ពីកម្មកររោងចក្រក្លាយជាប្រធានអង្គការ

នៅក្នុងទំព័រភាពជោគជ័យថ្ងៃនេះសូមបង្ហាញប្រិយមិត្តមិត្តអ្នកអានឲ្យបានស្គាល់ អ្នកស្រី មាស មរកត ប្រធានអង្គការចលនាស្ត្រីកម្ពុជា។ ខ្សែជីវិតអ្នកស្រីផ្ដើមចេញពីកម្មកររោងចក្រ និងការប្រឡូកក្នុងការងារជាប្រធានសហជីព បន្ទាប់មក បានក្លាយខ្លួនទៅជា ប្រធានអង្គការចលនាស្រី និងជាពិធីការិនីវិទ្យុ។ អ្នកស្រីថា ភាពជោគជ័យនេះ គឺបានមកពីការជួយជ្រោមជ្រែងពីមិត្តរួមការងារ និងក្រុមគ្រួសារ។ អ្នកស្រី ស្អប់អំពើអយុត្តិធម៌តាំងពីកំណើតមកម៉្លេះ។Image

ជម្រាបសួរអ្នកស្រី! តើអ្នកស្រីអាចប្រាប់ពីជីវប្រវត្តិសង្ខេបដល់មិត្តអ្នកអានបានទេ?
មាស មរកត៖ ខ្ញុំឈ្មោះ មាស មរតក កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៤ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ខ្ញុំមានបងប្អូន៩នាក់ ស្រី៨ ប្រុស១ ជាកូនទី៤ នៅក្នុងគ្រួសារ។ ឪពុករបស់ខ្ញុំជាអតីតគ្រូបង្រៀន គាត់ចូលនិវត្តន៍ហើយ ចំណែកម្ដាយខ្ញុំជាមេផ្ទះ។ បច្ចុប្បន្ន ខ្ញុំមានកូន៣នាក់ ប្ដីរបស់ខ្ញុំជាអ្នកបើកបររថយន្តក្រុង ដែលកាលពីមុនជាអ្នករត់ម៉ូតូឌុប។

ចុះប្រវត្តិការសិក្សាវិញ តើអ្នកស្រីរៀនបានកម្រិតណាដែរ?
មាស មរកត៖ ដោយសារ ខ្ញុំមានបងប្អូនច្រើន ហើយជីវភាពគ្រួសារជួបការលំបាក ខ្ញុំរៀនបានត្រឹមតែថ្នាក់ទី៨ប៉ុណ្ណោះ។

ចំពោះប្រវត្តិការងារវិញ ខ្ញុំឭថា អ្នកស្រី ធ្លាប់ធ្វើជាកម្មករច្រើនកន្លែងណាស់ តើរឿងនេះយ៉ាងណា?
មាស មរកត៖ ខ្ញុំធ្លាប់ធ្វើជាកម្មករឡឥដ្ឋបាន២ឆ្នាំ។ ធ្វើជាកម្មកររោងចក្រអាឈើបាន៥ឆ្នាំ ធ្វើជាកម្មកររោងចក្រកាត់ដេរបាន៦ឆ្នាំ និងបានក្លាយជាប្រធានអង្គការចលនាស្រីកម្ពុជានៅឆ្នាំ២០០៦ ក្រៅពីនេះ ខ្ញុំក៏ជាអនុប្រធានសហព័ន្ធសហជីពស៊ូរួបរួមដើម្បីស្ត្រី ព្រមទាំងជាពិធីការិនីវិទ្យុមាតុភូមិយើងដែរ។

អ្នកស្រី! អាចនិយាយពីដើមចមនៃការបង្កើតអង្គការចលនាស្ត្រីកម្ពុជាបន្តិចបានទេ?
មាស មរកត៖ ចាស៎! កាលពីខ្ញុំធ្វើការងារជាកម្មកររោងចក្របានពីរឆ្នាំ ខ្ញុំមើលឃើញការគាបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ពីថៅកែចិន។ ខ្ញុំស្អប់អំពើអយុត្តិធម៌តាំងពីកំណើតមកម៉្លេះ។ ខ្ញុំតែងតែជួយកម្មករដូចគ្នា ជាពិសេស នៅពេលដែលថៅកែរំលោភបំពានសិទ្ធិ និងកេងប្រវ័ញ្ចប្រាក់បៀវត្ស។ ស្របពេលជាមួយគ្នានោះ មានមណ្ឌលសាមគ្គីភាពការងារ របស់អាមេរិក (អេស៊ីល) ចុះមកអប់រំ ពន្យល់ដល់កម្មករឲ្យចេះបង្កើតជាសហជីពក្នុងរោងចក្រ ដើម្បីការពារសិទ្ធិសេរីភាពកម្មករ។ ខ្ញុំត្រូវបានកម្មករ បោះឆ្នោតឲ្យធ្វើជាប្រធានសហជីពក្នុងឆ្នាំ២០០០។ ពេលដែលខ្ញុំឡើងកាន់តំណែងជាប្រធានសហជីពដំបូង ខ្ញុំភ័យខ្លាចខ្លះៗដែរ។ ប៉ុន្តែ ក្រោយពីបានរៀនវគ្គខ្លីៗជាច្រើនជុំវិញការងារជាប្រធាន សហជីពមក ធ្វើឲ្យខ្ញុំលែងមានការភ័យខ្លាច និងមានកម្លាំងចិត្តបំពេញតួនាទីនេះ។ មិនបានប៉ុន្មានផង ខ្ញុំបានស្គាល់សហជីពជាច្រើនទៀត។

នៅឆ្នាំ២០០៤ ខ្ញុំត្រូវបានគេបោះឆ្នោតជាអនុប្រធានសហព័ន្ធសហជីពស៊ូរួបរួម ដើម្បីស្រី។ នៅឆ្នាំ២០០៦ ខ្ញុំត្រូវបានអង្គការ អេស៊ីល ជួយផ្ចុងផ្ដើមបង្កើតជាអង្គការចលនាស្ត្រីកម្ពុជានេះឡើង។ កាលបង្កើតដំបូង ខ្ញុំជាអគ្គលេខាធិការទេ ប៉ុន្តែក្រោយមក ខ្ញុំត្រូវបានសមាជិកបោះឆ្នោតជាប្រធានទៅវិញ។

នៅពេលដែលអ្នកស្រីធ្វើការងារអីចឹង តើស្វាមីគិតយ៉ាងម៉េចដែរបង?
មាស មរកត៖ ចាស៎! កាលពីខ្ញុំធ្វើជាការងារជាប្រធានសហជីព កាលនោះ លំបាកខ្លាំងណាស់។ ខ្ញុំត្រូវធ្វើការផង ទៅរៀនការងារសហជីពបន្ថែមផង។ ពេលត្រឡប់មកផ្ទះវិញយប់ៗ ប្រាក់ខែបើកមកបានតិច ចាយមិនគ្រាន់ទេ ហើយប្ដីក៏មិនយល់ចិត្តទៀត។ ពេលគាត់មកពីរត់ម៉ូតូវិញ គាត់មិនសូវជួយធ្វើកិច្ចការផ្ទះទេ កូនក៏គាត់មិនរវល់ដែរ។ មានពេលខ្លះ គាត់ប្រច័ណ្ឌខ្ញុំ ថាមានប្រុស ជួនកាលឈានដល់អំពើហិង្សាទៀត។ គាត់មិនចង់ឲ្យខ្ញុំធ្វើការងារជាប្រធានសហជីពនេះទេ។

ចុះបើអីចឹង អ្នកស្រីដោះស្រាយយ៉ាងម៉េចទៅ? អ្នកស្រីចង់ឈប់ធ្វើការងារនេះទេ?
មាស មរកត៖ កាលនោះប្រសិនបើខ្ញុំឈប់ពីការងារសហជីព នេះ ក៏ខ្ញុំបានលុយមិនស្ទើរដែរ ព្រោះថៅកែបានទិញទឹកចិត្តរបស់ យើងប្រសិនបើលាឈប់ពីប្រធានសហជីពនោះ។ ប៉ុន្តែខ្ញុំមិនលក់ឧត្ដមគតិរបស់ខ្លួននោះទេ។ នៅពេលដែលប្ដីរបស់ខ្ញុំខឹងម្ដងៗ ខ្ញុំតែងតែពន្យល់គាត់ឲ្យយល់ពីការងារ និងតម្រូវការរបស់ខ្ញុំ។ មានពេលខ្លះ ខ្ញុំបាននាំគាត់ទៅមើលការងារផ្ទាល់របស់ខ្ញុំ ដើម្បីឲ្យអស់មន្ទិលពីការសង្ស័យ។ ឥឡូវ គាត់លែងប្រចណ្ឌទៀតហើយ។

ចុះការងារស្វាមីអ្នកស្រី  ប្រសើរឡើងយ៉ាងម៉េចខ្លះហើយ?
មាស មរកត៖ កាលពីដំបូងប្ដីរបស់ខ្ញុំ គាត់ជាអ្នករត់ម៉ូតូឌុបទេ ប៉ុន្តែក្រោយមក ខ្ញុំក៏បានឲ្យគាត់ទៅរៀនបើកបររថយន្ត។ បច្ចុប្បន្ននេះ គាត់គឺជាអ្នកបើកឡានក្រុងឲ្យក្រុមហ៊ុនឯកជនមួយ ហើយឥរិយាបថគាត់ក៏មានការផ្លាស់ប្ដូរច្រើនណាស់ដែរ។

ងាកមកការងារជាពិធីការិនីវិញ ហេតុអ្វីបានជាអ្នកស្រីចាប់យកអាជីពនេះមួយទៀត?
មាស មរកត៖ តាមពិតទៅវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ តាំងពីតូចមកម្លិះ ហើយខ្ញុំក៏មិននឹងស្មានថាមានឱកាសទេ។ កាលពីដំបូងអង្គការ ILO បានឲ្យខ្ញុំធ្វើកម្មវិធីកម្មករនៅក្នុងវិទ្យុ៩៣.៥ ខ្ញុំធ្វើបាន៣ខែក៏ចប់គម្រោងនេះទៅ។ កាលនោះមិនទាន់ចេះអ្វីនោះទេ សូម្បីតែកាត់សំឡេងក៏មិនចេះដែរ តែពេលនោះ ខាងក្រសួងសង្គមកិច្ចត្រូវការ ពិធីការិនីស្ម័គ្រចិត្តនិយាយនៅវិទ្យុមាតុភូមិយើង កាន់កម្មវិធីកម្មករ ខ្ញុំក៏ត្រូវបានគេជ្រើសរើសទៅ។

អ្នកស្រីរៀនបានត្រឹមតែថ្នាក់ទី៨ ហេតុអ្វីបានជាធ្វើការងារនេះបាន? ចុះបុគ្គលិកផ្សេងទៀតដែលមានសញ្ញាប័ត្របរិញ្ញា អនុបណ្ឌិត គេមានការថ្នាំងថ្នាក់យ៉ាងណាដែរទេ?
មាស មរកត៖ ចាស៎! តាមពិតទៅវាមានគម្លាតខុសគ្នាឆ្ងាយណាស់។ ប៉ុន្តែចំណេះដឹងពីសាលា វាមិនអាចឆ្លុះបញ្ចាំងពីបទពិសោធន៍ជាក់ស្ដែងនោះទេ។ បុគ្គលិកទាំងអស់ចូលចិត្តខ្ញុំណាស់។ យើងបានសហការ និងរៀនពីគ្នាទៅវិញទៅមក។ បើទោះបីបុគ្គលិកខ្លះមានសញ្ញាបត្រខ្ពស់យ៉ាងណាក្ដី ក៏ពួកគេមិនដែលមាក់ងាយ ឬថ្នាំងថ្នាក់លើខ្ញុំទេ។

តើអ្វីជាកម្លាំងចិត្ត ដែលជម្រុញឲ្យអ្នកស្រីសម្រេចបានបែបនេះ?
មាស មរកត៖ កម្លាំងចិត្តរបស់ខ្ញុំនោះគឺស្វាមី កូន មិត្តរួមការងារ និងការទទួលបានជោគជ័យ ជាបន្តបន្ទាប់ក្នុងអាជីព។

តើទៅថ្ងៃខាងមុខអ្នកស្រី មានគម្រោងធ្វើអ្វីទៀត ?
មាស មរកត៖ តាមពិតទៅខ្ញុំបានតៀមលក្ខណៈជាស្រេចហើយ នៅឆ្នាំ២០១២ ខាងមុខនេះ ខ្ញុំនឹងឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីជួយអភិវឌ្ឍន៍ស្ត្រី។

បើតាមការស្ដាប់ ពីជីវិតពិតរបស់អ្នកស្រីមក សង្កេតឃើញថា អ្នកស្រីធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើន ទាំងការងារកម្មករឡឥដ្ឋ កម្មរោងចក្រអាឈើ កម្មកររោងចក្រកាត់ដេរ ការងារជាប្រធានសហជីព ការងារជាប្រធានអង្គការ និងភាពលំបាកក្នុងគ្រួសារជាដើម។ តើអ្នកស្រីមានអ្វីចែករំលែក ដល់យុវវ័យផ្សេងទៀតទេ?
មាស មរកត៖ មនុស្សយើងកើតមកមានខ្លួនមួយដូចគ្នា។ ជាធម្មតាលក្ខខ័ណ្ឌសេដ្ឋកិច្ចមិនដូចគ្នានោះទេ។ ប៉ុន្តែសំខាន់បំផុត គឺត្រូវចេះកំណត់គោលដៅជីវិតខ្លួនឯងឲ្យបានច្បាស់សិន ថាតើយើងចង់ធ្វើអ្វីពិតប្រាកដ? រួចហើយយើងត្រូវតែខិតខំធ្វើការងារនោះ ទើបអាចសម្រេចបាន។ ការចំណាយពេលជាមួយការងារមិនមែនជាការអត់ប្រយោជន៍នោះទេ ថ្ងៃណាមួយការងារនោះនឹងឲ្យផលជាមិនខាន តស៊ូគង់តែបានសម្រេចទេ

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s