គន្លឹះ ៧ យ៉ាង សម្រាប់ បង្កើន ទំនាក់ទំនង ឲ្យ បាន ល្អប្រសើរ

មាន អាកប្បកិរិយា ប្រាំពីរ យ៉ាង ដែល អ្នក អាច អនុវត្ត ដើម្បី ធ្វើឲ្យ បាន កាន់តែ ប្រសើរឡើង នៅក្នុង ការចុះសម្រុង ជាមួយ មនុស្សដទៃ។ អាកប្បកិរិយា ទាំងនេះ គឺ មានប្រយោជន៍, ប្រកបដោយ ភាពវិជ្ជមាន និង ប្រកបដោយ ភាពបរិសកម្ម។ អាកប្បកិរិយា នីមួយៗ សុទ្ធតែ អំពាវនាវ ទៅកាន់ សេចក្តីត្រូវការ នៅក្នុង អនុសតិ ដ៏ជ្រៅ នៃ មនុស្សដទៃ, អំពាវនាវ ទៅកាន់ សេចក្តីត្រូវការ នៃ ការមាន អារម្មណ៍ថា ខ្លួនសំខាន់, អារម្មណ៍ នៃការទទួលបាន នូវ ការគោរព និង ការផ្តល់តម្លៃ។ សេចក្តីត្រូវការ នៅក្នុង អនុសតិ ទាំងនេះ កើតឡើង នៅក្នុង កុមារភាព នៃ មនុស្ស គ្រប់គ្នា, ហើយ ប្រសិនបើ អ្នក អាច បំពេញ សេចក្តីត្រូវការ នេះ បាន, អ្នក នឹង ស្ញប់ស្ញែង ចំពោះ ការ ដែល មនុស្ស កាន់តែ ចូលចិត្ត អ្នក ខ្លាំងឡើង, ហើយ បើ និយាយ តាម ច្បាប់ នៃ ការខំប្រឹង តាមបែប ប្រយោល, អ្នក នឹង ស្ញប់ស្ញែង ចំពោះ ការ ដែល ខ្លួនអ្នក ចូលចិត្ត ខ្លួនឯង កាន់តែ ខ្លាំងឡើង ដែរ។

. ងាយយល់ស្រប

អាកប្បកិរិយា ទីមួយ គឺ គ្រាន់តែ ធ្វើឲ្យ ខ្លួន ងាយយល់ស្រប ប៉ុណ្ណោះ។ មនុស្ស ណា ក៏ ចូលចិត្ត នៅ ក្បែរ មនុស្ស ដែល ងាយយល់ស្រប ឬ ងាយចុះសម្រុង, ដែល ជា ប្រភេទ បុគ្គល គេ អាច ពិភាក្សា ជាមួយ នូវ រឿង ផ្សេងៗ ដោយ សេរី និង ដោយ ងាយស្រួល។ កាលណា អ្នក ងក់ក្បាល, ញញឹម ហើយ យល់ស្រប ជាមួយ មនុស្ស ដែល កំពុង តែ និយាយ មកកាន់ អ្នក, គាត់ មាន អារម្មណ៍ថា ខ្លួនគាត់ ទទួលបាន នូវ ការគោរព ផ្តល់តម្លៃ, មាន អារម្មណ៍ថា អ្វី ដែល គាត់ កំពុង និយាយ គឺ មាន សារសំខាន់, ដូច្នេះ ខ្លួនគាត់ ក៏ ជា មនុស្ស សំខាន់ ដែរ។

អាកប្បកិរិយា-ងាយយល់ស្រប បង្កើន កម្លាំងចិត្ត របស់ មនុស្សដទៃ។ អាកប្បកិរិយា-ជំទាស់ បំបាក់ កម្លាំងចិត្ត មនុស្សដទៃ។ នៅពេលណា អ្នក ជំទាស់ ឬ ឈ្លោះ ជាមួយ មនុស្ស, គឺ អ្នក កំពុងតែ ប្រកួត ជាមួយនឹង ចំណេះ ប្រាជ្ញា របស់ គេ។ អ្នក កំពុងតែ ប្រាប់ គេ ថា គេ ខុស, ថា ការវិនិច្ឆ័យ និង ការពិសោធន៍ របស់គេ ពុំមាន តម្លៃ ប៉ុន្មាន សម្រាប់ អ្នក ឡើយ។ ដូច្នេះ គេ ក៏ ពុំមាន តម្លៃ ប៉ុន្មាន ដែរ។

ការពិត នៃ ធម្មជាតិ របស់ មនុស្ស គឺ គ្មាន អ្នកណា ម្នាក់ ចូលចិត្ត ខុស ទេ, ហើយ ទោះ ពេល ខ្លះ ឃើញថា ខ្លួន ខុសទាំងស្រុង ហើយ ក៏ នៅតែ មិនព្រម ទទួល ដែរ។ ការខុស ទៅលើ រឿង អ្វីមួយ ធ្វើឲ្យ យើង មានអារម្មណ៍ថា ខ្លួនយើង ខុស។ កម្លាំងចិត្ត របស់យើង រង ការវាយដំ។  យើង មានអារម្មណ៍ ថមថយ, មិនពេញលេញ, ហើយ យើង មើលឃើញ ខ្លួនឯង ថា ទន់ខ្សោយ, អសមត្ថភាព។

នៅពេលណា អ្នក ប្រាប់ មនុស្ស ម្នាក់ ថា គាត់ ខុស, ការឆ្លើយតប ភ្លាមៗ របស់ គាត់ គឺប្រឆាំងការពារ, ក្រាញននៀល ហើយ អាច ថែមទាំង កាន់តែ ចចេស ទៀតផង។ តាមធម្មតា កម្លាំងចិត្ត របស់ មនុស្ស ពិតជា ផុយស្រួយ ណាស់, ហើយ កាលបើ មាន អ្នកណា ប្រាប់ យើងថា យើង ខុស នោះ, យើង តែង មាន ប្រតិកម្ម យ៉ាង រហ័ស ដើម្បី យាម ការពារ វា ដោយ ហ៊ាន បង់តម្លៃ គ្រប់ បែប យ៉ាង។

ចូរ ធ្វើឲ្យ ខ្លួន ងាយយល់ស្រប។ ធ្វើ ជា ប្រភេទមនុស្ស ដែល យល់ស្រប យ៉ាងងាយ ជាមួយ មនុស្សដទៃ។ ប្រសិនបើ អ្នក ក្លាយទៅជា មនុស្ស ងាយយល់ស្រប និង ជា មនុស្ស ដែល ងាយចុះសម្រុង គឺ អ្នក បង្កើត ការប្រឆាំង កាន់តែ តិច ទៅ ពី មនុស្សដទៃ ដើម្បី ឲ្យ គេ ជួយអ្នក ឬ ឲ្យ គេ ចុះសម្រុង ជាមួយ អ្នក។ យោងតាម ចំណេះដឹង របស់ អ្នក ទៅលើ ការពិត, ទោះបី ជា មនុស្ស ម្នាក់ ទៀត ខុស ទាំងស្រុង យ៉ាងណា ក៏ដោយ, អ្នក ត្រូវតែ សួរ ខ្លួនឯង ថា “តើ រឿង នេះ សំខាន់ ប៉ុណ្ណា ដែរ?” បើ មិន សំខាន់ចាំបាច់ សម្រាប់ អ្នក ទេ នោះ, ចូរ ឲ្យ វា កន្លង ផុត ទៅចុះ, ជាជាង ប្រកែកគ្នា។

ឈប់ ប្រកែកយកឈ្នះ

នៅពេល ដែល ខ្ញុំ កំពុង ធំដឹងក្តីឡើង, ខ្ញុំ បានក្លាយ ទៅ ជា មនុស្សម្នាក់ ដែល ពូកែខាង ការប្រកែកយកឈ្នះ។ ខ្ញុំ តែង ចំណាយពេល ដើម្បី សិក្សា អំពី ប្រធានបទ នីមួយៗ ដើម្បី បានដឹង ច្រើនជាង អ្នក ដែល ប្រកែក ជាមួយខ្ញុំ។ ការដឹង ច្រើន របស់ខ្ញុំ តែងតែ នាំ ឲ្យ ខ្ញុំ និយាយ យក ឈ្នះ គេឯង ស្ទើរ គ្រប់ពេលទាំងអស់។

ប៉ុន្តែ មិនជា យូរ ប៉ុន្មាន ខ្ញុំ រកឃើញថា ខ្ញុំ តែង នៅ ឯកោ។ មនុស្ស ចាប់ផ្តើម ចៀសវាង ខ្ញុំ ដូច គេ គេចពី ជម្ងឺរបេង។ ពួកគេ មិនចង់ ចំណាយ ពេល ជាមួយខ្ញុំ, ទាំងនៅ កន្លែងការងារ, និង ក្រោយពេល ការងារ។ ខ្ញុំ បាន ឈ្នះ លើ ការប្រកែកគ្នា ទាំងអស់ ប៉ុន្តែ ខ្ញុំ ក៏ បាត់បង់ មិត្តភក្តិ ព្រមគ្នា ដែរ។

ខ្ញុំ បាន បញ្ចុះបញ្ចូល និង សន្ធប់យកឈ្នះ គេ ជាមួយ នឹង ភាពឆ្លាតវៃ របស់ខ្ញុំ, ប៉ុន្តែ ខ្ញុំ បាន បាត់បង់ យ៉ាងច្រើន នូវ ញាណ ដែល សំខាន់ ជាង ពាក្យសម្តី នេះ ទៅទៀត។ ខ្ញុំ ភ្លេច សួរ ខ្លួនឯង ថា “តើ អ្វី ដែល សំខាន់ នៅ ទីនេះ?”។ ចម្លើយ គឺ, អ្វី ដែល សំខាន់ សម្រាប់ ខ្ញុំ នោះ, គឺ ខ្ញុំ ចង់ ចុះសម្រុង ជាមួយ អ្នកដទៃ។ ទំនាក់ទំនង ទើប សំខាន់, មិនមែន ឈ្នះ ការប្រកែកគ្នា នោះ ឡើយ។ អ្នក គួរតែ ប្រើ វិធី ដូចគ្នា នេះ, ហើយ ចូរ សួរ ខ្លួនឯង ជានិច្ច ថា “តើ ខ្ញុំ ចង់ត្រូវ ឬ ចង់ សប្បាយចិត្ត?” ហើយ ចូរ ជ្រើសយក ភាពសប្បាយចិត្ត ចុះ។

គោលការណ៍ ដ៏ល្អបំផុត គឺ, កាលណា អ្នក ឮ អ្នកណា និយាយ អ្វី ដែល អ្នក យល់ថា មិនត្រូវ, ចូរបណ្តោយ ឲ្យ កន្លងទៅ តាមដំណើរ ចុះ។ ប៉ុន្តែ បើ ស្ថិត នៅ ក្នុង មូលហេតុ ណាមួយ ដែល រឿង នោះ មាន សារសំខាន់ មិន អាច ឲ្យ អ្នក ធ្វើពើ បាន ទេ នោះ, អ្នក នៅតែ អាច រក្សា ភាពងាយយល់ស្រប បាន ដោយ ប្រើ វិធី ម្យ៉ាង ដែល ហៅថា “ការជំទាស់ ដោយ ភាគីទីបី”។

ការប្រើ វិធី “ជំទាស់ ដោយ ភាគីទីបី” នេះ អាច ឲ្យ អ្នក និយាយ យក រួចខ្លួន ដោយ ដាក់ ពាក្យសម្តី ទៅ លើ មនុស្សឧបមា ម្នាក់។ ឧទាហរណ៍, គូភាគី របស់ អ្នក លើកឡើង ពីគំនិត របស់ គេ ក្នុង រឿង អ្វី មួយ, អ្នក អាច និយាយ តបវិញ តាម របៀប ឧបមា នេះ ថា “គំនិត របស់ លោក ពិត ជា គួរ ឲ្យ ចាប់ អារម្មណ៍ ណាស់, ប៉ុន្តែ បើ មាន គេ សួរ សំនួរ ដូច្នេះ (________), តើ លោក គិត ឆ្លើយ ថា ម៉េច វិញ?”។ ឧទាហរណ៍ ទៀត ថា, អ្នក ធ្វើការ ជា អ្នកបម្រើ នៅ ក្នុង ភោជនីយដ្ឋាន មួយ។ អ្នក បានឃើញ អ្នករួមការងារ ធ្វើជ្រុះ ស្លាបព្រា ហើយ រើសយក មកវិញ ដោយ មិន បានលាង។ ជាជាង ស្តីឲ្យ គេ ចំ មុខ, អ្នក គួរ និយាយ ថា “អ្នក គិតទៅមើល, បើ ភ្ញៀវ បានដឹង ថា យើង ធ្វើ ដូច្នេះ, តើ គេ និយាយ យ៉ាង ម៉េច ដែរ?”។

ប្រយោជន៍ នៃ ការនិយាយ របៀប នេះ គឺ ប្រសិន បើ មនុស្ស នោះ មាន ចម្លើយ ល្អត្រឹមត្រូវ, អ្នក អាច បណ្តោយតាម ដោយ គ្មាន ការជំទាស់។ ប្រសិនបើ មនុស្ស នោះ មិនអាច ឆ្លើយ នឹង សំនួរ របស់ អ្នក ទេ, គាត់ អាច ផ្លាស់ប្តូរ គំនិត របស់ គាត់ ដោយ គ្មាន ការបាក់មុខ, ពីព្រោះ អ្នក ដែល ចោទ ជា សំនួរ នោះ, គឺ គ្មាន វត្តមាន ហើយ ក៏ គ្មាន ការពាក់ព័ន្ធ នឹង អត្តទត្ថភាព (ego) របស់ គាត់ ដែរ។

ការសម្រេចចិត្ត ក្លាយទៅជា មនុស្ស ងាយយល់ស្រប និង ជា មនុស្ស ងាយចុះសម្រុង នឹង កាត់បន្ថយ កម្រិត ភាពតានតឹង របស់ អ្នក, ហើយ ព្រមទាំង បង្កើន សមត្ថភាព សម្រាប់ ជះអានុភាព លើ អ្នកដទៃ ឲ្យ គេ ជួយ អ្នក ក្នុង រឿង អ្វី ម្យ៉ាង។ អ្នក នឹង បង្កើន កម្លាំងចិត្ត របស់ អ្នកដទៃ ហើយ ទន្ទឹមគ្នា នោះ, អ្នក ក៏ មាន អារម្មណ៍ ល្អប្រសើរ ចំពោះ ខ្លួនឯង ផងដែរ។

. ការព្រមទទួល

អាកប្បកិរិយា ទីពីរ ដែល អ្នក អាច អនុវត្ត ដើម្បី បង្កើន កម្លាំងចិត្ត របស់ អ្នកដៃ នោះ, គឺ “ការព្រមទទួល”។ មនុស្សម្នាក់ៗ ត្រូវបាន ទម្លាប់ ឲ្យ ស្វែងរក ការព្រមទទួល ពី មនុស្សដទៃ។ ទារក ចាប់ផ្តើមឡើង ដោយ ការសម្លឹងមើលទៅ មុខ របស់ ម្តាយ ឬ ឳពុក របស់ខ្លួន ដើម្បី មើលថា តើខ្លួន ត្រូវបាន ស្រឡាញ់, ចង់បាន, គោរព ផ្តល់តម្លៃ ឬ ទេ? តើ ខ្លួន មាន ភាពសំខាន់, ភាពរីករាយ, ឬ ឈ្លាសវៃ សម្រាប់ គាត់ ឬ ទេ….។ល។ និង ។ល។…. លុះ ដល់ពេល យើង ធំឡើង, យើង មើល ទឹកមុខ របស់ មនុស្សដទៃ ដើម្បី សង្កេតមើលថា ខ្លួនឯង យ៉ាងណាដែរ ចំពោះ គេ។ យើង មាន សេចក្តីត្រូវការ យ៉ាងជ្រាលជ្រៅ ចង់បាន ការព្រមទទួល ពី មនុស្សដទៃ, រួមទាំង មនុស្ស ដែល យើង ពុំដែល ស្គាល់ ផងដែរ។

ឧទាហរណ៍ថា, មនុស្ស ពីរនាក់ ជួបគ្នា, ជា លើកដំបូង ក្តី, ឬ ជួបគ្នា ក្នុង អង្គប្រជុំ បន្តបន្ទាប់ មកទៀត ក្តី, រឿងដំបូងបំផុត ដែល កើតឡើង រវាង គេ ទាំងពីរនាក់ នោះគឺ កម្រិតជាក់លាក់ នៃ ការព្រមទទួល។ យើង សម្លឹងចំ កែវភ្នែក, យើង សម្លឹងមើល ការញញឹម, យើង សម្លឹងមើល ទឹកមុខ និង សង្កេតមើល ភាសារាងកាយ របស់ មនុស្សម្នាក់ ទៀត ដើម្បី មើលថា តើ គេ មាន ការព្រមទទួល ចំពោះ យើង ហើយ រីករាយ នឹង វត្តមាន របស់យើង ដែរ ឬ ទេ។ យើង ធូរស្រាល តែ នៅពេលណា យើង មានអារម្មណ៍ ថា ត្រូវ គេ ព្រមទទួល តែប៉ុណ្ណោះ។

បញ្ហា ជាច្រើន នៅក្នុងសង្គម គឺ បង្កឡើង ដោយ ក្រុមមនុស្ស ដែល ទាមទារ ឲ្យ មនុស្សដទៃ ព្រមទទួលយក ពួកគេ ទៅតាម លក្ខខ័ណ្ឌ របស់ខ្លួន។ កាលណា យើងឈានជើងឡើង ដោយ ក្តីក្លាហាន ហើយ សម្តែង ការព្រមទទួល មនុស្សម្នាក់ទៀត ដោយ ពិតប្រាកដ និង ដោយ ឥតមានលក្ខខ័ណ្ឌ, គឺ អ្នក បង្កើនកម្លាំងចិត្ត(self-esteem) និង អត្តរូប (self-image) របស់ បុគ្គល នោះ, ហើយ អ្នក ថែមទាំង ធ្វើ ឲ្យ គាត់ មាន អារម្មណ៍ស្រាកស្រាន្ត និង មាន ក្តីសុខ ក្នុង ការនៅជាមួយ អ្នក។

គ្រាន់តែ ញញឹម!

តើ អ្នក ត្រូវ ធ្វើ អ្វី ដើម្បី សម្តែង ការព្រមទទួល? ស្រួល ទេ, គឺ អ្នក គ្រាន់តែ ញញឹម ប៉ុណ្ណោះ។ ស្នាមញញឹម ដ៏ស្អាត មួយ គឺ ត្រូវការ កម្រើក តែ ១៣ សាច់ដុំ, ១១២ សាច់ដុំ សម្រាប់ បង្ហាញ មុខក្រញ៉ូវ។ ការញញឹមយ៉ាងពិតប្រាកដ មួយ ឆ្ពោះទៅកាន់ មនុស្សម្នាក់ទៀត គឺ អាច បរិយាយ បានច្រើន។ ស្នាមញញឹម បង្ហាញ ឲ្យ គេ ដឹងថា “ខ្ញុំ ព្រមទទួល អ្នក ជា អ្នក ដោយ គ្មានលក្ខខ័ណ្ឌ”។ កាលណា អ្នក ញញឹម ដាក់ មនុស្សម្នាក់ទៀត, គាត់ កើនអារម្មណ៍ល្អ, គាត់ យល់ថា ខ្លួន មានតម្លៃ, ខ្លួន សំខាន់ ហើយ បានការ។ រីឯ ការដែលត្រូវបង់ចំណាយ សម្រាប់ អ្នក គឺ គ្រាន់តែ ការញញឹម ដ៏សាម័ញ្ញ មួយ និង ការសម្តែង ភាពកក់ក្តៅ ពិតប្រាកដ មួយ ប៉ុណ្ណោះ។

មាន ភាសិតមួយ របស់ ជនជាតិចិន និយាយថា “មនុស្សម្នាក់ ដែល មិនចេះ ញញឹម, គួរតែ កុំ បើក ហាង រកស៊ី”។ ទាំង អ្នកលក់, ទាំង ពាណិជ្ជករ និង ជន ទាំងឡាយ ណា ដែល ជីវភាព របស់ខ្លួន ត្រូវ ពឹងផ្អែកលើ ការឧបត្ថម្ភរបស់ភ្ញៀវ ឬ ការគាំទ្រ របស់ អ្នកដទៃ, ត្រូវតែ រៀនឲ្យចេះ អំពី ការព្រមទទួល នៅក្នុង ទំនាក់ទំនង របស់ខ្លួន។

ច្បាប់ បដិការ ឬ ការមានទៅមានមក (Law of Reciprocity) ចែងថា, បើ កាលណា អ្នក ញញឹម ទទួលរាក់ទាក់ គេ យ៉ាង វិជ្ជមាន, គេ នឹង ចង់ ធ្វើបដិការ ដោយ ប្រព្រឹត្តិចំពោះ អ្នក តាម របៀប ដូចគ្នា ដែរ។ ចំណុចសំខាន់ គឺ ដើម្បី ឲ្យ គេ ចូលចិត្ត អ្នក។ កាលណា មនុស្ស មាន ការចូលចិត្ត ចំពោះ អ្នក, គេ មាន ឆន្ទៈ រួមសហការណ៍ ជាមួយ អ្នក។ ចំណុច ចាប់ផ្តើម សម្រាប់ ឲ្យ មនុស្សដទៃ ចូលចិត្ត អ្នក, គឺ អ្នក ត្រូវ ចូលចិត្ត គេ។ ហើយ មធ្យោបាយ ល្អ សម្រាប់ បង្ហាញថា អ្នក ចូលចិត្ត គេ, គឺ តាម រយៈ ការ ផ្តល់ ការញញឹម កក់ក្តៅ ចេញពី ដួងចិត្ត របស់អ្នក នៅ ពេល ដែល អ្នក ជួប ជាមួយ គេ។

ពិតមែនហើយ, ការពិបាកបំផុត គឺ នៅពេល ដែល យើង គ្មានអារម្មណ៍ ញញឹម។ ប៉ុន្តែ អ្នក អាច ធ្វើចិត្ត ខ្លួនឯង ឲ្យ មាន អារម្មណ៍ ញញឹម បាន។ ទោះបីជា អ្នក គ្មាន អារម្មណ៍ វិជ្ជមាន ជាពិសេស យ៉ាងណា ក៏ ដោយ, ប្រសិនបើ អ្នក បង្ខំ ខ្លួនឯង ឲ្យ ញញឹម ពិតប្រាកដ ដាក់ មនុស្ស ដែល អ្នកកំពុងជួប បាន ត្រឹមតែ ពីរ ឬ បី នាទី នោះ, អ្នក នឹង ចាប់ផ្តើម កើត មាន អារម្មណ៍ល្អ ជាថ្មីម្តងទៀត ដែរ។ ដុំពពក នៃ ភាពអវិជ្ជមាន នឹង បែកខ្ញែក រសាយ បាត់អស់។ បន្តិចម្តងៗ, ការញញឹម របស់ អ្នក នឹង ប្រែ ក្លាយ ទៅ ជា ការញញឹម ស្មោះ ពី ដួងចិត្ត។ អ្នក នឹង បង្កើន កម្លាំងចិត្ត ខ្លួនឯង តាមរយៈ ការប្រឹងប្រែង បង្កើន កម្លាំងចិត្ត របស់ អ្នកដទៃ, ហើយ អ្នក ធ្វើ វា ឡើង ដោយ ការញញឹម។

 

About Leng kimngorn

ខ្ញុំបាទឈ្មោះឡេង គីមងន់ ភេទប្រុស ជាកូនទី4 ក្នុងគ្រួសារជនបទខេត្តកំពង់ចាម។សព្វថ្ងៃជានិសិ្សត Western University ផ្នែក គ្រប់គ្រងអាជីវកម្ម(Business Management)ចំណងចំនូលចិត្តការអានសៀវភៅទាក់ទងការអភិវឌ្ឍន៏គំនិតនិងភាពជោគជ័យក្នុងជីវិត គោលបំណងថ្ងៃអនាគតចង់ធ្វើអ្នកជំនួញខ្លាំងពូកែម្នាក់។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គន្លឹះជោគជ័យ-Success Key។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s