ចានប៉ុណ្ណោះ”។ វីរៈ បញ្ជាក់។

តែយ៉ាងណា Sabay ជឿថានេះជាតួលេខល្អគួរសមហើយ និងអាចបញ្ជាក់ថា វីរៈ កំពុងតែដើរទៅរកភាពជោគជ័យក្នុងពេលដ៏ខ្លីខាងមុខ បើមិនជឿសាកងាកមកស្ដាប់សំដីអតិថិជនរបស់ Noodle Tree តិចមើល!

អ្នកនាង ឈុំវណ្ណ សូដាជីវី អតិថិជនម្នាក់ ដែលធ្លាប់បានមកទទួលទាននំបញ្ចុកនៅទីនេះជាមួយក្រុមគ្រួសារ ប្រមាណ ជា ៥ ដងមកហើយនោះនិយាយជាមួយSabay ថា “និយាយត្រង់ខ្ញុំពេញចិត្តរស់ជាតិនំនៅទីនេះ…ខ្ញុំធ្លាប់ដើរញ៉ាំ ច្រើនកន្លែង គិតថាត្រូវមាត់ជាងគេនៅទីនេះ…”។Image

ក្រៅពីរស់ជាតិឆ្ងាញ់ហើយ អតិថិជនរូបនេះ បន្តថា តម្លៃ និងទីកន្លែងគឺសមរម្យទៀតផង។

ដោយគិតពីហានិភ័យ និងការប្រឈមទាំងឡាយ វីរៈ បានទុករយៈពេលបីខែ ក្នុងការចាប់ផ្ដើមនេះ ដោយលោកគិតថាបន្ទាប់ពី ៣ ខែ នេះ អាជីវកម្មរបស់លោកនឹងទទួលបានលទ្ធផលគាប់ប្រសើរ។

ម្ចាស់ហាង Noodle Tree រូបនេះមិនខ្វល់ពីការយល់ឃើញរបស់អ្នកដទៃ មកលើរូបលោក ដែលបានផ្លាស់ប្ដូរផ្លូវជីវិត ពីការធ្វើការក្នុងការិយាល័យ មកលក់នំបញ្ចុកនោះទេ។ “សំខាន់ខ្ញុំមិនចង់ចំណាយពេលច្រើនជាងនេះនោះទេ ខ្ញុំថាមនុស្សយើងមានពេលខ្លីណាស់…ហើយខ្ញុំអត់ចូលចិត្តរង់ចាំយូរ ហើយពេលនេះខ្ញុំអាចចាប់ផ្ដើមអ្វីដែលខ្ញុំចង់ធ្វើ”។

ចំណុចប្រឈមរបស់ ម្ចាស់ហាងរូបនេះបច្ចុប្បន្នគឺ ដោយសារតែហាងរបស់លោកទើបតែបើកថ្មី ត្រូវការចំណាយច្រើន ហើយមិនទាន់មានអ្នកស្គាល់ច្រើន នោះចំណូលក៏មិនទាន់អាចទប់ចំណាយ ដូចការគិតទុកឡើយ។ លើសពីនេះ វីរៈជាមនុស្សដែលគិតទៅលើគុណភាព និងសេវាកម្មជារឿងសំខាន់ និងជឿជាក់ថាអតិថិជនក៏ចង់បានដូចអ្វីដែលលោកគិតដែរ។ “ខ្ញុំមានការលំបាកខ្លះ ក្នុងការណែនាំប្រាប់បងប្អូន ឬម្ដាយមីង ក្នុងការធ្វើឲ្យគាត់យល់ដឹងនិងទទួលគំនិតយើងដែលថា “អតិថិជនជាស្ដេច” ព្រោះពួកគាត់ជាបងប្អូន”។

ចំណុចប្រឈមមួយទៀត ដែលលោក វីរៈ បានលើកឡើងនោះ គឺបញ្ហា ចុះបញ្ជីអាជីវកម្ម។ ដោយសារតែកន្លែងលោកបើកក្នុងលក្ខណៈគ្រួសារ តូចតាចទើបមិនទាន់ចុះបញ្ជី ហើយម្យ៉ាង លោកក៏មិនពេញចិត្តនឹងប្រព័ន្ធនៃការចុះបញ្ជីនេះដែរ។ “ចេះតែមានអ្នក មករករឿងយើង អីចេះអី ចុះ…” ។ តែទោះជាយ៉ាងណា បញ្ហានេះ លោកក៏កំពុងតែសិក្សា និងដោះស្រាយដែរ។

ដើម្បី ធ្វើឲ្យអាជីវកម្មរបស់ខ្លួន ទទួលបានជោគជ័យ វីរៈ បានសិក្សាពីវិធីសាស្ត្រជាច្រើន ដូចជាទីផ្សារជាដើម។ ជាបច្ចុប្បន្ន លោកបានបោះពុម្ព ក្រដាសខិត្តប័ណ្ណផ្សព្វផ្សាយព័ត៌មាន នៅតាមសាកលវិទ្យាល័យនានា និងនៅទីតាំងជុំវិញតំបន់អាជីវកម្មរបស់ខ្លួន ព្រមទាំងចុះផ្សាយនៅក្នុង គេហទំព័រផ្ទាល់ខ្លួន នៅលើ Facebook ផងដែរ។

ទៅមុខទៀត វីរៈ មានបំណងសហការជាមួយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដើម្បីទាក់ទាញ និងជាការប្រកាសឲ្យមានអ្នកដឹងច្រើន ពីទីតាំងរបស់ខ្លួន។

ចំណុចខ្លាំងដែល ម្ចាស់ហាងវ័យក្មេងរូបនេះ លើកឡើងចំពោះហាងរបស់ខ្លួនគឺ ទីតាំងសមស្រប ដោយលោកបញ្ជាក់ថា នៅជុំវិញនោះ សុទ្ធតែជាសាកលវិទ្យាល័យ និងក៏អាចចាត់ទុកជាទីប្រជុំជនមួយផងដែរ។ លោកគិតថា លោកនឹងទទួលជោគជ័យប្រសិនជាសិស្ស និស្សិតទាំងនោះ ស្គាល់ និងមកទទួលទាននំបញ្ចុករបស់លោក ខណៈដែលហាងរបស់លោក បានផ្ដល់នូវនំដែលមានរសជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ និងសេវាកម្មល្អរួសរាយ រាក់ទាក់។

ទន្ទឹមនឹងនោះដែរ អ្នកលក់នំបញ្ចុក មានសញ្ញាប័ត្រអនុបណ្ឌិតរូបនេះ តែងតែមិនភ្លេចទេ គឺការប្រុងប្រយ័ត្នការជ្រើសរើសអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្ត បាន។ “ខ្ញុំមិនចង់ឲ្យគេមកញ៉ាំនៅកន្លែងខ្ញុំ ហើយទៅវិញឈឺពោះ លែងមករហូតនៅទេ…តែខ្ញុំចង់ឲ្យគេមកហើយ ឆ្ងាញ់ និងមកម្ដងទៀត”។ ដូចនេះ លោកតែងតែនិយាយយ៉ាងច្បាស់ជាមួយអ្នកផ្គត់ផ្គង់បន្លែ និងនំបញ្ចុក ថាមិនត្រូវដាក់ថ្នាំឡើយ។

រាល់បន្លែដែលនៅសល់ នឹងមិនអនុញ្ញាតទុកបន្តលក់នៅថ្ងៃស្អែកជាដាច់ខាត ទឹកនំ ក៏មិនឲ្យដាក់ប៊ីចេង ជាពិសេស រាល់ការផ្ដល់សេវាកម្មគឺល្អប្រសើរ។Image

ការងារលក់នំបញ្ចុក ដែលផ្នត់គំនិតខ្មែរភាគច្រើន គិតថាជាកិច្ចការកំប៉ិកកំប៉ុក និងសម្រាប់តែស្រីៗ នោះ ពិតជាបានធ្វើឲ្យ លោក វីរៈ យកចិត្តទុកដាក់ជាខ្លាំង។

នៅពេលដែលសួរថា តើលោកគ្រប់គ្រងថវិកា ឬចំណូលបានពីការលក់នំ មួយចានតែ ៤៥០០ រៀលនេះ ដោយវិធីណាដើម្បីកុំឲ្យបាត់ដើមទុននោះ?

ម្ចាស់ហាង ដែលមានបទពិសោធន៍ការងារនៅអង្គការ ៨ ឆ្នាំ បាននិយាយយ៉ាងមានទំនុកចិត្តថា “ទោះបីខ្ញុំអត់មាន បទពិសោធន៍ការងាររកស៊ីពិតមែន តែយ៉ាងណា ខ្ញុំក៏បានរៀនច្រើនទាក់ទងការគ្រប់គ្រងអាជីវកម្មដែរ ហើយរឿងលិខិតស្នាម បញ្ជី នោះក៏ខ្ញុំធ្លាប់កាន់ ចាត់ចែង ច្រើនដែរនៅអង្គការ…”។

វីរៈ តែងតែគ្រប់គ្រងការចំណាយទាំងអស់យ៉ាងប្រុងប្រយ័ត្ន ដោយកត់ត្រារាល់ការដកចំណាយនានា ដើម្បីជៀសវាង ការបន្លំ ឬបាត់បង់ប្រាក់ចំណូល។

គោលបំណងអនាគត

វីរៈ មានគោលដៅច្បាស់លាស់ថានឹងព្យាយាមធ្វើឲ្យអាជីវកម្មលក្ខណៈគ្រួសារ មួយនេះ មានភាពជោគជ័យ ត្រូវបានគេស្គាល់ច្រើន និងអាចប្រែក្លាយខ្លួនរីកចម្រើន ទៅមុខបានរលូន។
ជាមួយគ្នានេះដែរ រាល់ការងារខិតខំប្រឹងប្រែងទាំងអស់ របស់ វីរៈ គឺដោយសារកម្លាំងចិត្តតែមួយគត់។ នោះជាក្ដីសង្ឃឹមដែលតែងតែនៅក្នុងខ្លួនលោកជានិច្ច ថានឹងធ្វើឲ្យជីវិតលោករីករាយនឹងធម្មជាតិ ព្រមទាំងបានចូលរួមជួយមនុស្សមួយចំនួនឲ្យមានការងារធ្វើ។ “នេះជាការបង្កើតការងារសម្រាប់ខ្លួន និងអ្នកដទៃ”។Image

តាមរយៈអត្ថបទនេះ Sabay ចង់ឆ្លុះបញ្ចាំងមិត្តយុវវ័យ ពីការសម្រេចចិត្តរបស់បុរសម្នាក់ដែលផ្លាស់ប្តូរការគិត និងមុខរបរពីការធ្វើឲ្យគេ មកការបង្កើតការងារដោយខ្លួនឯង។ នេះគឺជាគម្រូឧទាហរណ៍ សម្រាប់និស្សិតដទៃទៀតឲ្យចេះបង្កើតការងារសម្រាប់ខ្លួន តែក៏មិនមែនមានន័យថាទាល់តែរៀនចប់ បរិញ្ញាប័ត្រ ឬអនុបណ្ឌិតដូចជា លោក វីរៈ ម្ចាស់ហាងនំបញ្ចុកខ្មែរ “Noodle Tree” នោះទេ។ មិត្តនិស្សិតអាចពិចារណា និងកំណត់ការសម្រេចចិត្តឲ្យច្បាសមុននឹងចាប់ផ្ដើម នោះ Sabay ជឿជាក់ថា អ្នកនឹងទទួលបានជោគជ័យជាមិនខាន៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s