ទីវ ចប៖ សុន្ទរកថាដែលគួរចងចាំ

នេះជាសុន្ទរកថារបស់លោកស្ទីវចប (Steve Jobs) ស្ថាបនិកក្រុមហ៊ុនអេបផល ដែលបានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យស្ទែនហ្វដ កាលពីឆ្នាំ២០០៥។ សុន្ទរកថានេះទទួលបានចំណាប់អារម្មណ៍ពីមនុស្សទូទាំងពិភពលោកម្ដងទៀត ក្រោយពេលដែលលោកស្ទីវចបបានទទួលមរណភាពកាលពីសប្ដាហ៍មុន។ ខាងក្រោមនេះជាវីដេអូ និងខ្លឹមសារបកប្រែជាភាសាខ្មែរក្រៅផ្លូវការរបស់ខ្ញុំ។

. សេចក្ដីផ្តើម

សូមអរគុណ។ ថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុង ពិធីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ឆ្នើមមួយលើលោក របស់អ្នកទាំងអស់គ្នា។ ខ្លួនខ្ញុំផ្ទាល់មិនធ្លាប់បញ្ចប់ការសិក្សាពីមហាវិទ្យាល័យទេ។ តាមពិតទៅ នេះជាឱកាសតែមួយគត់ដែលខ្ញុំបាននៅក្បែរពិធីបញ្ចប់ការសិក្សាបំផុត។ ថ្ងៃនេះ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវរឿងរ៉ាវចំនួន៣អំពីជីវិតខ្ញុំ។ តែប៉ុណ្ណឹងទេ។ គ្មានអ្វីអស្ចារ្យទេ។ គ្រាន់តែរឿង៣ប៉ុណ្ណោះ។

 

. អំពីការតភ្ជាប់ចំនុច(1)

 

រឿងទីមួយ គឺនិយាយពីការតភ្ជាប់ចំនុច។  បន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យរីដ បាន៦ខែខ្ញុំបានព្យួរការសិក្សា។ ប៉ុន្តែខ្ញុំនៅទៅរៀនរយៈពេល១៨ខែទៀត មុនពេលដែលខ្ញុំរត់ចោលសាលាពិតប្រាកដ។ តើហេតុអ្វីបានជាខ្ញុំព្យួរការសិក្សា?

ដើមហេតុ គឺគួររំលឹកតាំងពីពេលខ្ញុំមិនទាន់កើត។ ម្ដាយបង្កើតរបស់ខ្ញុំជានិស្សិតអនុបណ្ឌិត វ័យក្មេង និងមិនបានរៀបការ។ ហេតុនេះគាត់បានសំរេចចិត្តដាក់ខ្ញុំអោយក្លាយជាកូនចិញ្ចឹមរបស់គេ។ គាត់ប្រាថ្នាអោយអ្នកដែលទទួលខ្ញុំចិញ្ចឹម គួរតែជាអ្នកដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហេតុនេះគាត់បានរៀបចំអោយប្ដីប្រពន្ធមេធាវីមួយគូទទួលយកខ្ញុំទៅចិញ្ចឹម ពេលដែលខ្ញុំកើតមកភ្លាមៗ។ តែពេលដែលខ្ញុំកើតចេញមក ពួកគេបានសំរេចចិត្តជាចុងក្រោយថា ពួកគេចង់បាននោះគឺកូនស្រី។ ហេតុនេះឪពុកម្ដាយ(ចិញ្ចឹម)របស់ខ្ញុំ ដែលមានឈ្មោះក្នុងបញ្ជីរង់ចាំ បានទទួលទូរស័ព្ទមួយទាំងកណ្ដាលអាធ្រាត ដែលសួរថា «យើងមានកូនង៉ែតប្រុស ដែលយើងមិនបានរំពឹងទុក តើអ្នកត្រូវការវាទេ?» ពួកគាត់ឆ្លើយភ្លាមថា «ចង់បាន»។ ម្ដាយបង្កើតរបស់ខ្ញុំ ក្រោយមកបានដឹងថា ម្ដាយរបស់ខ្ញុំមិនធ្លាប់ដែលរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ហើយឪពុករបស់ខ្ញុំក៏មិនដែលបានរៀនចប់វិទ្យាល័យ។ គាត់បានបដិសេធមិនព្រមស៊ីញ៉េលើកិច្ចព្រមព្រៀងប្រគល់កូនអោយចិញ្ចឹម។ ប៉ុន្មានខែក្រោយមក គាត់ក៏បានប្ដូរចិត្តវិញ ពេលដែលឪពុកម្ដាយរបស់ខ្ញុំបានសន្យាថានឹងបញ្ជូនខ្ញុំទៅមហាវិទ្យាល័យ។ នេះជាចំនុចចាប់ផ្ដើមរបស់ជីវិតខ្ញុំ។

 

១៧ឆ្នាំក្រោយ ខ្ញុំបានចូលរៀនថ្នាក់បរិញ្ញា។ ប៉ុន្តែ ខ្ញុំបានជ្រើសរើសសាកលវិទ្យាល័យដ៏ថ្លៃប្រហែលស្ទែនហ្វដ ដោយមិនបានគិតគូរអោយបានដឹតដល់។ ឪពុកម្ដាយខ្ញុំដែលស្ថិតក្នុងវណ្ណៈពលករ បានចំណាយប្រាក់សន្សំទាំងអស់សំរាប់បង់ថ្លៃសាលាអោយខ្ញុំ។ បន្ទាប់ពីនៅទីនោះ៦ខែ ខ្ញុំមិនអាចមើលឃើញតំលៃអ្វីពីទីនោះទេ។ ខ្ញុំមិនដឹងពីអ្វីដែលខ្លួនចង់ធ្វើនៅក្នុងជីវិត ហើយក៏មិនដឹងថាតើសាកលវិទ្យាល័យអាចនឹងជួយខ្ញុំរកឃើញអ្វីដែលខ្ញុំចង់ធ្វើ ដោយរបៀបណា។ អញ្ចឹងហើយ ខ្ញុំនៅតែចំណាយប្រាក់សន្សំក្នុងមួយជីវិតរបស់ឪពុកម្ដាយខ្ញុំទៅលើវា។ ហេតុនេះខ្ញុំបានសំរេចចិត្តព្យួរការសិក្សា និងជឿថាលទ្ធផលចុងក្រោយនឹងមិនអីទេ។ វាជារឿងគួរអោយខ្លាចណាស់នាពេលនោះ ប៉ុន្តែបើងាកមើលទៅពេលនោះវិញ វាជាការសំរេចចិត្តដ៏ត្រឹមត្រូវបំផុតមួយរបស់ខ្ញុំ។ ចាប់ពីនាទីដែលខ្ញុំផ្អាកការសិក្សា ខ្ញុំអាចឈប់ទៅរៀនមុខវិជ្ជាណាដែលខ្ញុំមិនចាប់អារម្មណ៍ និងចាប់ផ្ដើមដើររៀនមុខវិជ្ជាណាដែលមើលទៅគួរចាប់អារម្មណ៍។

 

អ្វីៗមិនមែនឡូយទាំងអស់នោះទេ។ ខ្ញុំគ្មានបន្ទប់ក្នុងអន្តេរវិសិកដ្ឋាន ហេតុនេះខ្ញុំត្រូវគេងលើកំរាលឥដ្ឋក្នុងបន្ទប់មិត្តភក្ដិ។ ខ្ញុំយកដបខូកទៅហាងដូរយកប្រាក់តំកល់៥សេនមកវិញ ដើម្បីបានលុយទិញម្ហូប។ ហើយខ្ញុំធ្លាប់ដើរ៧ម៉ៃល៍កាត់ក្រុង រាល់យប់ថ្ងៃអាទិត្យ ដើម្បីទៅហូបអាហារសមរម្យនៅព្រះវិហារហរិគ្រិស្នា។ ខ្ញុំចូលចិត្តធ្វើបែបនេះ។ ហើយអ្វីដែលខ្ញុំធ្វើដោយស្ដាប់តាម ភាពចង់ដឹងចង់លឺ និងញាណ បានក្លាយជារបស់ដ៏មានតំលៃមិនអាចកាត់ថ្លៃបាននាពេលក្រោយមក ក្នុងជីវិតខ្ញុំ។ អនុញ្ញាតអោយខ្ញុំលើកឧទាហរណ៍មួយ។

 

សាកលវិទ្យាល័យរីដនាពេលនោះ ប្រហែលជាកន្លែងផ្ដល់នូវការបង្រៀនអក្សរផ្ចង់ល្អលើសគេនៅក្នុងប្រទេស។ នៅលើប័ណ្ឌផ្សព្វផ្យាយនៅទូទាំងសាលា និងនៅលើផ្លាកបិតថតទុក អក្សរទាំងឡាយត្រូវបានសរសេរដោយដៃយ៉ាងស្អាត។ ដោយសារតែខ្ញុំបានព្យូរការសិក្សាហើយខ្ញុំមិនចាំបាច់ត្រូវទៅរៀន មុខវិជ្ជាធម្មតា ខ្ញុំបានសំរេចចិត្តរៀនមុខវិជ្ជាអក្សរផ្ចង់ ដើម្បីមើលថាតែគេសរសេរវាយ៉ាងម៉េច។ ខ្ញុំបានរៀនអំពីប្រភេទអក្សរ សេរីប(មានកន្ទុយ)និងសង់សេរីប(គ្មានកន្ទុយ) អំពីបំរែបំរួលទំហំចន្លោះរវាងបន្សំអក្សរផ្សេងៗគ្នា និងអំពីអ្វីដែលធ្វើអោយហ្វុនអក្សរដ៏ស្រស់ស្អាតអោយកាន់តែស្រស់ស្អាត ថែមទៀត។ វាស្អាតណាស់ វាមានលក្ខណៈប្រវត្តិសាស្ត្រនិង មានភាពលំអិតតាមបែបសិល្បៈ ដែលវិទ្យាសាស្ត្រមិនអាចក្ដោបក្រសោបបាន ហើយខ្ញុំបានដឹងថាវាស្អាតអស្ចារ្យណាស់។

 

ក្នុងចំនោមចំនេះដឹងទាំងនេះ គ្មានអ្វីដែលអាចសង្ឃឹមថានឹងអាចយកទៅអនុវត្តផ្ទាល់ក្នុងជីវិត របស់ខ្ញុំទេ។ ប៉ុន្តែដប់ឆ្នាំក្រោយ ពេលដែលយើងកំពុងឌីហ្សាញកុំព្យូទ័រម៉ាឃីនថូសជំនាន់ដំបូងគេ ចំនេះដឹងទាំងនោះបានរស់ជាថ្មីឡើងវិញនៅក្នុងខ្លួនខ្ញុំ។ ហើយយើងបានឌីហ្សាញវាចូលទៅក្នុងម៉ាក់។ វាជាកុំព្យូទ័រទីមួយដែលមានហ្វុនអក្សរស្រស់ស្អាត។ បើសិនជាខ្ញុំមិនបានទៅចូលរៀនមុខវិជ្ជាអក្សរផ្ចង់នោះទេ ម៉ាក់ក៏មិនអាចមានហ្វុនច្រើននិងហ្វុនដែលមានចន្លោះពីគ្នាបាន សមយ៉ាងល្អឥតខ្ចោះនោះដែរ។ ហើយដោយហេតុថាវីនដូស៍ចេះត្រឹមតែចំលងពីម៉ាក់ ប្រហែលជាគ្មានកុំព្យូទ័រលើលោកណាមានហ្វុនស្អាតបែបនោះផងក៏មិនដឹង។ បើសិនជាខ្ញុំមិនបានព្យួរការសិក្សា  ហើយមិនបានដើរទៅរៀនថ្នាក់អក្សរផ្ចង់នោះទេ កុំព្យូទ័រក៏ប្រហែលជា មិនអាចមានហ្វុនអក្សរដ៏ស្រស់អស្ចារ្យដូចសព្វថ្ងៃបានដែរ។ ពិតមែនហើយ ខ្ញុំមិនអាចតភ្ជាប់ចំនុច ដោយមើលទៅមុខពេលដែលខ្ញុំនៅជានិស្សិតទេ។ ប៉ុន្តែវាច្បាស់ណាស់ថា ខ្ញុំបានតភ្ជាប់វាពេលក្រលេកមើលថយក្រោយនៅ១០ឆ្នាំក្រោយ។

 

ខ្ញុំសូមនិយាយម្ដងទៀត។ អ្នកមិនអាចតភ្ជាប់ចំនុចដែលនៅខាងមុខបានទេ។ អ្នកភ្ជាប់វាបានតែពេលក្រលេកមើលថយក្រោយប៉ុណ្ណោះ។ ហេតុនេះអ្នកត្រូវតែជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានាពេលអនាគត ក្នុងរូបភាពណាមួយ។ អ្នកត្រូវតែជឿលើអ្វីមួយ៖ វីរភាព វាសនា សង្ខារ កម្មផល ស្អីក៏បានដែរ។ ការជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានៅលើផ្លូវជីវីតដែលអ្នកដើរ នឹងធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួនឯង អោយអ្នកធ្វើតាមអ្វីដែលបេះដូងអ្នកប្រាថ្នា។ ទោះបីជាវានឹងនាំអ្នកចេញពីផ្លូវក្រាលកៅស៊ូស្រួលដើរដែលអ្នកដទៃ ដើរក៏ដោយ។ ការជឿបែបនោះនឹងជួយធ្វើអោយអ្វីៗផ្លាស់ប្ដូរ។

 

. អំពីក្ដីស្រលាញ់និងការបរាជ័យ

 

រឿងទីពីររបស់ខ្ញុំគឺនិយាយអំពីក្ដីស្រលាញ់និងការបរាជ័យ។ ខ្ញុំមានសំណាងណាស់ ដែលបានរកឃើញអ្វីដែលខ្ញុំចូលចិត្តធ្វើតាំងពីយុវវ័យ។ Woz និង ខ្ញុំបានបើកក្រុមហ៊ុនអេបផលនៅក្នុងរោងឡានរបស់ឪពុកម្ដាយខ្ញុំ ពេលខ្ញុំមានអាយុ២០ឆ្នាំ។ ពួកយើងប្រឹងប្រែងធ្វើការណាស់ ហើយក្នុងរយៈពេលតែ១០ឆ្នាំ អេបផលបានរីកធំធាត់ពីបុគ្គលិកតែ២នាក់នៅក្នុងរោងឡាន ក្លាយជាក្រុមហ៊ុនមានតំលៃ២០០០លានដុល្លារនិងមានបុគ្គលិកជាង៤០០០នាក់។ មួយឆ្នាំមុននោះ យើងបានចេញលក់ផលិតផលដ៏ឆ្នើមជាងគេរបស់យើង គឺម៉ាស៊ីនម៉ាឃីនថូស ហើយពេលនោះខ្ញុំទើបមានអាយុ៣០ឆ្នាំទេ។ បន្ទាប់មកខ្ញុំត្រូវគេបណ្ដេញចេញពីការងារ។ ដែរមានដែរ អ្នកដែលត្រូវគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនឯងបង្កើត? តាមពិតគឺអញ្ចេះទេ។ ពេលដែលអេបផលរីកធំ យើងបានជួលបុគ្គលម្នាក់ដែលខ្ញុំគិតថាមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុន ជាមួយខ្ញុំ ហើយអ្វីៗដំណើរការបានល្អណាស់នៅឆ្នាំដំបូង។ ប៉ុន្តែក្រោយមក ទស្សនៈវិស័យពីអនាគតរបស់យើងបានឃ្លាតឆ្ងាយពីគ្នា ហើយយើងក៏បានបែកបាក់គ្នានៅទីបំផុត។ ពេលយើងសំរេចចិត្តបែកគ្នា គណកម្មការនាយករបស់ក្រុមហ៊ុនបានឈរនៅខាងគេ។ ហើយខ្ញុំក៏ត្រូវគេដេញចេញនៅអាយុ៣០។ ត្រូវគេដេញចេញយ៉ាងចំហ។ អ្វីដែលខ្ញុំបានបូជាឆាកជីវិតពេញវ័យខ្ញុំទៅលើនោះ បានរលាយបាត់ទៅ។ វាជាការបាត់បង់ដ៏ធំធេង។

 

រយៈពេលប៉ុន្មានខែដែលខ្ញុំពិតជាមិនដឹងថាគួរធ្វើអ្វីល្អ។ ខ្ញុំមានអារម្មណ៍ដូចធ្វើអោយសហគ្រិនជំនាន់មុនៗ ខកចិត្ត។ ខ្ញុំមានអារម្មណ៍ដូចធ្វើជ្រុះដំបងដែលគេហុចអោយពេលប្រកួត រត់បណ្ដាក់អញ្ចឹង។ ខ្ញុំបានជួបជាមួយ David Packard និង Bob Noyce ដើម្បីសុំទោសដែលបានធ្វើអោយអ្វីៗដើរមិនបានល្អ។ ខ្ញុំជាជនបរាជ័យក្នុងសង្គម ហើយខ្ញុំថែមទាំងគិតចង់រត់ចេញពីជ្រលងស៊ីលីខន់(2)  ទៀតផង។ ប៉ុន្ទែមានពន្លឺអ្វីមួយ ដែលចាប់ផ្ដើមរះនៅក្នុងចិត្តខ្ញុំ។ គឺ ខ្ញុំនៅស្រលាញ់អ្វីដែលខ្ញុំបានធ្វើ។ រឿងរ៉ាវ ដែលបានកើតឡើងនៅក្រុមហ៊ុនអេបផលមិនបានធ្វើអោយក្ដីស្រលាញ់នោះ ផ្លាស់ប្ដូរសូម្បីតែបន្តិច។ ខ្ញុំត្រូវគេច្រានចោលមែន តែខ្ញុំនៅតែស្រលាញ់វា។ ហេតុនេះខ្ញុំក៏សំរេចចិត្តចាប់ផ្ដើមសារជាថ្មីម្ដងទៀត។

 

ពេលនោះខ្ញុំមិនដឹងសោះ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាការត្រូវគេដេញចេញពីក្រុមហ៊ុនអេបផលជា បទពិសោធន៍ដ៏ល្អបំផុតមួយដែលធ្លាប់កើតមានលើខ្លួនខ្ញុំ។ សំពាធដ៏ធ្ងន់របស់ជ័យជំនះ បានជំនួសដោយភាពធូរស្រាលចិត្តពេលក្លាយជាអ្នកទើបចាប់ផ្ដើមវិញ និងមិនសូវច្បាស់លើអ្វីៗទាំងអស់។ ខ្ញុំមានសេរីភាពនឹងបោះជំហានចូលក្នុងរយៈកាលប្រកបដោយគំនិតច្នៃប្រឌិត មួយក្នុងជីវិត។

ក្នងរយៈពេល៥ឆ្នាំបន្ទាប់ ខ្ញុំបានបើកក្រុមហ៊ុន NeXT និង ក្រុមហ៊ុន Pixar ហើយមាន ស្នេហាជាមួយនារីដ៏អស្ចារ្យម្នាក់ដែលជាភរិយារបស់ខ្ញុំ នៅពេលនេះ។ ក្រុមហ៊ុន Pixar បានក្លាយជាក្រុមហ៊ុនដំបូងគេលើលោកដែលផលិតភាពយន្តជីវចលដោយប្រើ កុំព្យូទ័រ គឺរឿងToy Story ហើយសព្វថ្ងៃវាជាក្រុនហ៊ុនជីវចល ដែលបានទទួលជោគជ័យជាងគេលើលោក។ ព្រឹត្តការណ៍ដ៏គួរកត់សំគាល់មួយកើតឡើង។ អេបផលបានទិញយក NeXT ហើយខ្ញុំបានត្រលប់ទៅកាន់អេបផលវិញ ហើយបច្ចេកវិទ្យាដែលយើងបានអភិវឌ្ឍបាននៅ NeXT បានក្លាយជាគោលគ្រឹះសំរាប់ស្ដារអេបផលបច្ចុប្បន្នអោយរស់ឡើងវិញ។ លើសពីនេះទៅទៀត Laurene និងខ្ញុំបានកសាងគ្រួសារដ៏ពិសេសមួយជាមួយគ្នា។

ខ្ញុំអាចនិយាយបានប្រាកដណាស់ថាអ្វីៗទាំងអស់នេះនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំមិនត្រូវបានគេដេញចេញពីក្រុមហ៊ុនអេបផល។ វាជាថ្នាំដ៏ល្វីងជូរចត់ ប៉ុន្តែខ្ញុំគិតថាអ្នកជំងឺត្រូវការវា។ ជួនកាល ក្នុងឆាកជីវិតយើង យើងត្រូវគេវ៉ៃក្បាលនឹងដុំឥដ្ឋ។ ប៉ុន្តែសូមកុំអស់ជំនឿចិត្ត។ ខ្ញុំជឿថារបស់តែមួយគត់ដែលជួយជំរុញខ្ញុំអោយបន្តធ្វើការដល់សព្វថ្ងៃ គឺទឹកចិត្តស្រលាញ់របស់ខ្ញុំចំពោះអ្វីដែលខ្ញុំធ្វើ។ អ្នកត្រូវតែរកអោយឃើញនូវអ្វីដែលអ្នកស្រលាញ់ចូលចិត្តនឹងធ្វើ ទាំងក្នុងជីវិតការងារនិងជីវិតស្នេហា។ ការងារនឹងគ្របដណ្ដប់លើផ្នែកមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីដែលធ្វើអោយអ្នកស្កប់ស្កល់ចិត្តនោះ គឺត្រូវធ្វើការងារណាដែលអ្នកជឿថាជាការងារអស្ចារ្យ។ ហើយវិធីតែមួយគត់ក្នុងការធ្វើការងារអស្ចារ្យ គឺអ្នកត្រូវតែស្រលាញ់អ្វីដែលអ្នកធ្វើ។ បើអ្នកមិនទាន់រកឃើញវាទេ ចូរបន្តស្វែងរកទៀតទៅ។ កុំនៅស្ងៀម។ ដោយសារវាជារឿងបេះដូង អ្នកនឹងដឹងដោយខ្លួនឯងពេលដែលអ្នករកវាឃើញ។ ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងមនុស្ស វានឹងរីកលូតលាស់ទៅតាមពេលវេលា។ ហេតុនេះសូមបន្តស្វែងរកទាល់តែឃើញ។ កុំនៅស្ងៀមអោយសោះ។

. អំពីការស្លាប់

រឿងទីបីរបស់ខ្ញុំគឺនិយាយអំពីមរណភាព។ ពេលខ្ញុំ មានអាយុ១៧ឆ្នាំ ខ្ញុំបានអាននូវពាក្យពេជន៍មួយថា «បើសិនជាអ្នករស់ជីវិតមួយថ្ងៃមួយថ្ងៃ ដោយចាត់ទុកថ្ងៃនោះជាថ្ងៃចុងក្រោយរបស់អ្នក នោះនៅពេលណាមួយអ្នកនឹងប្រាកដជារស់បានត្រឹមត្រូវ»។ ពាក្យនេះដក់ជាប់នៅក្នុងខួរក្បាលខ្ញុំ ហើយចាប់ពីពេលនោះក្នុងរយៈពេល៣៣ឆ្នាំមកនេះ រាល់ព្រឹកខ្ញុំតែងសំលឹងរូបខ្លួនឯងនៅក្នុងកញ្ចក់ ហើយសួរខ្លួនឯងថា «បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ តើខ្ញុំពិតចង់ធ្វើអ្វីដែលខ្ញុំមានគំរោងនឹងធ្វើនៅថ្ងៃនេះដែរឬទេ?» ហើយនៅពេលដែលចំលើយចេញមកថា «ទេ» ជាប់ៗគ្នាជាច្រើនថ្ងៃ ពេលនោះខ្ញុំដឹងថាខ្ញុំគួរតែផ្លាស់ប្ដូរអ្វីម្យ៉ាង។

សូមចាំថា ការគិតថាខ្លួនឯងនឹងស្លាប់នាពេលឆាប់ៗ ជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយ ដែលជួយខ្ញុំអោយធ្វើការសំរេចចិត្តធំៗក្នុងជីវិត។ ព្រោះអ្វីៗទាំងអស់ ទាំងការរំពឹងពីអ្នកដទៃ ទាំងមោទនភាព ទាំងការភ័យខ្លាចចំពោះក្ដីអាម៉ាស់ពេលបរាជ័យ អ្វីៗទាំងអស់នេះនឹងរលាយបាត់ពេលដែលប្រឈមមុខនឹងការស្លាប់។ អ្វីដែលនៅសល់ជាអ្វីដែលសំខាន់សំរាប់យើងពិតប្រាកដ។ ចាំថា ការគិតថាខ្លួនឯងនឹងស្លាប់ជាវិធីល្អបំផុត ដែលជួយអ្នកអោយរួចពីអន្ទាក់គំនិតដែលអ្នកតែងគិតថាអ្នកមានអ្វី ដែលត្រូវបាត់បង់។ អ្នកកើតមកគ្មានអ្វីយកមកតាមទេ ហើយក៏គ្មានអ្វីដែលត្រូវបាត់បង់ដែរ។ គ្មានមូលហេតុអ្វីដែលអ្នករស់នៅដោយមិនស្ដាប់តាមអ្វីដែលបេះដូងអ្នក ចង់បានទេ។

មួយឆ្នាំមុន គ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺមហារីក។ ខ្ញុំអោយគេថតឆ្លុះនៅម៉ោង៧កន្លះព្រឹក ហើយរូបភាពបង្ហាញយ៉ាងច្បាស់នូវដុំសាច់ដុះលើលំពែងរបស់ខ្ញុំ។ ខ្ញុំមិនទាំងដឹងថាលំពែងនោះជាស្អីផង។ គ្រូពេទ្យបានប្រាប់ខ្ញុំថានេះជាប្រភេទជំងឺមហារីកដែលសឹងតែគ្មានសង្ឃឹម ថាអាចព្យាបាលបាន ហើយថាខ្ញុំអាចរស់បានតែ៣ទៅ៦ខែទៀតទេ។ គ្រូពេទ្យបានប្រាប់ខ្ញុំអោយត្រលប់ទៅផ្ទះរៀបចំដោះស្រាយអ្វីៗអោយហើយ។ នេះជាពាក្យសំងាត់របស់ពេទ្យដែលមានន័យអោយរៀបចំអ្វីៗទាំងអស់មុននឹងស្លាប់។ វាមានន័យថាអ្នកត្រូវប្រាប់អ្វីៗទាំងអស់ ដែលអ្នកគ្រោងនឹងប្រាប់ទៅកូនចៅរបស់អ្នកក្នុងរយៈពេល១០ឆ្នាំទៅមុខនោះ អោយចប់ត្រឹមរយៈពេលតែប៉ុន្មានខែនេះអោយហើយ។ វាមានន័យថាបញ្ចប់ការបន្តអ្វីៗទៅអោយគ្រួសារ ដើម្បីអោយពួកគេរស់នៅដោយស្រួលពេលអ្នកស្លាប់ទៅ។ វាមានន័យថាអោយអ្នកនិយាយពាក្យលាអោយហើយ។

ខ្ញុំរស់ជាមួយក្រដាស់លទ្ធផលពិនិត្យសុខភាពនោះពេញមួយថ្ងៃ។ ល្ងាចថ្ងៃនោះ ខ្ញុំទទួលការធ្វើកោសល្យវិច័យ។ គេញាត់អន្តោទស្សន៍ចូលតាមបំពង់ក ចូលក្នុងក្រពះ ពោះវៀន រួចយកម្ជុលចាក់លើលំពែងរបស់ខ្ញុំដើម្បីជួសយកកោសិកាមួយចំនួន ពីដុំមហារីកនោះ។ ខ្ញុំត្រូវគេចាក់ថ្នាំសន្លប់មិនដឹងខ្លួនទេ។ ប៉ុន្តែប្រពន្ធខ្ញុំដែលនៅទីនោះដែរបានប្រាប់ខ្ញុំថា ពេលដែលគេមើលកោសិកាខ្ញុំតាមមីក្រូទស្សន៍ គ្រូពេទ្យចាប់ផ្ដើមស្រក់ទឹកភ្នែក ព្រោះគេបានឃើញថាវាជាប្រភេទមហារីកលំពែងដ៏កម្រមាន ដែលអាចព្យាបាលបានដោយការវះកាត់។ ខ្ញុំទទួលការវះកាត់ ហើយខ្ញុំមានសុខភាពល្អវិញហើយនៅពេលនេះ។

នោះជានាទីដែលខ្ញុំនៅក្បែរសេចក្ដីស្លាប់ជាងគេ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិននៅក្បែរវាជាងនេះទៀតទេក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ទៀតនេះ។ ដោយរស់ឆ្លងកាត់បទពិសោធន៍នេះ ខ្ញុំអាចប្រាប់អ្នកបានច្បាស់ជាងមុន ជាងពេលដែលការស្លាប់គ្រាន់តែជាមនោគតិសុទ្ធសាធនោះថា៖ គ្មាននរណាម្នាក់ចង់ស្លាប់ទេ។ សូម្បីតែមនុស្សដែលចង់ទៅឋានសួគ៌ ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។ តែការស្លាប់ជាទីដៅដែលយើងទាំងអស់គ្នាត្រូវទៅដូចគ្នា។ គ្មាននរណាម្នាក់អាចគេចវេសបានទេ។ វាជារឿងធម្មជាតិ ព្រោះ ការស្លាប់ ទំនងជារបកគំឃើញដ៏ប្រសើរបំផុតតែមួយគត់របស់ ការរស់។ ការស្លាប់ជាភ្នាក់ងារផ្លាស់ប្ដូរការរស់។ វាលុបបំបាត់អ្វីៗដែលចាស់ទៅ ហើយបើកផ្លូវអោយអ្វីៗដែលថ្មី។ ឥលូវនេះអ្នកជាអ្វីៗដែលថ្មីនោះ ប៉ុន្តែនៅថ្ងៃណាមួយដែលនៅមិនឆ្ងាយប៉ុន្មាន អ្នកនឹងក្លាយជាចាស់បន្តិចម្ដងៗ ហើយ នឹងត្រូវបានគេលុបបំបាត់ចេញ។ សូមទោសដែលនិយាយបែបនាដកម្ម ប៉ុន្តែវាជារឿងពិត។

ពេលវេលារបស់អ្នកមានកំណត់ ហេតុនេះសូមកុំខ្ជះខ្ជាយវាក្នុងការរស់នៅជីវិតរបស់អ្នកដទៃ។ កុំរស់នៅដោយលទ្ធផលរបស់គំនិតអ្នកដទៃ។ កុំអោយសំលេងរំខានរបស់មតិអ្នកដទៃពន្លិចសំលេងដែលនៅក្នុងចិត្តអ្នក។ ហើយសំខាន់ជាងនេះទៅទៀត ត្រូវមានសេចក្ដីក្លាហានធ្វើតាមសំលេងបេះដូងនិងញាណរបស់អ្នកផ្ទាល់។ របស់ទាំង២នេះដឹងរួចទៅហើយពីអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។ អ្វីៗក្រៅពីនោះគ្រាន់តែជារបស់រាយរងប៉ុណ្ណោះ។

. សេចក្ដីបញ្ចប់

ពេលខ្ញុំនៅក្មេង មានសៀវភៅដ៏អស្ចារ្យមួយឈ្មោះ The Whole Earth Catalog ដែលជា គម្ពីរមួយសំរាប់អ្នករស់ជំនាន់ខ្ញុំ។ វាត្រូវបានផលិតដោយបុរសម្នាក់ឈ្មោះ Stewart Brand ដែលរស់នៅ Menlo Park មិនឆ្ងាយប៉ុន្មានទេពីទីនេះ។ គាត់បានធ្វើវាដោយការរចនាដ៏ប៉ិនប្រសព្វ។ វាត្រូវបានផលិតនៅទសវត្សរ៍ឆ្នាំ៦០ មុនសម័យដែលគេបោះពុម្ភសៀវភៅដោយប្រើកុំព្យូទ័រនិងDTP។ វាត្រូវបានផលិតទាំងស្រុងដោយប្រើអង្គលីលេខ កន្ត្រៃ និង ម៉ាស៊ីនថតផូឡារ័យ។ វាហាក់ដូចជាហ្គូហ្គលក្នុងទំរង់ជាក្រដាស់សៀវភៅ កាលពី៣៥ឆ្នាំមុន ពេលហ្គូហ្គលមិនទាន់មានមែនទែន។ វាប្រកបដោយឧត្តមគតិ និងពោរពេញទៅដោយសញ្ញាណនិងវិធីសាស្ត្រពិសេសៗ។

Stewart និងក្រុមការងាររបស់គាត់បានចេញផ្សាយThe Whole Earth Catalog ជាច្រើនលេខ ហើយនៅពេលដែលវាក្ដោបយកខ្លឹមសារស្ទើរទាំងអស់ហើយ ពួកគេបានបោះផ្សាយលេខចុងក្រោយ។ គឺនៅពាក់កណ្ដាញទសវត្សរ៍ឆ្នាំ៧០ ពេលខ្ញុំមានអាយុស្របាលអ្នកទាំងអស់គ្នា។ នៅលើក្របក្រោយរបស់លេខចុងក្រោយនោះ ជារូបភាពផ្លូវជនបទនាព្រឹកព្រលឹម ដូចទិដ្ឋភាពដែលអ្នកឃើញប្រសិនបើអ្នកធ្លាប់ធ្វើការសុំដោយសារឡានគេ។ នៅខាងក្រោមរូបនោះមានសរសេរថា «Stay Hungry. Stay Foolish.» (បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ(3)។)។ នោះជាពាក្យលារបស់ពួកគេ។ Stay Hungry. Stay Foolish ។ ហើយវាតែងតែជាអ្វីដែលខ្ញុំចង់បានសំរាប់ខ្លួនខ្ញុំផ្ទាល់។ ហើយនៅពេលនេះ អ្នកបញ្ចប់ការសិក្សានិងចាប់ផ្ដើមជីវិតថ្មីមួយ ខ្ញុំសូមជូនពរអ្នកដោយប្រើពាក្យទាំងនេះ។

Stay Hungry. Stay Foolish.

សូមអរគុណច្រើន។

———————————————-

វាចារអ្នកបកប្រែ

វាជាការលំបាកមួយក្នុងការបកប្រែគោលគំនិតជនជាតិអាមេរិចមកជា ភាសាខ្មែរ។ តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើវាហើយ។ ស្ទីប ចប ថ្លែងសុន្ទរកថាក្នុងបរិបទមួយចំនួនធំដែលជនជាតិអាមេរិចណាក៏យល់ តែសំរាប់ជនជាតិខ្មែរវិញ វាដូចជាពិបាកយល់បន្តិច។ ខ្ញុំបានប្រឹងប្រែង បកប្រែដោយវាក្យស័ព្ទផ្ទាល់ និងសំរួលទំរង់ល្បះមួយចំនួនដើម្បីស្រួលយល់ន័យ។ ការរបកប្រែដោយវាក្យស័ព្ទផ្ទាល់ ដើម្បីរក្សាពាក្យដើម ហាក់ដូចពាក្យជាខ្មែរទាំងនោះចេញពីមាត់របស់ស្ទីវ ចប ខ្លួនឯងផ្ទាល់។ ប៉ុន្តែជួនកាលវាអាចធ្វើអោយពិបាកយល់។ ខ្ញុំនឹងធ្វើការពន្យល់បន្ថែមដូចខាងក្រោម៖

(1) បកប្រែពាក្យ «dots» ជា «ចំនុច» ។ អ្វីដែលយើងធ្វើ និងអ្វីដែលយើងទទួល ប្រៀបធៀបជាចំនុចពេលវេលាលើឆាកជីវិត។ អ្វីដែលយើងធ្វើ មានសរុបរួម ចំនេះដឹង បទពិសោធន៍ ព្រឹត្តិការណ៍ក្នុងជីវិត ជាដើម។ អ្វីដេលយើងទទួល សរុបរួម លទ្ធផល ជោគជ័យ ឬបរាជ័យ ជាដើម។ សញ្ញាណចំនុចនេះ បញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាមនុស្សរស់នៅជាប់ៗគ្នាមែន តែអ្វីដែលរាប់យកជាការបាន ប្រហែលគ្រាន់តែជាចំនុចរាយប៉ាយប៉ុណ្ណោះ។ អ្វីដែលយើងរៀនចេះនៅពេលនេះ វាប្រហែលគ្មានប្រយោជន៍ភ្លាមៗ តែវាអាចមានប្រយោជន៍នៅពេលណាមួយក្នុងជីវិតយើង។ ការគិតបែបនោះហើយជាការភ្ជាប់ចំនុចដែលលោកស្ទីវចបគាត់ចង់ប្រាប់។

(2) បកប្រែ«valley»ជា «ជ្រលងស៊ីលីខន់»។ ពាក្យ valley នៅទីនេះគឺសំដៅលើ Silicon Valley ដែលយើង អាចបកប្រែផ្ទាល់ជាជ្រលងស៊ីលីខន់។ Silicon Valley ជាពាក្យតំណាងដ៏ល្បីដែលជនជាតិអាមេរិចគ្រប់រូបស្គាល់។ វាតំណាងអោយតំបន់ខាងជើងរដ្ឋកាលីហ្វរនៀ ដែលក្រុមហ៊ុនអេឡិចត្រូនិចនិងព័ត៌មានវិទ្យាធំៗតំណាងអោយ វិស័យអេឡិចត្រូនិចអាមេរិច ដូចជា Apple, AMD, Google, hp, Intel, Symantec, Yahoo បោះទីស្នាក់ការធំនៅ។គេអាចនិយាយថា  វិស័យអេឡិចត្រូនិចអាមេរិច មានប្រភពពីជ្រលងស៊ីលីខន់ នេះឯង។

(3) «Stay Hungry. Stay Foolish.» ខ្ញុំមានការលំបាកក្នុងការបកប្រែពាក្យនេះជាខ្មែរណាស់ ហេតុនេះខ្ញុំសំរេចទុកឃ្លាដើម ដោយដាក់ការបកប្រែផ្ទាល់ថា«បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ។»នៅក្នុងវង់ក្រចក។  បើស្ដាប់ជាខ្មែរ វាមានន័យ២ ទៅតាមបរិបទ។ មួយគំរោះគំរើយបែបមាក់ងាយ និងមួយទៀតបែបលើកទឹកចិត្ត (តែខ្ញុំគិតថា មនុស្សាភាគច្រើនប្រាកដជាយកន័យទី១ច្រើនជាង បើបកជាខ្មែរបែបនេះ)។ ន័យទីមួយ វាហាក់ដូចជាមាក់ងាយអ្នកក្រីក្រគ្មានអ្វីហូបនិងជាអក្ខរជន អោយនៅតែស្រេកឃ្លាននិងល្ងង់ខ្លៅទៀតទៅ។  តែក្នុងសុន្ទរកថានេះ ស្ទីវ ចប គាត់ចង់អោយយើង ស្រេកឃ្លានចង់បានអ្វីដែលយើងស្រលាញ់ ស្រេកឃ្លានធ្វើអ្វីដែលយើងចង់ធ្វើ បន្តដេញតាមអ្វីដែលយើងប្រាថ្នា កុំបោះចោលកណ្ដាលផ្លូវ។ មនុស្សឆ្លាតគឺមនុស្សដែលធ្វើអ្វីៗតាមគេ បត់បែនតាមកាលៈទេសៈ សំរបសំរួលនឹងបរិយាកាសជុំវិញ។ គាត់អោយយើងបន្តភាពភ្លីភ្លើជាកូនក្មេង មិនធ្វើដូចមនុស្សឆ្លាតខាងលើ ប្រឹងប្រែងធ្វើអ្វីតាមចិត្តយើងត្រូវការ តាមអ្វីដែលយើងគិតថាត្រូវ ទោះជាគេនិយាយថាការធ្វើបែបនេះជាអំពើល្ងង់ខ្លៅក៏ដោយ។ ភាពស្រេកឃ្លានចង់បាន មិនស្កប់ស្ងល់នឹងអ្វីដែលខ្លួនមាន ភាពភ្លីភ្លឺហ៊ានប្រថុយធ្វើអ្វីដែលគេគិតថាឆ្កួតៗ ជាលក្ខណៈសំគាល់របស់យុវវ័យ។ សរុបមក គាត់ចង់អោយយើងរក្សានូវយុវភាពនេះ ទោះជាយើងក្លាយជាមនុស្សធំដឹងក្ដីក៏ដោយ។

សូមអរគុណដែលបានអានដល់ចប់!

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s