ស្រីនាង ៖ រៀនពូកែមិនមែនមកពីពូជទេ!

ផ្សាយក្នុងផ្នែក ភាពជោគជ័យ, រសជីវិត ដោយ Leng Kimngorn កាលពី 16-03-2012

កន្លងមក បានលើកយកប្រធានបទជាច្រើនជុំវិញការសិក្សា។ ពោលគឺវិធីសាស្ត្រធ្វើយ៉ាងម៉េចរៀនឲ្យពូកែ។ ប៉ុន្តែ កន្លងទៅលើកឡើងតែពីទ្រឹស្ដីទួទៅប៉ុណ្ណោះ។ លើកនេះ Sabay សូមលើកយកបទពិសោធន៍ជាក់ស្ដែងមកលាតត្រដាងវិញម្ដង។

ជា ការអនុវត្តជាក់ស្តែង កញ្ញា ហេង ស្រីនាង អតីតអ្នកសិក្សាឆ្នើមមួយរូប បានចូលខ្លួនបង្ហាញវិធីសាស្ត្រដែលខ្លួនធ្លាប់ប្រតិបត្តិកន្លងទៅ ក្នុងន័យចែករំលែកដល់មិត្តអ្នកអាន ជាពិសេស មិត្តអ្នកសិក្សា។
កញ្ញា ហេង ស្រីនាង មានស្រុកកំណើតនៅខេត្ត កំពង់ធំ ហើយក្រុមគ្រួសាររបស់កញ្ញាមិនមែនជាអ្នកមានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភទេ ។ កាលពីកុមារភាព ស្រីនាង ត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយ ដោយមករស់នៅ ជាមួយម្ដាយធំក្នុងទីក្រុងភ្នំពេញរៀនសូត្រកម្រិតបឋមសិក្សា រហូតអាយុ១២ ឆ្នាំទើបគ្រួសាររបស់ប្អូនផ្លាស់ទីលំនៅមកទីក្រុងភ្នំពេញ។

ស្រីនាង រៀបរាប់ថា ការសិក្សារបស់ខ្លួនមានអំណោយផលតាំងពីតូចមកម្ល៉េះ ពោលគឺតាំងពីថ្នាក់ទី១ រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ។ ស្រីនាង គឺជាសិស្សពូកែក្នុងថ្នាក់និងប្រចាំសាលាទៀតផង។
ទោះបីជាយ៉ាងនេះក្ដី ស្រីនាង មិនបានគិតថារៀនពូកែនេះ មកពីពូជឬ វង្សត្រកូលទេ ” មិននិយាយតែពីគ្រួសារខ្ញុំទេ…ទាំងគ្រួសារធំ សាច់ញាតិទាំងអស់មិនមានអ្នករៀនពូកែទេ ហើយភាគច្រើនជាអ្នករកស៊ី…”។

យុវតីរូបនេះបញ្ជាក់ថា ប្អូនមានទស្សនៈផ្ទាល់ខ្លួនមួយថា” រៀនពូកែឬមិនពូកែ គឺអាស្រ័យលើខ្លួនយើង”។ ប្អូនបន្តថា ” មានន័យថា យើងជាអ្នករៀន យើងជាអ្នកគ្រប់គ្រងស្ថានការណ៍ យើងត្រូវចេះ រៀបចំកាលវិភាគសម្រាប់ខ្លួនឯង”។
លើសពីនៅផងដែរ ស្រីនាង គឺជាក្មេងដែលមានទម្លាប់ល្អក្នុងការសិក្សា ហើយតែងតែតាំងចិត្តយ៉ាងរឹងមាំថាត្រូវតែរៀនឲ្យពូកែជាងគេ ជាពិសេសគឺរៀនមិនឲ្យចាញ់សិស្សរួមថ្នាក់ប្រុសៗឡើយ។

កញ្ញាបានរៀបរាប់ថា កញ្ញាក៏ធ្លាប់ទទួលសម្ពាធជាច្រើនដែរពេលដែលកញ្ញាចូលវិទ្យាល័យ ដំបូង ដូចជាការរើសអើងប្រកាន់បក្សពួក ដោយគេមើលមកប្អូនថាមិនស្អាត ក្រីក្រជាដើម ដែលធ្វើឲ្យប្អូនមានអារម្មណ៍មិនសូវល្អ តែទាំងនោះមិនមែនជាបញ្ហាចោទសម្រាប់ ស្រីនាង ដែលអាចធ្វើឲ្យការសិក្សារបស់នាងធ្លាក់ចុះទេ។ ផ្ទុយទៅវិញ ស្រីនាងប្រាប់ថា ” ខ្ញុំតែងគិតថា មានតែរៀនពូកែទេ ដែលអាចឲ្យអ្នកទាំងនោះ ខ្លាចរអា ស្ងើចសរសើរ និងមិនស្អប់ខ្ពើមខ្ញុំ”។

សម្រាប់សកម្មភាពសិក្សាវិញ ស្រីនាង តែងតែទៅរៀនទៀងទាត់ កម្រខកខានណាស់ ដោយសារខ្លួនជាមនុស្សស្រលាញ់ យកចិត្តទុកដាក់លើការសិក្សា ហើយអារម្មណ៍នៅដិតជាប់ជានិច្ច និងគិតថាវត្តមានក្នុងថ្នាក់ជាកត្តាសំខាន់សម្រាប់សិស្ស និស្សិត។ និស្សិតរូបនេះ បញ្ជាក់ថាខ្លួនតែងយកចិត្តទុកដាក់ស្ដាប់ កត់ចំណាំចំណុចសំខាន់ៗ ហើយបើមានកន្លែងដែលមិនយល់គឺសួរបញ្ជាក់ភ្លាមៗតែម្ដង។ “ខ្ញុំមិនអស់ចិត្តទេ បើមិនបានទៅសាលា ព្រោះគិតខ្លាចរៀនចាញ់គេដោយសារការខកខាន…”។

លើសពីនេះ ស្រីនាង តែងតែកំណត់កាលវិភាគសិក្សាខ្លួនឯងនៅផ្ទះជានិច្ច មិនដែលខានមួយថ្ងៃណាទេ។ ប្អូនប្រាប់ថា ការរៀននៅសាលាសំខាន់ តែក៏ចាំបាច់ត្រូវតែសិក្សាបន្ថែមឲ្យបានច្រើនជាងការរៀននៅសាលា ទៅទៀត។ ស្រីនាងថា “ដំបូងខ្ញុំតែងចាប់ផ្ដើមពីការរំលឹកមេរៀនដែលបានរៀនថ្ងៃហ្នឹង រួចមើលកាលវិភាគមុខវិជ្ជាថ្ងៃស្អែក”។
សម្រាប់ផលប្រយោជន៍នៃការរៀនបន្ថែមដោយខ្លួនឯងនេះ ស្រីនាង បានប្រាប់ Sabay ថា ការរៀននេះជួយកាត់បន្ថយភាពនឿយហត់ពេលជិតប្រឡង ពោលគឺអាចជួយរំលឹកឡើងវិញពីចំណេះដឹងដែលទទួលបានពីក្នុងថ្នាក់ឬ ចៀសវាងចំណុចស្រពិចស្រពិលផ្សេងៗ និងអាចជួយឲ្យនាងត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់មុខវិជ្ជានៅ ថ្ងៃបន្ទាប់។” អ្នកខ្លះពេលកៀកថ្ងៃប្រឡងទើបខំប្រឹងទន្ទេញ…មានរហូតដល់ឈឺក៏មាន” នាងនិយាយ។

និស្សិតឆ្នើមរូបនេះ ប្រាប់ថា ខ្លួនមិនដែលជួបបញ្ហាក្នុងការបែងចែកពេលវេលាសម្រាប់មើលគ្រប់មុខ វិជ្ជានោះទេ គឺប្អូនយកកាលវិភាគនៅសាលាជាគោល ហើយដាក់ទម្លាប់សម្រាប់ខ្លួនថា ត្រូវតែមើលឲ្យបានគ្រប់មុខ ដោយមិនអនុញ្ញាតឲ្យភាពខ្ជិលច្រអូសមកគ្រប់គ្រងទម្លាប់នេះបានទេ។ នៅពេលសួរថាដោះស្រាយបែបណាបើមុខវិជ្ជាច្រើន ហើយលំហាត់ក៏ច្រើនទៀតនោះ ស្រីនាង ឆ្លើយថា” កាលណាយើងរៀនរាល់ថ្ងៃ នោះមេរៀន ឬលំហាត់ក៏មិនគរច្រើនដែរ…បើមេរៀនខ្ញុំមើលមួយមុខបន្តិចៗ ឯលំហាត់គឺធ្វើទាំងអស់…។ ស្រីនាង ក៏បានបញ្ជាក់ថា នាងពូកែគ្រប់មុខវិជ្ជា តែមុខវិជ្ជាដែលនាងចូលចិត្តគឺមុខវិជ្ជាលេខដូចជា គណិតវិទ្យា រូបវិទ្យាជាដើម ដោយសារមុខទាំងនេះមិនចំណាយពេលយូរដើម្បីទន្ទេញ។

ក្រៅពីការខិតខំប្រឹងប្រែងដោយខ្លួនឯងនេះ ស្រីនាងថា នៅមានកត្តាបន្ទាប់បន្សំមួយចំនួនទៀតដែលធ្វើឲ្យនាងរៀនកាន់តែ ពូកែ នោះគឺ ការលើកចិត្តពីក្រុមគ្រួសារ។ ” ពួកគាត់តែងទុកពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សា ហើយមិនតែប៉ុណ្ណោះ លោកប៉ារបស់ខ្ញុំតែងជូនរង្វាន់លើកទឹកចិត្តពេលខ្ញុំរៀនបានលេខ មួយ…ការសន្យារបស់ពួកគាត់គឺជាការកំណត់គោលដៅនៃការសិក្សារបស់ ខ្ញុំ…”។ ស្រីនាង និយាយទាំងសប្បាយចិត្ត។ នាងបន្ត ” ពួកគាត់សប្បាយចិត្ត និងមានមោទនភាពណាស់ដែលខ្ញុំរៀនពូកែបែបនេះ…។

ចំណែកការសេពគប់មិត្ត ក៏ចូលរួមចំណែក ក្នុងការសិក្សារបស់ប្អូនដែរ ដោយលើកហេតុផលថា មិត្តភ័ក្ដិអាចជាអ្នកចែករំលែក និងជួយលើកទឹកចិត្តដ៏ល្អដែរ។ ” យើងក៏គួរចែកពេលវេលាខ្លះ រីករាយជាមួយមិត្ត គ្រួសារ មិនមែនរៀនរហូតមិនសម្រាកនោះទេ ហើយម្យ៉ាងទៀត ការងារមួយចំនួនក៏ត្រូវទាមទារឲ្យមិត្តភ័ក្ដិជួយខ្លះដែរ”។

ភាពជោគជ័យក្នុងការសិក្សាបានធ្វើឲ្យ ស្រីនាង ទទួលរង្វាន់ពីសាលាក្រុងជារៀងរាល់ឆ្នាំ តាំងពីថ្នាក់ទី ៩ ហើយរឹតតែគួរឲ្យកោតសរសើរជាងនេះទៀត និស្សិតរូបនេះបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យចំនួនពីរ គឺសាកលវិទ្យាល័យ ន័រតុន និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរយៈពេល៤ ឆ្នាំ។

ក្រៅពីការសិក្សាសាកលវិទ្យាល័យចំនួនពីរនេះ ស្រីនាង នៅឆ្លៀតពេល ជួយធ្វើកិច្ចការផ្ទះខ្លះ ធ្វើការងារស្ម័គ្រចិត្ត និងការងារបានកម្រៃថែមទៀត។ ” ការងារស្ម័គ្រចិត្តច្រើនធ្វើរៀងរាល់ថ្ងៃ សៅរ៍និងអាទិត្យ ការងារក្រៅម៉ោងធ្វើពេលព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយរៀនវេនរសៀលនិងយប់” នាងចង់សំដៅថា ការធ្វើការនិងរៀនគឺមានម៉ោងផ្សេងគ្នា និងមិនឲ្យប៉ះពាល់គ្នាទេ។

ជាចុងក្រោយ ស្រីនាងមានមតិចូលរួមចែករំលែកដល់យុវវ័យ ជាពិសេស សិស្ស និស្សិតថា ភាពជោគជ័យ មិនមែនអាស្រ័យលើថា ទាល់តែមានការយកចិត្តទុកដាក់ពីមាតាបិតា ឬទាល់តែមានសម្ភារៈគ្រប់គ្រាន់តាមចិត្តចង់ ឬក៏ទាល់តែរៀនសាលាល្អៗនោះទេ។ ប្អូនថា “…ភាពជោគជ័យស្ថិតនៅលើអ្នកផ្ទាល់… ទោះបីជាអ្នកជួបបញ្ហាអ្វីក៏ដោយ តែអ្នកក៏អាចកែប្រែបញ្ហាឲ្យទៅជាភាពជោគជ័យបានដូចគ្នា”។

ក្នុងចំណោមបងប្អូន ៤ នាក់ ស្រី២នាក់ ប្រុស ២នាក់ ស្រីនាងគឺជាកូនច្បង ហើយក៏ជាកូនដែលរៀនពូកែជាងគេដែរ និងបច្ចុប្បន្ន បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ស្រីនាង គឺជាបុគ្គលិកធ្វើការពេញម៉ោងនៅក្រុមហ៊ុនឯកជនមួយផងដែរ។

Sabay សូមថ្លែងអំណរគុណជាខ្លាំងដល់ កញ្ញា ហេង ស្រីនាង ដែលបានចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ពាក់ព័ន្ធនឹងវិធីសាស្ត្ររៀន ឲ្យពូកែ។ Sabay សង្ឃឹមថា អត្ថបទនេះអាចជួយជាគំនិតនិងគំរូដល់សិស្ស និស្សិតជំនាន់ក្រោយបានមួយចំណែក។ ដូចគ្នាដែរប្រសិនបើមិត្តអ្នកសិក្សាមានបទពិសោធន៍ក្នុងការសិក្សា សូមចូលរួមជាគំនិតជាមួយ Sabay នៅពេលនេះ៕

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s