ហេតុអ្វី បានជាចាំបាច់ធ្វើការងារស្ម័គ្រចិត្ត?

យុវវ័យមួយចំនួន មិនចង់ធ្វើការស្ម័គ្រចិត្តទេ ដោយអ្នកខ្លះយល់ថា ការងារស្ម័គ្រចិត្តត្រូវបានគេបញ្ជូនទៅតាមខេត្តឆ្ងាយៗ មិនបានលុយ ហើយអាចប្រឈមទៅនឹងការលំបាកជាច្រើន ដូចជាការរស់នៅ ការហូបចុក ជាដើម។ តើរឿងនេះយ៉ាងណាដែរ? តើការងារជាអ្នកស្ម័គ្រចិត្ត ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យុវវ័យ ក៏ដូចជាសហគម? ដើម្បីក្លាយខ្លួនទៅជាអ្នកធ្វើការស្ម័គ្រចិត្ត តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ? គួរធ្វើជាការងារស្ម័គ្រចិត្តរយៈពេលប៉ុន្មាន ទើបទទួលបានបទពិសោធន៍ អាចរកការងារបានល្អធ្វើ? ដើម្បីអស់ចម្ងល់នេះ Sabay បានអញ្ជើញលោក ម៉ៅ វុត្ថា មន្ត្រីជាន់ខ្ពស់របស់អង្គការយុវតារាកម្ពុជាធ្វើការបកស្រាយដូចខាង ក្រោម។Image

 ជម្រាបសួរលោកម៉ៅ វុត្ថា! តើអ្វីទៅជាការងារស្ម័គ្រចិត្ត?
ម៉ៅ វុត្ថា៖ បាទជម្រាបសួរ! ការងារស្ម័គ្រចិត្ត សំដៅទៅលើការងារណា ដែលកើតចេញពីឆន្ទៈផ្ទាល់ខ្លួនរបស់អ្នកធ្វើ មិនគិតពីប្រាក់កម្រៃ ឬ ប្រាក់ខែណាមួយទេ ហើយការងារនេះធ្វើឡើងដើម្បីផលប្រយោជន៍ខ្លួនឯងផង សង្គមជាតិផង។

ការងារស្ម័គ្រចិត្តសម្រាប់តែយុវវ័យ ឬយ៉ាងណា?
ម៉ៅ វុត្ថា៖ ការងារស្ម័គ្រចិត្តមិនមែនសម្រាប់តែយុវវ័យនោះទេ។ បើយើងសម្លឹងនៅក្នុងសង្គមខ្មែរតាមលក្ខណៈប្រពៃណីការងារ ស្ម័គ្រចិត្តបានកើតមានតាំងពីយូរយារណាស់មកហើយ។ ឧទាហរណ៍  ការចូលរួមលើកផ្លូវ ការធ្វើបុណ្យទាននៅតាមវត្តអារាមជាដើម។ ដោយឡែក បើយើងនិយាយការងារស្ម័គ្រចិត្តសម្រាប់យុវវ័យវិញ គឺជាស្ពានចម្លងអាចឲ្យពួកគាត់រកបានការងារដែលគាត់ពេញចិត្ត។

តើការងារស្ម័គ្រចិត្តនៅអង្គការលោកវិញ ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់យុវវ័យ ក៏ដូចជាសហគមន៍?
ម៉ៅ វុត្ថា៖ បាទ! ជាទូទៅ ផ្ដល់ផលប្រយោជន៍ពីរធំៗ គឺផ្ដល់ដល់អ្នកធ្វើ និងអ្នកទទួលបានសេវា។ ការងារស្ម័គ្រចិត្តនៅអង្គការយុវតារាកម្ពុជាវិញ អ្នកស្ម័គ្រចិត្តនឹងទទួលបានបទពិសោធន៍ជាច្រើន ជាពិសេស អាចពង្រីកចំណេះដឹង  អាចសម្របខ្លួនទៅតាមស្ថានភាពដែលគាត់មិនធ្លាប់ជួប ទទួលបានវគ្គបណ្ដុះបណ្ដាលបន្ថែម ការរៀនភាសាអង់គ្លេសបន្ថែម ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ ទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារក្នុងមួយខែ និងសោហ៊ុយធ្វើដំណើរ ហើយចំពោះការងារកសិកម្ម នឹងទទួលបានឱកាសចុះកម្មសិក្សារយៈពេលមួយឆ្នាំនៅអាមេរិកទៀតផង ។ អ្នកដែលទទួលសេវាគឺ ប្រជាជនក្នុងសហគមន៍។ យុវតារាមានសេវាកម្មចំនួន៤ធំៗ ដូចជា ការលើកកម្ពស់ការអប់រំសិក្សាធិការ  អនាម័យនិងសុខុមាលភាព ធានានិរន្តរភាពបរិស្ថាន  និងការការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។Image

ដើម្បីក្លាយខ្លួនទៅជាធ្វើអ្នកការស្ម័គ្រចិត្ត តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ចុះអង្គការយុវតារាកម្ពុជាវិញ តើត្រូវការអ្វីខ្លះ ?
ម៉ៅ វុត្ថា៖ និយាយជារួមការងារស្ម័គ្រចិត្ត គឺត្រូវការឆន្ទៈក្នុងការបំពេញការងារដោយឥតរុញរា ហើយការបំពេញការងារនេះមិនគិតពីប្រាក់កម្រៃនោះទេ។ សិស្សនិស្សិតទាំងអស់អាចស្វែងរកការងារស្ម័គ្រចិត្តនេះនៅតាម បណ្ដាអង្គការ ឬក្រុមហ៊ុនមួយចំនួនបាន។

ចំពោះអង្គការយុវតារាកម្ពុជា ចាំទទួលពាក្យគ្រប់ពេលវេលា ព្រោះក្នុងមួយឆ្នាំយើងត្រូវការជ្រើសរើសចំនួន៣លើកឯណោះ។

អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវ ស្ថិតក្នុងចន្លោះអាយុពី២០ទៅ៣០ឆ្នាំ ហើយត្រូវមានបរិញ្ញាបត្រគ្រប់ផ្នែកទាំងអស់។ ដោយឡែក ខាងការងារកសិកម្ម មិនចាំបាច់មានបរិញ្ញាបត្រក៏បានដែរ គឺមានត្រឹមតែបរិញ្ញាបរិញ្ញាបត្ររង ក៏ខាងអង្គការយុវតារាកម្ពុជាទទួលបានដែរ ដោយសារតែធនធានមនុស្សនៅកម្ពុជាខាងផ្នែកកសិកម្មនៅមានកម្រិត។ យុវជនដែលមកដាក់ពាក្យទាំងអស់ត្រូវ ត្រូវឆ្លងកាត់គណៈកម្មការសម្ភាសន៍ រួចហើយពួកគាត់ត្រូវទៅបំពេញការងារជាអ្នកស្ម័គ្រចិត្តយ៉ាងតិច មួយឆ្នាំ។

ហេតុអ្វីបានជាអង្គការ របស់លោកទទួលយកអ្នកស្ម័គ្រចិត្ត លុះត្រាតែចប់បរិញ្ញាបត្របែបនេះ?
ម៉ៅ វត្ថា៖ ពីព្រោះ យើងត្រូវបញ្ជូនគាត់ទៅធ្វើការជាមួយសហគមន៍ ជាអ្នកដើរតួជាគំរូបង្ហាញទៅប្រជាពលរដ្ឋ។ យុវជនយុវតារា គឺជាកាតាលីករមួយជួយជំរុញឲ្យមានការអភិវឌ្ឍក្នុងសហគមន៍។ អីចឹងហើយការងារមួយចំនួនគឺទាមទាឲ្យមានគំនិតច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយ។ ម្យ៉ាងវិញទៀត ពួកគេ  ធ្វើការជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ឬប្រធានភូមិជាដើម ។

មួយវិញទៀតមុន នឹងការបង្កើត អង្គការយុវតារា យើងក៏បានធ្វើការResearch មួយទាក់ទងនិងចំនួននិស្សិតដែលបានបញ្ចប់ការសិក្សានៅតាម មហាវិទ្យាល័យនានា ថាតើអ្វីជាដែលចំណុចសំខាន់បំផុតដែលគាត់មិនអាចរកការងារបាន? អ្វីដែលយើងរកឃើញនោះគឺ ការខ្វះបទពិសោធន៍ ខ្វះជំនាញបន្ថែម ខ្វះការពង្រឹងសមត្ថភាព អញ្ចឹងហើយទើបយុវវតារាកម្ពុជាបានបំពេញការហ្វឹកហាត់ការងារមួយឆ្នាំ ជូនគាត់។

លោក គេថាការងារស្ម័គ្រចិត្ត ជាការងារមួយដែលអ្នកធ្វើចាំតែធ្វើតាមការបញ្ជារបស់គេ តើរឿងនេះយ៉ាងណាដែរ? ចុះយុវជន យុវតារាកម្ពុជាវិញ ?
ម៉ៅ វុត្ថា៖ វាអាស្រ័យទៅតាមចរិតលក្ខណៈនៃការងារក្នុងស្ថាប័ន ឬអង្គការនីមួយៗដែលផ្ដល់សេវាកម្មការងារស្ម័គ្រចិត្តនេះ។ សម្រាប់យុវតារាវិញ គឺយើងទាមទាឲ្យមានឆន្ទៈ និងគំនិតច្នៃប្រឌិតក្នុងការធ្វើការជាមួយសហគមន៍ដែលងាយរង គ្រោះ។ដូចជាពួកគាត់ អាចធ្វើការជាមួយក្រុមយុវជនទំនើងក្នុងសហគមន៍ជាដើម។ អីចឹងហើយពួកគាត់ទាមទារឲ្យមានគំនិតច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហា នានាដែលកើតឡើង។ ជាមួយគ្នានេះយុវជនយុវតារាមិនមែនយកអ្នកស្ម័គ្រចិត្តទៅប្រលែង ចោលនោះទេ យើងបានបណ្ដុះបណ្ដាលជំនាញជូនគាត់ដែរ  ហើយប្រសិនបើគាត់ខ្វះយើងនិងបំពេញបន្ថែម។Image

មានយុវវ័យមួយចំនួន ជាពិសេសយុវតី មិនហ៊ានទៅធ្វើការជាអ្នកស្ម័គ្រ ចិត្តដោយពួកគាត់យល់ថា ការងារស្ម័គ្រចិត្តត្រូវបានគេបញ្ជូនទៅតាមខេត្តឆ្ងាយៗ អាចប្រឈមទៅនឹងការលំបាកជាច្រើនទាក់ទងទៅនឹងការរស់នៅក៏ដូចជា ការហូបចុក តើរឿងនេះលោកអាចពន្យល់យ៉ាងណាដែរ? ចុះអង្គការរបស់លោកវិញយ៉ាងណាដែរ?
ម៉ៅ វុត្ថា៖ សម័យនេះវាជា សម័យភាវូបនីយកម្ម ទស្សនៈបែបនេះវាហួសសម័យទៅហើយ។ យុវវ័យទាំងអស់ត្រូវនិយាយថា សមភាព សមធម៌យេនឌ័រ។ អ្វីដែលមនុស្សប្រុសអាចធ្វើបាន ស្រីក៏អាចធ្វើបានដែរ ហើយមានការងារខ្លះមនុស្សប្រុសមិនអាចធ្វើបាន ប៉ុន្តែស្ត្រីអាចធ្វើបាន។
បើគ្រាន់តែការងារប៉ុណ្ណឹង យើងធ្វើមិនបានផង តើទៅថ្ងៃមុខយើងធ្វើអ្វីកើត។
យើងទៅធ្វើការងារជាអ្នកស្ម័គ្រចិត្ត យើងបានជួយសង្គម ហើយយើងក៏ទទួលបានបទពិសោធន៍ ដើម្បីឈានទៅរកការងារល្អមួយទៅថ្ងៃអនាគត។
យុវវ័យជាស្រីមិនចាំបាច់មានការភ័យខ្លាចអ្វីទេ នៅយុវតារាលុះត្រាតែមានការស្នើសុំពីសហគមន៍ ទើបយើងជញ្ជួនពួកគាត់ទៅ។ ចំណែកខាងសហគមន៍ត្រូវតែធានា ពីសុវត្ថិភាពជូនអ្នកស្ម័គ្រចិត្ត ទាំងការរស់នៅ ក៏ដូចជាសុខភាពមិនឲ្យមានបញ្ញានោះទេ។ ចំពោះអ្នកដែលធានាសុវត្ថិភាពគឺជាមនុស្សដែលមានឥទ្ធិពលក្នុងសហគមន៍ ដួចជា មេឃុំ ចៅសង្កាត់ មេភូមិជាដើម។ ជាក់ស្ដែង  ចាប់ពីពេលបង្កើត ឆ្នាំ២០០៥មក អង្គការយុវតារាបានជួយយុវជនបានចំនួន១៤៩នាក់ដែលបានបញ្ចប់ការងារ ជាអ្នកស្ម័គ្រចិត្តហើយក្នុងនោះមានស្រី២៥% ។ ចំនួននេះយុវជនជាង៩០%ដែលបានបញ្ចប់ការងារជាមួយយើងទទួលបាន ការងារធ្វើ  ហើយពួកគាត់ទទួលបានមុខនាទីល្អៗ។

គួរធ្វើជាការងារស្ម័គ្រចិត្តរយៈពេលប៉ុន្មាន ទើបទទួលបានបទពិសោធន៍ រកការងារបានល្អធ្វើ លោកបាទ ?
ម៉ៅ វុត្ថា៖ វាអាស្រ័យទៅតាមចរិតលក្ខណៈនៃការងារ។ ការងារខ្លះ មានរយៈពេល៦ខែ ៣ខែ ១ខែ ១សប្ដាហ៏ ឬ ២ទៅ៣ថ្ងៃក៏មាន។ ប៉ុន្តែសម្រាប់ការងារដែលទាក់ទងនិងវិជ្ជាជីវៈ យុវវ័យគួរតែស្វែងរកការងារណាដែលមានរយៈពេលយូរ ដើម្បីឈានទៅរកការងារមួយល្អនាពេលខាងមុខ។
ប៉ុន្តែសម្រាប់យុវតារាវិញ គឺទាមទារឲ្យគាត់អនុវត្តគម្រោងរយៈពេលមួយឆ្នាំ ដើម្បីទទួលបានបទពិសោធន៍ ក្នុងការទទួលបានការងារល្អ។Image

ជាចុងក្រោយ តើលោកមានអ្វីបន្ថែម លើប្រធានបទខាងលើនេះទេ?
ម៉ៅ វុត្ថា៖ បាទ អរគុណណាស់ប្អូន! យុវវ័យទាំងអស់ត្រូវចងចាំថា ការងារស្ម័គ្រចិត្តគឺជាទុនមួយ ដែលអាចបំពេញបំណង ការងារក្នុងក្ដីស្រមៃរបស់យើង។ តាមរយៈការងារស្ម័គ្រនេះយុវវ័យនិងមានឱកាសបញ្ចេញសមត្ថភាពរបស់ ខ្លួនក៏ដូចជាមានឱកាសក្នុងការចូលរួមក៏សាងសង្គមមួយប្រកបដោយ យុត្តិធម៌និងសន្តិភាព។  គ្រប់គ្នាគឺសុទ្ធតែអាចធ្វើវិភាគទានដល់សង្គមតាមបែបផ្សេងៗ គ្នា។ អីចឹងហើយវាគឺជាភារកិច្ចនិងសិទ្ធិរបស់យើងទាំងអស់គ្នា៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s