គេដើរ ខ្ញុំរត់…!

“ខ្ញុំមិនដែលគិតថា ខ្ញុំត្រូវរៀនពូកែឲ្យដូចគេ ខ្ញុំត្រូវធ្វើឲ្យបានល្អដូចជាគេទេ តែខ្ញុំតែងតែគិតថា ខ្ញុំត្រូវប្រឹងរៀនឲ្យបានពូកែជាងគេ និងធ្វើឲ្យបានល្អជាងគេ…” នេះជាការលើកឡើងរបស់ជនពិការភ្នែកទាំងសងខាងម្នាក់ដែលបាន ស្ម័គ្រចិត្តមករៀបរាប់ប្រាប់ពីជីវិតពិការភាព ក្នុងន័យចែករំលែកដល់មនុស្សទូទៅ យុវវ័យ ជាពិសេសជនពិការទាំងអស់។

លោក សៀន វិបុត្រ ជាអតីតនិស្សិតអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់ប្រាប់Sabay កាលពីព្រឹកមិញថា លោកពិការភ្នែកទាំងសងខាងតាំងពីកំណើតដោយសារតែម្ដាយរបស់លោកបាន លេបថ្នាំអាគីនីន។ “ម្ដាយខ្ញុំស្ដាយដែលបានធ្វើឲ្យខ្ញុំពិការ គាត់អាណិតខ្ញុំ តែពេទ្យថាបើសិនជាគាត់មិនលេបថ្នាំនោះ គាត់ក៏អាចប្រឈមនឹងការបាត់បង់ជីវិតដូចគ្នា ព្រោះគាត់មានជំងឺគ្រុនចាញ់…”។

សៀន វិបុត្រ បានរស់នៅក្នុងភាពពិការភ្នែកទាំងពីរ ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ មិត្តអ្នកអានសាកគិតទៅមើលថាជីវិតមានលក្ខណៈបែបណា?Image

ស្ថិតនៅក្នុងស្ថានភាពគ្រួសារកម្រិតជីវភាពខ្វះខាត មានបងប្អូន ៦នាក់ សៀន វិបុត្រ ជាកូនទី២។ ដោយសារតែពិការភ្នែក វិបុត្រមិនបានចូលរៀនរហូតដល់អាយុ១៣។ “នៅឆ្នាំ១៩៩៣ ខ្ញុំមានអាយុ១៣ឆ្នាំ ទើបខ្ញុំបានចូលរៀននៅសាលាជនពិការភ្នែកមួយកន្លែង ហើយបន្តរហូតបានចូលថ្នាក់មហាវិទ្យាល័យ និងបញ្ចប់ដោយស្ថាពរ”។

នៅទីនោះ បានធ្វើឲ្យជនពិការម្នាក់នេះចេះកសាងក្ដីសង្ឃឹម និងបានកំណត់គោលដៅសម្រាប់ជីវិតជាជនពិការមួយរូបយ៉ាងច្បាស់លាស់ថា ត្រូវតែក្លាយជាកោសិកានៃសង្គមមួយឲ្យបាន។ ក្នុងអង្គការ យុវជនរូបនេះបានសិក្សាពីរបៀបសរសេរ និងអានអក្សរជនពិការ ព្រមទាំងទទួលបានការជួយឧបត្ថម្ភរាល់ការចំណាយលើមធ្យោបាយធ្វើ ដំណើរផងដែរ។

“ខ្ញុំមិនចាំបាច់និយាយច្រើនក៏ដឹងដែរ ការរស់នៅប្រាកដជាជួបការប្រឈមផ្សេងៗមិនខានដែលទាមទារឲ្យយើង ពុះពារឆ្លងកាត់…អ្នកមិនពិការនៅតែជួបការលំបាក ចុះទម្រាំអ្នកពិការ គឺបើគេដើរ ជនពិការត្រូវតែរត់ ទើបអាចទាន់គេបាន”។

“មិនថាទៅណាមកណា ខ្ញុំត្រូវការមនុស្សម្នាក់ទៀតជួយខ្ញុំ ខ្ញុំត្រូវការចំណាយច្រើនទ្វេដង ហើយពិបាកបំផុតគឺត្រូវរកមនុស្សដែលស្មោះត្រង់នឹងយើង”។

ទោះបីជា យុវជនរូបនេះបានរៀបរាប់ពីការលំបាកនៅក្នុងទំនាក់ទំនង និងពាក់ព័ន្ធការធ្វើដំណើរ ដែលជនពិការភ្នែកមិនអាចបញ្ជាយានជំនិះបានដោយខ្លួនឯងក៏ពិតមែន សៀត  វិបុត្រ បានអះអាងថា លោកក៏មិនបានធ្វើឲ្យមនុស្សនៅជុំវិញ ទាំងក្រុមគ្រួសារឬមិត្តភ័ក្ដិត្រូវលំបាកច្រើនជាមួយលោកច្រើនឡើយ។ វិបុត្រ បញ្ជាក់ “ខ្ញុំអាចធ្វើកិច្ចការមួយចំនួនបានដោយខ្លួនឯង ខ្ញុំអាចបោកអ៊ុតខោអាវខ្លួនឯង សូម្បីតែធ្វើម្ហូបក៏ខ្ញុំធ្វើបាន…”។

សម្រាប់ការសិក្សា គឺពឹងផ្អែកជាសំខាន់លើឯកសារ ការអនុវត្តអានសរសេរឲ្យបានច្រើនទើបអាចទទួលបានលទ្ធផលល្អ។ មិត្តអ្នកអានប្រាកដជាចង់ដឹងណាស់ ថាសម្រាប់ជនពិការភ្នែកម្នាក់តើពឹងផ្អែកលើកត្តាអ្វីខ្លះ មានវិធីសាស្ត្ររៀនបែបណាខ្លះដែលអាចធ្វើឲ្យលោកអាចបញ្ចប់ដោយ ជោគជ័យនិងមានថ្ងៃនេះបាន?

ឆ្លើយនឹងចម្ងល់ខាងលើ សៀន វិបុត្របានរៀបរាប់ថា “ពេលខ្លះខ្ញុំត្រូវចំណាយប្រាក់ជួលគេអានឲ្យស្ដាប់ ពេលខ្លះមានមិត្តភ័ក្តិជួយអានឲ្យស្ដាប់ ហើយខ្ញុំក៏អរគុណគ្រូទាំងអស់ដែលគាត់តែងតែហត់នឿយជាមួយខ្ញុំច្រើន ជាងគេ…គាត់ត្រូវអានឲ្យខ្ញុំស្ដាប់ ហើយពេលប្រលងខ្ញុំសរសេរចម្លើយជាភាសាអ្នកពិការរួចអានឲ្យពួកគាត់ ស្ដាប់…”។

ទន្ទឹមនឹងពិការភាពនេះ យុវជន វិបុត្រ ក៏អាចរកឃើញពីចំណុចខ្លាំងរបស់ខ្លួនថា ជាមនុស្សដែលមានការចងចាំល្អ។ រាល់មេរៀនផ្សេង ព័ត៌មានដែលទទួលបានពីការស្ដាប់ លោកអាចចងចាំបានល្អប្រសើរជាងនិស្សិតដទៃទៀតនៅក្នុងថ្នាក់។

ដើម្បីឲ្យការសិក្សាកាន់តែល្អប្រសើរនោះ និស្សិតពិការភ្នែករូបនេះ ប្រកាន់ខ្ជាប់ភាពឧស្សាហ៍ព្យាយាម ខិតខំបង្កើនការស្ដាប់ឲ្យបានច្រើនដើម្បីទទួលបានព័ត៌មានថ្មីៗ និងជាពិសេសជាងនេះទៅទៀត លោកតែងតែចំណាយពេលស្រាវជ្រាវឯកសារ ពីអ៊ីនធឺណិតផងដែរ។

“កុំព្យូទ័ររបស់ខ្ញុំ បានជួយខ្ញុំច្រើន ព្រោះរាល់ឯកសារសំខាន់ៗ ខ្ញុំត្រូវការរក្សាក្នុងកុំព្យូទ័រនេះ ទើបអាចចាក់ជាសូរសម្លេងស្ដាប់បាន។”  វិបុត្រ រៀបរាប់ថា លោកត្រូវការពេលវេលាច្រើន ចំណាយថវិកាច្រើនក្នុងការឲ្យគេ Scan ឯកសារ ជួលគេរក្សាឯកសារ ឬឲ្យគេយកទៅបោះពុម្ពជាអក្សរសម្រាប់ជនពិការ (អក្សរស្ទាប) ដែលត្រង់ចំណុចនេះ លោកថា ជាចំណុចស្មុគស្មាញសម្រាប់ជីវិតជាជនពិការនេះ។

“កុំព្យូទ័រនេះ ខ្ញុំបានបញ្ចូលកម្មវិធី ដោយប្រើឧបករណ៍ថតសំឡេង ហើយរាល់ពេលដែលខ្ញុំប្រើ គឺនឹងមានសំឡេងប្រាប់ទាំងអស់…”លោក វិបុត្រ រៀបរាប់ពីលក្ខណៈពិសេសនៃកុំព្យូទ័ររបស់ខ្លួន។

“ខ្ញុំបានឆ្លងកាត់ការសិក្សាច្រើន ខ្ញុំអាចយល់ដឹងបានច្រើន ខ្ញុំមានភាពម្ចាស់ការ ហើយខ្ញុំក៏អាចចែករំលែក និងផ្ដល់ប្រឹក្សាដល់អ្នកដទៃបានច្រើន…ដូចនេះខ្ញុំមិនសូវមានបញ្ហា អ្វី ឬធ្វើឲ្យអ្នកទាំងអស់ ជាពិសេសក្រុមគ្រួសាររបស់ខ្ញុំមានភាពទោមនស្ស លំបាកដោយសារតែខ្ញុំទេ តែផ្ទុយទៅវិញ ខ្ញុំបានធ្វើឲ្យពួកគាត់សប្បាយចិត្ត មានក្ដីសង្ឃឹមជាមួយខ្ញុំ និងទទួលគំនិតល្អៗពីខ្ញុំក៏មាន”។

ក្រៅពីពីជួបបញ្ហាប្រឈមនានាក្នុងការរស់នៅ ការប្រាស្រ័យទាក់ទង ការសិក្សា វិបុត្រក៏បានឲ្យដឹងថា លោកក៏ធ្លាប់ជួបរឿងដែលធ្វើឲ្យលោកបាក់ទឹកចិត្តជាខ្លាំង។ លោកថា ការលំបាកផ្សេងៗដែលលោកអាចជួប គឺលោកក៏អាចជម្នះបានដែរ តែការរកមនុស្សដែលស្មោះត្រង់ ស្រលាញ់លោកពិតប្រាកដគឺមិនងាយទេ។ លោកបានរៀបរាប់ថា លោកបានបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ដែលលោកគិតថា ម្នាក់នោះអាចធ្វើជាគូជីវិតរបស់លោកបាន តែក្រោយមក ទើបលោកដឹងជាក់ច្បាស់ការរើសអើងជនពិការនៅតែមាន។

“ខ្ញុំមានអនុស្សាវរីយ៍ជាច្រើនជាមួយនាង ហើយខ្ញុំក៏កោតសរសើរដែលនាងស្រលាញ់ខ្ញុំ តែទីបំផុត នាងបានធ្វើឲ្យខ្ញុំអស់សង្ឃឹមជាខ្លាំង ស្ទើរតែមិនដឹងថាត្រូវធ្វើអ្វីតទៅទៀត…ក្រុមគ្រួសារនាងមិន អនុញ្ញាតឲ្យនាងមកស្រលាញ់ជនពិការដូចជាខ្ញុំទេ…គេថា តើជនពិការដូចខ្ញុំមានអី អាចធ្វើអីបានខ្លះ ចុះពេលនាងមានទម្ងន់តើជនពិការនេះ អាចជួយធ្វើអ្វីបាន…ពាក្យសំដីដែលម្ដាយនាងនិយាយ ធ្វើឲ្យខ្ញុំពិបាកចិត្តជាខ្លាំង”។ ជនពិការកម្សត់នៅតែអាចចីញ្ចឹមចិត្តបន្តការសិក្សារហូតដល់ចប់។

ក្រោយសួរថា តើក្រោយពេលបញ្ចប់ការសិក្សាលោកចង់ធ្វើអ្វី? យុវជនពិការបានប្រាប់មិនស្ទាក់ស្ទើរថា តាំងពីដើមមកលោកតែងប្រាថ្នាការងារជាមន្ត្រីរាជការម្នាក់ដែល បម្រើផលប្រយោជន៍សង្គម។

លោកក៏ទទួលស្គាល់យ៉ាងច្បាស់ថា ទីផ្សារការងារសម្រាប់ជនពិការពិតជាមិនទាន់ទូលំទូលាយមែន តែលោកក៏មានមោទនភាពដែលមានអង្គការជាច្រើនបានផ្ដល់ឱកាសដល់ជន ពិការ។ លោកបន្តថា “ខ្ញុំថាបើសិនជាយើងមានសមត្ថភាព គឺការងារមិនពិបាករកទេ ដូចជានៅតាមអង្គការជនពិការជាដើម”។

“មានមនុស្សមិនតិចទេ ដែលមិនបានសាទរចំពោះការសម្រេចចិត្តសិក្សារហូតដល់ថ្នាក់ខ្ពស់បែប នេះ គេឆ្ងល់ថា ខ្ញុំខំរៀនធ្វើអី ធ្វើការអង្គការបានប៉ុន្មានឆ្នាំ?…ខ្ញុំដឹងថាគេនៅតែមានការ រើសអើងជនពិការ ព្រោះអ្នកទាំងនោះមិនដែលគិតពីសមត្ថភាពជនពិការ តែគេគិតតែពិការភាពរបស់អ្នកពិការ…គេច្រើនវាយតម្លៃថា តើជនពិការអាចធ្វើអ្វីបានខ្លះ? តែសម្រាប់ខ្ញុំពិតជាចង់ឲ្យបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច ខ្ញុំចង់ណាស់ ចង់ឲ្យអ្នកគ្រប់គ្នាដឹងថា ជនពិការក៏មានសមត្ថភាពដូចជាមនុស្សទូទៅដែរ។” នេះជាការរៀបរាប់ ពីការរើសអើងជនពិការក្នុងវិស័យការងារ។

សៀន វិបុត្រ រៀបរាប់បន្តថា បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្របានជិតមួយឆ្នាំ លោកត្រូវបានអង្គការជនពិការមួយទាក់ទងឲ្យទៅធ្វើការក្នុងតួនាទី ជាអ្នកគ្រប់គ្រងគម្រោង។ នេះជាមោទនភាពសម្រាប់ខ្លួនលោក តែលោកថា ការងារនោះ នៅតែមិនទាន់ជាអ្វីដែលលោកចង់ធ្វើនោះដែរ។ “គេថាជនពិការគ្មានធ្វើអី បានក្រៅតែពីធ្វើការឲ្យអង្គការជនពិការទេ” តែខ្ញុំត្រូវតែធ្វើបានច្រើនជាងនេះ ។ ការតាំងចិត្តនេះ មិនបានធ្វើជនពិការភ្នែក វិបុត្រ ធ្វើការនៅទីនោះបានយូរទេ គឺធ្វើបានតែរយៈពេលប្រមាណប៉ុន្មានខែប៉ុណ្ណោះ។

“ខ្ញុំចង់រៀននៅភូមិន្ទរដ្ឋបាល និងចូលបម្រើការងាររដ្ឋ” តែខ្ញុំក៏មិនទាន់ហ៊ានសង្ឃឹមដែរ…ខ្ញុំបានខំប្រឹងប្រែងសុំការ គាំទ្រពីសំណាក់ថ្នាក់ដឹកនាំកំពូល គឺសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានចូលរៀននៅទីនោះ។

បំណងប្រាថ្នា របស់ជនពិការម្នាក់នេះ មិនអស់សង្ឃឹមឡើយ។ “បានមកដល់ចំណុចនេះ ថ្ងៃនេះជាថ្ងៃទីមួយដែលខ្ញុំបានចូលរៀននៅសាលាខ្ញុំពិតជាសប្បាយ ចិត្ត អារម្មណ៍ខ្ញុំហាក់ត្រេកអរ រកពាក្យអ្វីមកនិយាយពុំបាន…នេះជាអ្វីដែលបានបង្ហាញថា សង្គមខ្មែរ រាជរដ្ឋាភិបាលខ្មែរ មិនដែលបំភ្លេចចោលជនពិការឡើយ គឺលោកតែងតែរកវិធី ដើម្បីជ្រាមជ្រែងជនពិការ ជួយជនជនពិការ មិនឲ្យជនពិការស្លាប់ឡើយ។

តាមរយៈការផ្ដល់ឱកាសបានចូលសិក្សា នៅភូមិន្ទរដ្ឋបាលនេះ ជាកម្លាំងចលករមួយដែលជំរុញឲ្យជនពិការ សៀន វិបុត្រ មានការតាំងចិត្តកាន់តែខ្លាំងក្លានិងឆ្ពោះទៅរកគោលដៅជីវិតដ៏ ប្រសើរ។

“ខ្ញុំសូមសន្យាថា ខ្ញុំនឹងខំប្រឹងប្រែង ធ្វើជាមន្ត្រីម្នាក់ដ៏ល្អ បម្រើសង្គមជាតិ ធ្វើជាគំរូជនពិការទូទាំងសាកលលោក ហើយខ្ញុំមិនធ្វើឲ្យការគាំទ្រនេះ ប្រែជាអស់សង្ឃឹមឡើយ ខ្ញុំនឹងធ្វើឲ្យគ្រប់គ្នាយល់ និងដឹងថា ជនពិការក៏អាចធ្វើអ្វីបានពូកែជាងគេ ហើយជនពិការក៏អាចក្លាយជាអ្នកប្រឹក្សាដ៏ជោគជ័យម្នាក់ដែរ…”។

សព្វថ្ងៃ លោក សៀន វិបុត្រ ជានិស្សិតនៅភូមិន្ទរដ្ឋបាល ដែលក្រោយបញ្ចប់ការសិក្សារយៈពេលពីរឆ្នាំ លោកនឹងបានចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ។ ជាការចែករំលែកដល់សាធារណជនទូទៅ ជាពិសេសយុវវ័យជំនាន់ក្រោយនេះ លោកបានលើកឡើងថា មិនថាជនពិការ ឬជនមិនពិការទេ គឺត្រូវតែស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ហើយកំណត់គោលដៅសម្រាប់ខ្លួនថាចង់បានអ្វី។ ដើម្បីសម្រេចគោលដៅនោះ អ្នកទាំងអស់គ្នាត្រូវតែរៀបចំកាលវិភាគសម្រាប់សកម្មភាពប្រចាំថ្ងៃ ថាត្រូវធ្វើអ្វីខ្លះ ត្រួតពិនិត្យមុនពេលឆ្លងដល់ថ្ងៃថ្មី ថាតើថ្ងៃនេះខ្លួនបានធ្វើអ្វីសម្រាប់ខ្លួនឯង និងសង្គម។ លើសពីនេះទៀត លោកចង់ឲ្យយុវជនទាំងអស់តាំងចិត្តថា ធ្វើអ្វីមួយឲ្យបានពូកែនិងល្អប្រសើរជាងគេ ដោយកុំគិតតែធ្វើម៉េចឲ្យដូចគេនោះ។Image

ឆ្លងកាត់ជីវិតក្នុងពិការភាពជាង ៣០ ឆ្នាំនេះ លោក សៀន វិបុត្រ បានយល់ដឹងពីរសជាតិជីវិត និងយល់ពីសង្គមទាំងមូលជាច្រើន។ លោកចង់ឲ្យគ្រប់ស្ថាប័នទាំងអស់ [មនុស្សគ្រប់រូបទាំងអស់ មេត្តាយល់ និងឲ្យតម្លៃជនពិការ កុំសម្លឹងមើលតែភាពទន់ខ្សោយខាងក្រៅ កុំសម្លឹងមើលតែពិការភាពជនពិការ តែផ្ទុយទៅវិញ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា មើលពីសមត្ថភាពរបស់ជនពិការផង មើលពីលទ្ធភាពរបស់ជនពិការផង ហើយមុននឹងនឹងវាយតម្លៃ ក៏គួរតែឆ្លងកាត់ការធ្វើតេស្ត]។ លោក ក៏បង្ហាញទស្សនៈវិជ្ជមានចំពោះសង្គមថា លោកក៏សប្បាយចិត្ត មានទឹកចិត្តដែលមានអង្គការ ស្ថាប័នមួយចំនួន ជាពិសេសរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជនពិការ “ខ្ញុំមិនចង់បានអ្វីទេ គ្រាន់តែសូមកុំឲ្យជនពិការស្លាប់ដោយស្រេកឈ្លាន អត់អាហារបានហើយ…” ។

យុវវ័យឃើញទេ ជនពិការភ្នែកក៏អាចតស៊ូសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រ។ ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ក៏នៅតែមិនរាថយ ព្រោះការតាំងចិត្តយ៉ាងមុតមាំឆ្ពោះទៅរកទិសដៅដែលខ្លួនបានកំណត់ ឲ្យបាន។ មានតែការតាំងចិត្តនេះហើយ ដែលជំរុញអ្នកទៅមុខជានិច្ច ដូចនេះSabay ក៏សូមលើកទឹកចិត្តឲ្យយុវវ័យពង្រឹងការតាំងចិត្តរបស់ខ្លួន ជម្នះការប្រឈមនានា ដើម្បីទៅដល់គោលដៅ ហើយ Sabay ពិតជាកោតសរសើរចំពោះការលើកឡើងរបស់និស្សិតពិការខាងលើជាខ្លាំងដែល ថា “គេមិនពិការ គេដើរ ខ្ញុំពិការខ្ញុំត្រូវរត់ទើបអាចទាន់គេខ្ញុំជឿជាក់ថា ទោះបីត្រូវចំណាយពេលស្ទាបផ្លូវ រាវក្រែងប៉ះបន្លា តែក៏មិនប្រាកដថាយើងដើរមិនទាន់គេដែរដូចនេះ សំខាន់ត្រូវតែមានសង្ឃឹមនិងជឿជាក់បើអ្នកមិនសង្ឃឹមនោះ អ្នកនឹងគិតថាធ្វើអ្វីក៏លំបាកទាំងអស់ ដូចគ្នាដែរ អ្នកក៏មិនអាចដើរដល់គោលដៅដែរ

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s