សុខ ថាច ពីកម្មកររោងចក្រក្លាយជាប្រធានគណៈកម្មការស្ត្រី

ផ្សាយក្នុងផ្នែក  រសជីវិត ដោយ Leng Kimngorn កាលពី 16-03-2012

ពីមុនធ្លាប់តែជាកម្មកររោងចក្រទទួលប្រាក់កម្រៃត្រឹមតែ ៤៥ដុល្លារក្នុង១ខែ ។ ដោយឆ្លងកាត់ការតស៊ូចាប់តាំងពីឆ្នាំ១៩៩៤រហូតដល់បច្ចុប្បន្ន នេះ កញ្ញា សុខ ថាបានក្លាយជាបុគ្គលិកជាន់ខ្ពស់ម្នាក់នៃសហព័ន្ធសហជីព កម្មករខ្មែរ ហើយនៅឆ្នាំ២០១១នេះទទួលដំណែងជាប្រធានគណៈកម្មការស្ត្រីនៅអង្គការ ILO ។

សុខ ថាច រស់នៅក្នុងគ្រួសារកសិករ-កម្មករក្រីក្រមួយ នៅខេត្តព្រៃវែង។ ដោយសារតែជីវភាពមិនអំណោយផល នាងនិងក្រុមគ្រួសារបានសម្រេចចិត្តផ្លាស់លំនៅឋានមករស់នៅភ្នំពេញ នៅពេលដែលនាងទើបបញ្ចប់បឋមសិក្សា។

កញ្ញាបាននិយាយថា” នៅភ្នំពេញ ម្ដុំចាក់អង្រែ ឪពុកម្ដាយរបស់ខ្ញុំ ជាអ្នករកស៊ី ទិញលក់ ដែក(និងអេតចាយ) ដោយទទួលបានកម្រៃចិញ្ចឹមជីវិតស្ទើរ មិនគ្រប់និងហើយនេះជាមុខរបរដែលរវល់ ប្រើកម្លាំង។ ដោយសារតែការងារនេះ រវល់ ខ្ញុំក៏បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ ទី ១២ ហើយយកពេលវេលាទាំងអស់មកជួយធ្វើការរកស៊ី ជួយសម្រាលការលំបាកម្ដាយខ្ញុំ “។

ទោះបីជាមិនមានមធ្យោបាយធ្វើដំណើរទៅណាឆ្ងាយ ក៏ សុខ ថាច នៅឆ្លៀតពេលទៅរៀនភាសាអង់គ្លេសជាមួយមិត្តភ័ក្ដិ និងជាមនុស្សឧស្សាហ៍ព្យាយាម ចង់ចេះចង់ដឹងនិងគេ។

សុខ ថាចឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ កម្រិតជីវភាពហាក់មានសភាពដដែល មិនមានអ្វីផ្លាស់ប្ដូរ ឬរីកចម្រើនទាល់តែសោះ។ ” យ៉ាងណាមុខរបរនេះអាចឲ្យយើងមានបាយហូប…”។
ការងារគ្រាដំបូងលាយឡំនិងភាពជួ ចត់
នៅឆ្នាំ ១៩៩៤ ជាពេលដែលកម្ពុជាចាប់ផ្ដើមរីកដុះដាលវិស័យរោងចក្រ។កាលនោះហើយ ក៏ជាពេលដែល សុខ ថាចបានស្គាល់លុយដុល្លារលើកដំបូងដែរក្នុងជីវិត។

កញ្ញា សុខ ថាច មានភ័ព្វសំណាងទទួលបានការងារជាកម្មករកាត់ដេរនៅក្នុងរោងចក្រមួយ ឈ្មោះថា ” តាក់ខ្វាត”។នាងនិយាយថា” ខ្ញុំស្រលាញ់ការងារណាស់ ខំប្រឹងធ្វើការថែមម៉ោងដើម្បីបានប្រាក់ខែច្រើន…ប្រាក់ខែគោលតែ ៤៥ ដុល្លារ……. តែខ្ញុំថែមម៉ោងបានរហូតដល់ ៩០ ដុល្លារក៏មាន”។

ក្នុងកាលៈទេសៈនោះ សុខ ថាច មិនបានគិតថាមានការងារអ្វី ដែលអាចទទួលបានប្រាក់ខែច្រើនបែបនេះទេ សម្រាប់សមត្ថភាពត្រឹមនេះ។ ហើយខ្ញុំក៏មិនដែលគិតថា ជាការងារអន់ឫទាដែរ ហើយសំខាន់ការខិតខំប្រឹងធ្វើការ នោះនឹងមានអនាគត”។

ក្រោយចំនួនរោងចក្រកាន់តែកើនឡើង នៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ក៏កើតមានសហជីពនៅតាមរោងចក្រនីមួយៗ។ ដោយមើលឃើញពីសមត្ថភាពនោះ កញ្ញាត្រូវបានគេជំរុញឲ្យធ្វើជាប្រធានសហជីពប្រចាំនៅរោងចក្រនៅ នោះ។
សុខ ថាច បានប្រាប់Sabay ថា ការដែលធ្វើជាមេសហជីពនេះ បានធ្វើឲ្យថៅកែរោងចក្របញ្ឈប់ការងារនាង។” ខ្ញុំតក់ស្លុតបំផុត និងជារឿងអាម៉ាស់លើកទី១ ដែលទើបជួប ព្រោះខ្ញុំដឹងថាខ្ញុំខំធ្វើការ មិនដែលមានបញ្ហាជាមួយអ្នកណាសោះ។”

ការឡើងតួនាទីថ្មីនៅពេលនោះនាងបញ្ជាក់ថា “ខ្ញុំបានតតាំងជាមួយអ្នកគ្រប់គ្រងរោងចក្រដោយចោទខ្ញុំថា មានបំណងបះបោរកម្មករដទៃទៀត ធ្វើបាតុកម្ម…នេះជារឿងមិនមែនជាហេតុផលសមរម្យ” ។ ការតវ៉ានេះ បានធ្វើឲ្យសុខ ថាច បានបន្តធ្វើកានៅទីនោះ ១សប្ដាហ៍ទៀត ក្រោយមកត្រូវគេបញ្ឈប់ដោយហេតុផលប្រឌិតជាច្រើន។

ក្លាយជាអ្នកទទួលភ្ញៀវ និងបោសសំអាត

បន្ទាប់ពីមានវិប្បដិសារីដែលមិនធ្លាប់មានក្នុងជីវិត និងក្លាយជាមេរៀនមិនអាចបំភ្លេចបាននោះ។ក្រោយមកសុខ ថាចត្រូវបានប្រធានសហព័ន្ធសហជីពខ្មែរ ផ្ដល់ឱកាសការងារជាអ្នកទទួលភ្ញៀវ និងបម្រើកិច្ចការមួយចំនួន ។ នាងអះអាងថា” ខ្ញុំធ្វើជា Recept ផង ជាអ្នកសំអាត លើកទឹក និងការងារកំប៉ិកកំប៉ុកជាច្រើនទៀត។ ទោះជាលំបាកកម្រិតណាក្ដីនាងនៅតែឧស្សាហ៍ព្យាយាមជាប់នឹងខ្លួន ជានិច្ចបើទោះជាមិនទាន់មានការងារជាប់លាប់ដ៏ដោយ។

រដ្ឋប្រហារ ឆ្នាំ ១៩៩៧ ជាឱកាសការងារ ថ្មីម្ដងទៀត

រដ្ឋប្រហារ ថ្ងៃ៥-៦ កក្កដាឆ្នាំ១៩៩៧ ជាពេលវេលាដែលសុខ ថាច ផ្ដើមជីវិតថ្មី ហើយសហជីពបានរីកដុះដាល ចំណែកខាងសហព័ន្ធបានប្រកាសជ្រើសរើស បុគ្គលិកបន្ថែមផ្នែករដ្ឋបាល ។

 

ដោយសារអតីតភាពការងារប្រកបដោយឧស្សាហ៍ព្យាយាម មានអត្តចរិតល្អ សហព័ន្ធសហជីពបានផ្ដល់ឱកាសនេះការងាររដ្ឋបាលនេះ ឲ្យ សុខ ថាច។ការងារនេះ គឺជាការងារដែលធ្វើឲ្យ សុខ ថាច ស្គាល់ ការលំបាក និង ភាពជោគជ័យជាមួយគ្នាដោយស្មានមិនដល់។

កញ្ញាឲ្យដឹងថា ” ខ្ញុំស្គាល់អស់ហើយការលំបាក គឺពេលនោះ ដោយសារមិនចេះប្រើកុំព្យូទ័រ …ខ្ញុំត្រូវវាយអង្គុលីលេខ ឡើងរេចដៃ ពេលមានបាតុកម្មម្ដងៗ ជូនបាយជាមួយលៀសហាលក៏មាន…”
សុខ ថាច ទទួលស្គាល់ថា ការងារក្នុងសហព័ន្ធ ជាប្រភេទការងារដែលប្រឈមមុខ គ្រោះថ្នាក់ ពេលខ្លះ មានគេគំរាមវាយធ្វើបាប រហូតដល់បាញ់ពួកខ្ញុំក៏មាន” ។

នាងបានរំលឹកថា” ធ្លាប់ជួបច្រើនហើយគេស្អប់និងស្រលាញ់ យើងធ្វើការជួយ គាំទ្រកម្មករយើង តែពេលខ្លះក៏យើងមិនអាចជួយបាន…ជាការងារដែលប្រឈមមុខនឹងការ ប្ដឹងផ្ដល់ ដោះស្រាយជម្លោះ ធ្វើបាតុកម្មសព្វបែបយ៉ាងទាំងអស់”។
សុខ ថាច បានបញ្ជាក់ថា សម្រាប់ខ្លួនដែលកើតចេញពីគ្រួសារ ក្រីក្រ ធ្លាប់ស្គាល់ការលំបាកច្រើន ដូចនេះគាត់មិនបានគិតថា ការងារទាំងនោះបានដាក់សម្ពាធមកលើខ្លួនទេ។ សំខាន់គឺត្រូវប្រកាន់ជំហរថា តាំងចិត្តធ្វើការ គ្មានអ្វីឈ្នះជាងការតស៊ូទេ”។“ខ្ញុំដល់ថ្នាក់យកបាយដូរជាមួយការ បង្រៀន កុំព្យូទ័រ…” សុខ ថាច បន្ថែម”។

តួនាទីជាប្រធានរដ្ឋបាល

បន្ទាប់ពីនេះ អតីតកម្មកររូបនេះ បានក្លាយជាប្រធានផ្នែករដ្ឋបាល ដោយទទួលបន្ទុកការងារជាច្រើនរហូតដល់មានឱកាសទៅប្រទេសក្រៅមួយ ចំនួន ដូចជា សិង្ហបុរី ម៉ាឡេស៊ី ចិន ជប៉ុន វៀតណាម ស្វីស ភីលីពីន ដើម្បីប្រជុំពិភាក្សា ទស្សនៈកិច្ចសិក្សា និងផ្លាស់ប្ដូរបទពិសោធន៍គ្នារវាងតំណាងសហព័ន្ធសហជីព ពីបណ្ដាប្រទេសជាច្រើនផ្សេងទៀត។

 

ភាពជោគជ័យពីការងារ ពីមួយថ្ងៃទៅមួយថ្ងៃមិនត្រឹមតែធ្វើឲ្យសាមីខ្លួនរីករាយពេញ ចិត្តនោះទេ តែទាំងក្រុមគ្រួសារ បងប្អូនមិត្តភ័ក្ដិទាំងអស់ពិតជាមានមោទនភាពចំពោះ នារីដ៏ពូកែម្នាក់នេះណាស់។

ស្ថានភាពគ្រួសារដល់ណាហើយ?

ទោះជាមានតួនាទីជាប្រធានរដ្ឋបាលនៅសហព័ន្ធសហជីពខ្មែរ តែអតីតកម្មកររូបនេះបានជួបបញ្ហាប្រឈមមួយចំនួនដែរនៅពេលនោះ។ អ្នកនាងថា “គ្រាន់តែភ្លើងចេះផ្ទះពីរដង…ហើយឪពុកខ្ញុំធ្លាក់ខ្លួនឈឺទៀតព្រម គ្នាទៀត ធ្វើឲ្យគ្រួសារខ្ញុំមានសភាពកាន់តែយ៉ាប់ជាងមុន”។
សុខ ថាច បន្តប្រាប់ថា នៅឆ្នាំ ១៩៩៨ ភ្លើងចេះម្ដង និងឆេះម្ដងទៀតនៅឆ្នាំ ២០០៤។ ឪពុករបស់នាង ដែលជាកម្លាំងគោលក្នុងគ្រួសារ បានធ្លាក់ខ្លួន ឈឺជំងឺសន្លាក់ តាំងពីពេលភ្លើងឆេះលើកទី១ និងរ៉ាំរ៉ៃ។

 

ចាប់បីឆ្នាំ២០០៤នោះមក សុខ ថាច រំលឹកថាប្រាក់ខែទាំងប៉ុន្មានត្រូវយកមករ៉ាប់រងចំណាយក្នុង គ្រួសារ ១០០% ដោយសារគ្រួសាររបស់នាងបានបោះបង់មុខរបរជាអ្នកទិញលក់ដែកនេះ។” ខ្ញុំសន្សំលុយធ្វើផ្ទះវិញ ព្យាបាលជំងឺឪពុក និងចំណាយផ្សេងៗក្នុងគ្រួសារ…” នាងនិយាយដូចនេះ។

ដោយមិនបញ្ជាក់ពីប្រាក់ខែដែលទទួលបាន សុខ ថាច គិតថាការងារដែលខ្លួនកំពុងធ្វើនេះ គឺល្អប្រសើរហើយ។ ភាពជោគជ័យនេះ ប្រាកដជាលទ្ធផលចេញពីការប្រឹងប្រែងធ្វើការ មិនខ្លាចនឿយហត់។
នៅឆ្នាំ ២០០៨ សុខ ថាច ត្រូវបានដំឡើងតួនាទីជាអគ្គលេខាធិការនៃសហព័ន្ធសហជីពខ្មែរ។

 

ក្នុងការឡើងតួនាទីជារឿយៗនេះ សុខ ថាច អះអាង ថា “មិនមានអ្នកណាច្រណែនឬគិតថាយើងគ្មានសមត្ថភាពនោះទេ…ផ្ទុយទៅវិញ បុគ្គលិកទាំងអស់បានពេញចិត្តនិងគាំទ្រ ជំរុញឲ្យខ្ញុំឡើងកាន់តំណែងនេះ…”។ ” ពួកគាត់ស្រលាញ់ចូលចិត្តខ្ញុំណាស់…ខ្ញុំជឿលើអំពើល្អ គឺតាំងពីដើមមក”។

ក្នុងតួនាទីកាន់តែខ្ពស់នេះ សុខ ថាច មិនដែលធ្វេសប្រហែសក្នុងការងារម្ដងណាទេ ពោលគឺដឹកនាំ បំពេញកិច្ចការ ដោយយកចិត្តទុកដាក់ និងទទួលលទ្ធផលល្អជានិច្ច។នាងនិយាយថា” ខ្ញុំបានបង្កើតបរិយាកាស ដ៏ល្អសម្រាប់បុគ្គលិកទាំងអស់ ហើយរាល់ពេលទៅប្រជុំឬទស្សនកិច្ចនៅបរទេសម្ដងៗ យើងតែងទទួលការគាំទ្រ កោតសរសើរនិងសហការគ្នាល្អជានិច្ច…”។

ជោគជ័យចុងក្រោយ

អតីតកម្មការិនីរោងចក្រដ៏ពូកែម្នាក់នេះ កំពុងទទួលជោគជ័យក្នុងការបំពេញកិច្ចការ ដោយទទួលគម្រោងថ្មីៗជាច្រើនពីប្រទេសជប៉ុន ហើយអ្វីដែលជាការនឹកស្មានមិនដល់គឺនៅ ថ្ងៃទី ១៤ ខែ កុម្ភៈ ២០១១ថ្មីៗ នេះ សុខ ថាច បានជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មការស្ត្រីរបស់ TWARO ប្រចាំនៅILO។ នាងបានបញ្ជាក់ថា “ពិតជាមានមោទនភាពណាស់…ដំបូងខ្ញុំមិនចង់ហ៊ានឈរឈ្មោះជាតំណាងទេ ព្រោះមនុស្សមានបទពិសោធន៍ច្រើននាក់ទៀត..តែដោយមានការជំរុញពី មនុស្សជាច្រើន ទើបខ្ញុំយល់ព្រម”។

 

ក្នុងតួនាទីជាប្រធានគណៈកម្មការនេះ នាងនឹងមានតួនាទីជាច្រើនទៀតដែលត្រូវបំពេញ ដូចជា ជួយណែនាំប្រឹក្សាដល់ស្ត្រី កម្មការិនី ពលករ ស្ត្រីរងគ្រោះ ណែនាំពីសុខភាព ផ្សព្វផ្សាយសកម្មភាពស្ត្រី ណែនាំពី យេនឌ័រ ស្ត្រីជាថ្នាក់ដឹកនាំជាដើម។
ទោះបីជាជោគជ័យឃើញនៅនឹងភ្នែក ស្ដែងចេញពីការព្យាយាម តស៊ូ ដ៏រឹងមាំ ក៏ នាងនៅតែគិតថាមិនទាន់គ្រប់គ្រាន់។
ចំពោះការសិក្សា កញ្ញារូបនេះ ប្រាប់ថាមិនទាន់មានគម្រោង ដោយសារជាប់រវល់នឹងកិច្ចការ។” មួយវិញទៀតខ្ញុំគិតថា សញ្ញាឃើញ វាប្រសើរជាងសញ្ញាប័ត្រ…”

សម្រាប់ សុខ ថាច មកដល់សព្វថ្ងៃនេះ មិនទាន់មានគូរស្រករទេ ដោយសារគាត់គិតថាត្រូវពង្រឹងខ្លួន ឲ្យបានរឹងមាំជាងនេះទើបគិតដល់រឿងរៀបចំគូរស្រករនេះ។

សុខ ថាច បានក្លាយជាគំរូសម្រាប់កម្មការិនីក៏ដូចជាស្ត្រីគ្រប់រូប។ កញ្ញា បញ្ជាក់ថា” កម្មការិនី ទាំងអស់ ស្ត្រីគ្រប់គ្នា ឲ្យតម្លៃខ្លួនឲ្យខ្ពស់ កុំចាំអ្នកផ្សេងឲ្យតម្លៃ…”

 

កញ្ញាជឿជាក់ថា នៅទីណាក៏នៅតែមានការរើសអើង មានអ្នកមិនឲ្យតម្លៃស្ត្រី តែក៏នៅតែមានអ្នកផ្សេងទៀតទទួលស្គាល់សមត្ថភាពស្ត្រីដែរ។ ស្ត្រីមានសិទ្ធិស្មើបុរស ស្ត្រីមានសមត្ថភាពដូចបុរស បុរសអាចធ្វើអ្វីបាន ស្ត្រីក៏អាចធ្វើបានដូចគ្នា…ខ្ញុំចង់ឲ្យស្ត្រីទាំងអស់រឹងមាំ”។ ទាំងអស់នេះជាសម្ដី របស់នារីអតីតកម្មករម្នាក់ដែលបានប្រែខ្លួនទៅជាគណៈកម្មការស្ត្រី ដែលនេះជាគម្រូល្អម្នាក់សម្រាប់នារីខ្មែរ៕

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s